ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បង្កើន​ទំនុកចិត្ត​ក្នុងការ​ទទួលបាន ចា​ឌិន សាន​ចូ ក្នុងតម្លៃ​១២០​លាន​ផោន​

171
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​បង្កើន​ទំនុកចិត្ត​ក្នុងការ​ទទួលបាន​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) ក្នុង​កិច្ចព្រមព្រៀង​១២០​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។
​ ​
ក្លិប​យូ​ណាយ​ធី​ត​ស្ថិតក្នុង​ទីតាំង​រឹងមាំ​ក្នុងការ​នាំយក សាន​ចូ​ត្រឡប់មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កវិញ ខណៈ​គូប្រជែង​ផ្សេងទៀត​ហាក់ដូចជា​រារែក​នឹង​តម្លៃ​ដែល​ទាមទារ​ដោយ​ក្លឹប Dortmund ។​
​ ​
សាន​ចូ ដែល​បាន​ចាក​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ចូលរួម​ជាមួយ​ក្លិប Dortmund កាលពី​ឆ្នាំ ២០១៧​នោះ ក្នុង​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​៨​លាន​ផោន​បាន​ឡើង​តម្លៃ​ខ្លួន​កប់​ពពក ហើយ​ក្លាយជា​កីឡាករ​ឆ្នើម​វ័យក្មេង​ម្នា​ក់នៅ​តំបន់​អឺរ៉ុប ដែល​គេ​ចាប់អារម្មណ៍​បំផុត​។
​ ​
ក្លិប Liverpool និង Chelsea ជា​គូប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Barcelona និង Real Madrid កំពុងតែ​តាមឃ្លាំមើល​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស សាន​ចូ ដែល​ឈានចូល​វ័យ​២០​ឆ្នាំ​កាលពី​ម្សិលមិញ​។​
​ ​
ប៉ុន្តែ​ក្លិប Liverpool និង​ក្លិប​ឆេ​ល​ស៊ី ដឹងថា ក្លិប Dortmund បាន​បដិសេធ​សំណើ​របស់​ក្លឹប យូ​ណាយ​ធី​ត ដែល​បាន​ព្យាយាម​ចុះ​កិច្ចព្រមព្រៀង សាន​ចូ កាលពី​រដូវក្តៅ​ឆ្នាំមុន​។​
​ ​
​វា​គឺជា​ការប្តេជ្ញាចិត្ត​របស់​គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា ស៊ូ​ល​ស្យ៊ែ​រ (Ole Gunnar Solskjaer) និង​នាយក​ប្រតិបត្តិ​ក្លឹប​យូ​ណាយ​ធី​ត​លោក អេ​ដ វូដ​វើដ (Ed Woodward) ដើម្បី​សម្រេច​កិច្ច ព្រមព្រៀង​នេះ បើទោះបីជា​ត្រូវ​បំបែក​ឯតទគ្គ​កម្ម​តម្លៃ​ចាស់​របស់ខ្លួន​ក៏ដោយ ក៏ត្រូវ​តែ​ធ្វើ​ដែរ​។
​ ​
តម្លៃ​ផ្ទេរ ៨៩​លាន​ផោន​ដែល​យូ​ណាយ​ធី​ត​បាន​ចំណាយ​ឲ្យ​ក្លឹប Juventus ដើម្បី​នាំយក​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ត្រឡប់មកវិញ​កាលពី​ឆ្នាំ​២០១៦​គឺ​នៅតែ​ជា​តម្លៃ​ខ្ពស់បំផុត​ដែល​ក្លិប យូ​ណាយ​ធី​ត​បាន​ចំណាយ​សម្រាប់​ការនាំយក​កីឡាករ​។ ប៉ុន្តែ​ក្លឹប​មាន​គម្រោង​បំបែក​កំណត់ ត្រា​តម្លៃ​ផ្ទេរ​នេះ ដើម្បី​នាំយក សាន​ចូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho)