គង​យក្ស ក្លាយជា គង​ជ័យ អាស៊ាន​-​កម្ពុជា​-​ថៃ ជា​ផ្លូវការ​ហើយ​

1863
ចែករម្លែក

​ដោយៈ​មេសា​/​ភ្នំពេញៈ គង​ជ័យ​អាស៊ាន​-​កម្ពុជា​-​ថៃ ដែលជា​គងធំ​ជាងគេ​បំផុត​នៅ​តំបន់​អាស៊ាន ត្រូវបាន​សម្ពោធ​ដាក់​តម្កល់​ជា​ផ្លុ​វ​ការ​ហើយ នៅ​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨ នេះ ដោយ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតី សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស មួយអន្លើ​ដោយ​មន្ត្រី​សង្ឃ ព្រះសង្ឃ និង ពុទ្ធបរិស័ទ​នៅ​ប្រទេស​កម្ពុជា និង ព្រះសង្ឃ​ពុទ្ធបរិស័ទ នៃ ប្រទេស ថៃ និង បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ អាស៊ាន ។

​គង​ជ័យ អាស៊ាន​-​កម្ពុជា​-​ថៃ នេះ គឺជា​ព្រះរាជតម្រិះ​ផ្តួចផ្តើម​របស់​សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស ឧបត្ថម្ភ​ថវិកា​សាងសង់​ដោយ​ពុទ្ធបរិស័ទ​ប្រទេស​ថៃ និង លោកស្រី ឧកញ៉ា បណ្ឌិត សៀង ចាន់ ហេង នៃ ប្រទេស​កម្ពុជា ។​

លោកស្រី ឧកញ៉ា បណ្ឌិត សៀង ចាន់ ហេង មានប្រសាសន៍ថា ការដាក់​ឈ្មោះថា ន​គង​ជ័យ អាស៊ាន​-​កម្ពុជា​-​ថៃ នេះ ដោយសារ យើង​ស្ថាបនា​ឡើង​ដោយមាន​កិច្ច​សាម​គ្កី​ភាព រវាង​ព្រះសង្ឃ និង ពុទ្ធបរិស័ទ នៃ ប្រទេស​កម្ពុជា និង ប្រទេស ថៃ ហើយ​សាង​ឡើង​ទុកជា​មរតក​សម្រាប់ អាស៊ាន​ទាំងមូល ដើម្បី ឧទ្ទិស​ដល់​សាមគ្គីភាព រវាង​ប្រទេស​ទាំង ១១ នៃ សមាគម​អាស៊ាន ។​

​គង​ជ័យ​អាស៊ាន​-​កម្ពុជា​-​ថៃ នេះ ត្រូវបាន​តម្កល់ទុក​នៅក្នុង​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ មានមុខ​កាត់ ៧ ម៉ែត្រ ទម្ងន់ ២.៥០០ គីឡូក្រាម ធ្វើ​ពី​លោហធាតុ​សុទ្ធ គូរ​ទៅដោយ​ក្បូរក្បាច់​យ៉ាង​ស្រស់ស្អាត ។ គង​នេះ​មាន ដោះ ចំនួន ១២ ដោយ​ដោះ​ចំនួន ១១ នៅ​ជុំវិញ ត្រូវបាន​គូរ​ទៅដោយ​រូប​ទង់ជាតិ នៃ បណ្តា​ប្រទេស​អាស៊ាន ទាំង ១១ រីឯ​ដោះ​ដែល​ធំជាងគេ​ដៅ​នៅ​ចំ​កណ្តាល គូរ​ទៅដោយ​រូប​ទង់ អាស៊ាន ។ ចំណែក​សរសរ​សម្រាប់​ព្យួរ​តាំង​គង​ជ័យ​នេះ មាន​កម្ពស់ ៩ ម៉ែត្រ ធ្វើ​ពី​បេតុង លម្អ​ទៅដោយ​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ ៕ Kh