ខេត្តព្រះវិហារ​មិនមាន​អ្នកជំងឺ​កូ​វីដ​១៩​ទៀត​ទេ​បន្ទាប់ពី​បុរស​ខ្មែរ​២​នាក់​បានជា​សះស្បើយ​

133
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​ព្រះវិហារ​៖​ចាត់ទុកជា​ដំណឹង​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តព្រះវិហារ ដែល​នៅក្នុង​ខេត្ត​នេះ​មិនមាន​អ្នកជំងឺ​កូ​វីដ​១៩​ទៀត​ទេ​បន្ទាប់ពី​បុរស​ខ្មែរ​២​នាក់​ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​។​ក្រោយ​ពួកគាត់​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែ​មុន​មក​នោះ​។​

​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​នៅ​ថ្ងៃទី​១០​ខែមេសា ឆ្នាំ​២០២០​ថា​បុរស​ជនជាតិខ្មែរ​២​នាក់​ដែលមាន​ជំងឺ​កូ​វីដ​១៩​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​១៦​មករា​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ហើយដោយ​សារ​ពួកគាត់​បានជា​សះស្បើយ​។​

​លោក​បាន​បន្តថា បុរស​ខ្មែរ​អាយុ ៣៩​ឆ្នាំ ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ​។​នៅថ្ងៃនេះ​បុរស​ជនជាតិខ្មែរ​ម្នាក់ទៀត​អាយុ​៣៥​ឆ្នាំ​ក៏​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ដែរ​បន្ទាប់ពី​គាត់​បានជា​សះស្បើយ​ដែល​បុរស​ខ្មែរ​ទាំង​២​នេះ​រស់នៅ​ភូមិ​ឡអិដ្ឋ​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​។​
​លោក គួ​ង ឡូ បាន​គូសបញ្ជាក់ថា ទោះបីជា​ពួកគាត់​បានជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​ក៏ពិតមែន តែ​ពួកគាត់​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក្តិ​រយៈពេល​១៤​ថ្ងៃ​ទៀត​ដើម្បី​តាមដាន​សុខភាព​របស់គាត់​ហើយ​នៅថ្ងៃនេះ​ដែរ​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​កំពុង​រៀប​ចំ​ធ្វើ​ច​ត្តា​ឡី​ស័ក្តិ​កម្រិត​១​នៅ​ស្រុក​ជាំ​ក្សាន្ត​និង​ស្រុក​គូលែន​។​


​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​អនាម័យ​ក្នុង​ការរស់នៅ​ឱ្យបាន​ល្អ​ដោយ​អនុវត្ត​ឱ្យបាន​ជាប្រចាំ​និង​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​កុំឱ្យ​កើតមានឡើង​នៅក្នុង​ភូមិ​ស្រុក​ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​៕S/​