ក្រុមអ្នកផលិតប្រេងយល់ព្រមកាត់បន្ថយទិន្នផលប្រេងជាង១ភាគ៥

140
ចែករម្លែក

ក្រុមអ្នកផលិតប្រេងរបស់អង្គការ OPEC និងសម្ព័ន្ធមិត្តបានឯកភាពគ្នាកាត់បន្ថយទិន្នផលប្រេងជាង១ភាគ៥ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃតម្រូវការ ដែលបណ្តាលមកពីការបិទប្រទេសជាច្រើន។

OPEC និយាយថាខ្លួននឹងកាត់បន្ថយទិន្នផលប្រេងនៅខែឧសភានិងមិថុនាចំនួន ១០ លានបារ៉ែលដើម្បីជួយលើកតម្លៃប្រេងឡើងវិញ។ ការកាត់បន្ថយនេះនឹងត្រូវបន្ធូរបន្ថយបន្តិចម្តងៗរហូតដល់ខែមេសាឆ្នាំ ២០២២។

OPEC+ ដែលមានក្រុមអ្នកផលិតប្រេងរបស់ OPEC និងសម្ព័ន្ធមិត្ត រួមមានរុស្ស៊ីផងដែរនោះ បានធ្វើកិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍ទី៩មេសាតាមរយៈវីដេអូខុនហ្វើរិន។

គ្រាមុននេះ កិច្ចពិភាក្សានេះមានភាពស្មុគស្មាញដោយសារតែការខ្វែងគំនិតគ្នារវាងរុស្ស៊ីនិងអារ៉ាប់ប៊ីសាអូឌីត។

ក្រុម OPEC និងសម្ព័ន្ធមិត្តបានយល់ព្រមកាត់បន្ថយ ១០ លានបារ៉ែលក្នុងមួយថ្ងៃឬ ១០ ភាគរយនៃការផ្គត់ផ្គង់ប្រេងលើពិភពលោក។ ប្រេង ៥ លានបារ៉ែលទៀតរំពឹងកាត់បន្ថយដោយប្រទេសផ្សេងទៀត។

OPEC និយាយថាការកាត់បន្ថយនេះនឹងត្រូវបន្ធូរបន្ថយមកនៅត្រឹម ៨ លានបារ៉ែលក្នុងមួយថ្ងៃនៅចន្លោះខែកក្កដានិងខែធ្នូ។ បន្ទាប់មក ការកាត់បន្ថយនេះនឹងត្រូវបន្ធូរបន្ថយម្តងទៀតមកនៅត្រឹម ៦ លានបារ៉ែលនៅចន្លោះខែមករាឆ្នាំ២០២១ និងខែមេសាឆ្នាំ ២០២២។

តម្លៃប្រេងបានធ្លាក់ចុះខ្លាំងកាលពីខែមីនា បន្ទាប់ពី OPEC+ ខកខានមិនបានយល់ព្រមកាត់បន្ថយទិន្នផលប្រេង។

បន្ទាប់ពីកិច្ចប្រជុំកាលពីខែមីនា អារ៉ាប់ប៊ីសាអូឌីតនិងរុស្ស៊ីបានជំរុញផលិតកម្មដើម្បីរក្សាចំណែកទីផ្សាររៀងៗខ្លួន ចំពេលតម្រូវការលើពិភពលោកកំពុងធ្លាក់ចុះ។

ការណ៍នេះបាននាំឱ្យតម្លៃប្រេងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំ ចំពេលធ្លាក់ចុះតម្រូវការផងនិងផ្ទុះមេរោគកូវីដ១៩ផង។

តម្លៃប្រេងបានស្ទុះងើបឡើងវិញខ្លះចាប់តាំងពីពេលនោះមក។ កាលពីសប្តាហ៍មុន តម្លៃបានកើនឡើង ២០ ភាគរយ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំនិយាយថា លោករំពឹងអារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីនឹងបញ្ចប់ជម្លោះរបស់ពួកគេ៕ ដោយ៖ កញ្ញាដាលីស

ក្រុមអ្នកផលិតប្រេងរបស់អង្គការ OPEC និងសម្ព័ន្ធមិត្តបានឯកភាពគ្នាកាត់បន្ថយទិន្នផលប្រេងជាង១ភាគ៥