ខេត្តស្ទឹងត្រែង​ចង់​បង្កើត​មន្ទីរពេទ្យបង្អែក​ថ្នាក់ស្រុក​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​

1043
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ឆ្ងាយ​អាចនឹងទទួល​បាន​សេវាសាធារណៈ​ងាយស្រួល​និង​កាត់បន្ថយ​ពេលវេលា​យក​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ​នៅឯ​ទី​រួម​ខេត្ត​មាន​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​។​

នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងាររដ្ឋបាល​ខេត្តស្ទឹងត្រែង​ប្រចាំខែ​មិថុនា​និង​ឆមាស​ទី​១​ឆ្នាំ​២០១៩​លោក ម៉ុម សារឿន​អភិបាលខេត្ត​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​ផ្សេងៗ​នៅក្នុង​ខេត្ត​នេះ គួរតែមាន​មន្ទីរពេទ្យបង្អែក​ថ្នាក់ស្រុក​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​តំបន់​ដាច់​ស្រាល​។​

ស្រុក​ដែល​គ្រោង​ស្នើឱ្យ​មានការ​បង្កើត​មន្ទី​រ​ពេទ្យ​បង្អែក​ថ្នាក់ស្រុក​នោះ​គឺជា​ស្រុក​សៀម​ប៉ាង​ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​។​ស្រុក​សៀម​ប៉ាង​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ​ត្រូវធ្វើ​ដំណើរ​ពី​ផ្លូវជាតិ​លេខ​៧​និង​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ទើប​ដល់​ស្រុក​សៀម​ប៉ាង​។​

ពលរដ្ឋ​និង​អាជ្ញាធរ​ស្រុក​យល់ឃើញថា​ការលើកឡើង​របស់លោក​អភិបាលខេត្ត​ស្ទឹងត្រែង​គឺជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដាច់ស្រយាល​ក៏​ជា​តម្រូវ​ការដែល​ពលរ​ដ្ឋ​ចង់បាន​។​ទោះបីជា​ការលើកឡើង​នេះ​មិនទាន់​សម្រេច​ជា​ផ្លូវការ​ណាមួយ​ពលរដ្ឋ​ស្រុក​សៀម​ប៉ាង​នឹង​អរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិ​តិ​ព្រឹត្តិ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​គិតគូ​យកចិត្ត​ទុក​ដល់​ពលរដ្ឋ​។​

​លោក​ផាន់​យ៉ុ​ត​អភិបាលស្រុក​សៀម​ប៉ាង​ឆ្លើយតប​ជាមួយ​កាសែត​រស្មី​កម្ពុជា​ថា​ទាក់ទង​ទៅនឹង​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ខេត្ត​គឺជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​ហើយ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​ស្រុក​ក៏​សម្បាយ​ចិត្ត​ពី​ឆន្ទៈ​អភិបាលខេត្ត​បង្កើតឱ្យមាន​សេវាសាធារណៈ​នៅក្បែរ​ប្រជាជន​។​

លោក​អភិបាលស្រុក​សៀម​ប៉ាង​បានបញ្ជាក់​ថា​នៅ​ស្រុក​នេះ​មាន​ឃុំ​ចំនួន​៥​មាន​ពលរដ្ឋ​ជាង​៤​ពាន់​គ្រួសារ​និង​មាន​សេវា​មណ្ឌល​សុខភាព​ស្រុក​ចំនួន​២​។​បច្ចុប្បន្ន​មាន​មណ្ឌល​សុខភាព​សៀម​ប៉ាង​និង​មណ្ឌល​សុខភាព​ឃុំ​ស្រែ​សំបូរ​។​

លោ​កថា​គ្រោង​នឹង​បង្កើត​មណ្ឌល​សុខភាព​ឃុំ​ព្រែក​មាស​មួយ​ឃុំ​ទៀត​ដើម្បី​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​។​លោក​អ៊ុង​សូ​វៀត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​និយាយថា​ស្ទឹងត្រែង​មាន​មន្ទីរពេទ្យបង្អែក​ខេត្ត​រដ្ឋ​មួយ​នឹង​មណ្ឌល​សុខភាព​សរុប​ចំនួន​១៤​កន្លែង​៕S/

​ ​ ​(​រូបភាព​កិច្ចប្រជុំ​នៅ​សាលាខេត្ត​ស្ទឹងត្រែង​)​