ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​ពិន័យ ផូ​ល ប៉ុក​បា ដោយសារ​បង្ហោះ​រូបភាព​ឌឺដង បន្ទាប់ពី​លោក ម៉ូ​រី​ញ៉ូ ត្រូវ​បណ្តេញចេញ​

821
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​ពិន័យ​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) ដែល​បង្ហោះ​រូប​ភាពមិន​សមរម្យ​លើ​បណ្តាញ​សង្គម​ភា្ល​មៗ​បន្ទាប់ពី​ក្លិប​នេះ​បាន​បណ្តេញ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ។

​រូបភាព​របស់ ប៉ុក​បា ដែល​បង្ហាញ​ចរិត​ឌឺដង​បាន​លេចឡើង​នៅលើ​គណនី​អ៊ី​ន​ស្ត​ក្រាម (Instagram )​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ដោយមាន​សរសេរ​ចំណងជើង​រូប​ផងដែរ​។
​រូបភាព​នេះ​ត្រូវបាន​លុបចេញ​វិញ​១០​នាទី​ក្រោយ ប៉ុន្តែ​ក្រោយពេល​មាន​មនុស្ស ៦៤.០០០​នាក់​បាន​ចុច​ឡៃ​( Like) ។

​ក្រុម​គ្រូបង្វឹក​នៅ​យូ​ណាយ​ធី​ត​មិន​សប្បាយចិត្ត​ជាមួយនឹង​ការ​បង្ហោះ​រូបភាព​នេះ​ដែល​គេ​ជឿថា មានន័យ​មិនល្អ​និង​ខ្វះ​ការគោរព​។ ប៉ុក​បា ត្រូវបាន​ផ្ទេរ​ក្នុងតម្លៃ​៨៩​លាន​ផោន និង​មាន​ប្រាក់ ឈ្នួល​៣០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។

​ក្លិប​នឹង​ពិន័យ​ចំពោះ​កាយវិកា​មិន​សមរម្យ​នេះ​។ ការ​បែប​បាក់​នៃ​ទំនាក់ទំនង​រវាង​កីឡាករ បារាំង​រូបនេះ​នឹង​គ្រូបង្វឹក ម៉ូ​រី​ញ៉ូ បាន​កើតមាន​ស្ទើរតែ​ពេញ​មួយ​រដូវ​កាល​នេះ​។

​ប៉ុក​បា ត្រូវបាន​ដក​ពី​តំណែង​ជា​ប្រធាន​ក្រុម​រង​កាលពី​ខែកញ្ញា​និង​ដាក់​ឲ្យ​អង្គុយ​មើល ក្នុងឋានៈ​ជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពីរ​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។

​ភែ​ទ្រី​ស អេ​វ​រ៉ា (Patrice Evra) ជា​មិត្ត​រួម​ជាតិ​របស់ ប៉ុក​បា និង​អាច​ទទួលបាន​តួនាទី ក្នុង​ក្រុមការងារ​ថ្មី​បានសរសេរថា “​រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ធុញទ្រាន់​បំផុត​នោះ​គឺថា គ្រប់គ្នា​ហាក់ដូចជា​ផ្តោត​ការយកចិត្តទុកដាក់​លើ ផូ​ល ប៉ុក​បា និង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ ខ្លាំងពេក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba)