ក្រុម​អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង ​ប្រកាស​ផែនការ​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ​

629
ចែករម្លែក
លោកជីវ កត្តា

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រុម​អតីត​តំណាងរាស្ត្រ និង​អតីតមន្ត្រី​ជាន់ខ្ពស់​មួយចំនួន នៃ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​អំពី​ផែនការ​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ដែលជា​គណបក្សប្រឆាំង​នៅក្នុងពេល​ខាងមុខនេះ​។


​សេចក្តីប្រកាស​ព័ត៌មាន​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី បានបង្ហាញ​ឈ្មោះ​មនុស្ស​ចំនួន​៨​នាក់ ដែលជា​អតីត​តំណាងរាស្ត្រ និង​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងនោះ រួមមានៈ​លោក កង គឹម​ហាក់ , លោក​ជីវ កត្តា ដែលជា​អតីត​តំណាងរាស្ត្រ និង​លោក​ស៊ឹម សុវណ្ណនី ដែលជា អតីត​សមាជិក​គណៈកម្មាធិការ​នាយក​ផងដែរ​។​


​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បីនាក់​ខាងលើនេះ បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ដោយសារ​មើលឃើញ​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ​នូវ​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំងនឹង​គណបក្ស​កាន់អំណាច និង​ការបែកបាក់​យ៉ាងខ្លាំង​រវាង​ក្រុម​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នោះ ក្នុងនាម​ជា​អ្នក​ប្រជាធិបតេយ្យ​និយម និង​ជា​អ្នក​ដែលមាន​បំណង​ស្រោចស្រង់​ស្មារតី​នៃ​ការ​សាមគ្គី​គ្នា​ផ្ទៃក្នុង​របស់​ក្រុម​អ្នក​ដែលមាន​ទស្សនៈ​ប្រឆាំង​នៅ​កម្ពុជា សូម​ប្រកាស​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាបថា បន្ទាប់ពី​បាន​ចុះ​ជួប​សកម្មជន​នៅតាម​ខេត្ត​ជាច្រើន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំនេះ យើងខ្ញុំ​នឹង​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ​ដែលជា​គណបក្ស​បន្តវេន​ពី​គណបក្សប្រឆាំង​មុនៗ និង​ពី​អ្នក​ទាំងឡាយណា​ដែលមាន​ទស្សនៈ​មិន​ស្រប​នឹង​ការដឹកនាំ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​។​


​ជាមួយគ្នានេះ ក្រុម​អតីត​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកស្នេហាជាតិ​ទាំងអស់​ចូលមក​រួបរួម​កម្លាំង​គ្នា ក្នុង​បុព្វហេតុ​នៃ​ការបង្កើត​គណបក្ស​ថ្មី​នេះ ឱ្យ​ក្លាយជា​គណបក្សប្រឆាំង​ដែល​រឹងមាំ ដើម្បី​ការពារ​និង​បម្រើ​នូវ​ផលប្រយោជន៍​ជាតិ​និង​ផលប្រយោជន៍​ពិតប្រាកដ​របស់​អ្នក​ដែល​គាំទ្រ​កន្លងមក​។ គណបក្សប្រឆាំង​ថ្មី​នេះ ជា​យន្តការ​នយោបាយ​មួយ​សម្រាប់​ចរចា​ជាមួយ​គណបក្សកាន់អំណាច​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​របស់លោក កឹម សុខា ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​រាប់លាន​នាក់ និង​ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំងមូល​។​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​គាំទ្រ​ឱ្យបាន​ច្រើន​កុះករ​បំផុត​។​


​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​មិនបាន​និយាយ​អំពី​ឈ្មោះ​ទណ្ឌិត សម រង្ស៊ី ទេ​។ ប៉ុន្តែ​ប្រភព​ដែល​ស្និទ្ធ​នឹង​ការបង្កើត​គណបក្ស​ថ្មី​នេះ​បាន​ថ្លែង​និយាយថា សម រង្ស៊ី គឺជា​មនុស្ស​ដែល​គេ​លែង​គោរព​និង​ផ្តល់​តម្លៃ​ទៀតហើយ​ ដោយសារតែ​សម្តី​ប្រមាថ​ព្រះមហាក្សត្រ​, អំពើ​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​កម្ពុជា​ដែលមាន​សន្តិភាព​ធ្លាក់​ចូលក្នុង​សង្គ្រាម​សាជាថ្មី និង​ការនិយាយ​សន្យាខ្យល់​ដែល​គ្មាន​ការពិត​ណា​អាច​រំពឹង​បានទេ​៕​សរន​/Ha

លោកកង គឹមហាក់
លោកស៊ីម សុវណ្ណនី