គណបក្សនយោបាយ គួរតែ​ចាស់ទុំ និង​ធ្វើជា​ដៃគូ ក្នុងន័យ​ស្ថាបនា​!

322
ចែករម្លែក

កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញ លិខិត សម្រេច​បញ្ចប់​មុខតំណែង លោក សុខ​សុវណ្ណ វ​ឌ្ឍា​នាសា​ប៊ុង ប្រធាន គណបក្ស​ខ្មែរ​ក្រោក ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ ការសម្រេច នេះ បានធ្វើ​ឡើង តាម​ការស្នើ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ការសម្រេច​បញ្ចប់​មុខតំណែង លោក សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់​នេះ​បាន​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ក្រសួងបរិស្ថាន​បាន​សម្តែង ការសោកស្តាយ​ចំពោះ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង​ដែល ក្រសួងបរិស្ថាន លើកឡើងថា ប្រព្រឹត្ត​ទង្វើ​គ្មាន​ការ ទទួលខុសត្រូវ​និង​ភាពមិន​យល់ដឹង​អំពី​របៀប របប និង​នីតិវិធី​នៃ​ការបំពេញ​ការងារ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការងាររដ្ឋបាល​សាធារណៈ​។​

​នោះ​គឺ​កាលពី​ថ្ងៃទី​២ ខែឧសភា​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​ចុះ​បំពេញ បេសកកម្ម​នៅ ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ ( រាម ) ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា អាជ្ញាធរ បាន​ប្រើប្រាស់ អំពើហិង្សា បង្ខាំង​ពលរដ្ឋ​ពី​ចន្លោះ ៣០ ទៅ ៥០​នាក់ ជាពិសេស​ករណីនេះ ធ្លាប់មាន​ពលរដ្ឋ​ស្លាប់ ដោយ​ការ​បង្ខាំង​នេះ​ទៀតផង​។​

​ក៏ប៉ុន្តែ​ក្រសួងបរិស្ថាន ចាត់ទុក​ការផ្សព្វផ្សាយ​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ ថា​ជាការ ផ្សាយ​ព័ត៌មាន​មិន​ពិត ហើយ​ជាការ​ចុះ​បំពេញការងារ​ដោយ​មិនដឹង​ទិស​តំបន់​ដែល​មិនបាន​នាំមក នូវ​ផលប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​បង្កើន​នូវ​ភាពអនាធិបតេយ្យ និង​ជាការ​លើកទឹកចិត្ត​ដល់​ជនល្មើស​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទៅវិញ​ទេ​។​
​ ​
​ក្នុង​សេចក្តីប្រកាស ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា «​ចរិត​ក្រអឺតក្រទម និង​ការប្រើ ប្រាស់​ពាក្យ សម្តី​ប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ភស្តុតាង​ច្បាស់លាស់​របស់​ប្រធាន ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក មកលើ​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​មាន​សមត្ថកិច្ច គឺ​មិន​ស័ក្តិ​សមជា អ្នកមាន​សមត្ថកិច្ច និង​ជា​ដៃគូ​រាជរដ្ឋាភិបាល ចុះ​បំពេញបេសកកម្ម​នោះទេ​»​។​

​យ៉ាងណាក៏ដោយ ចំពោះ​ការសម្រេច​បញ្ចប់​មុខតំណែង លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នាពេលនេះ មិនទាន់​ដឹងថា តើ​គណបក្ស ខ្មែរ​ក្រោក នៅតែមាន​ប្រតិភូ នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ទៀត ឬ​យ៉ាងណា នោះទេ​?
​ ​
​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ត្រូវបាន​ព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ជាមួយនឹង​ប្រធាន​គណបក្សនយោបាយ ១៥​ផ្សេងទៀត ដែល​បាន ចូលរួម​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៨​។

​ក្នុង​គណបក្ស​មួយ​មាន​តំណាង​បី​រូប ជា​ប្រធាន អនុប្រធាន និង​លេខាធិការ ដើម្បី​ចូលរួម​នៅក្នុង ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។​

​ការសម្រេច​បញ្ចប់​មុខតំណែង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នាពេលនេះ គឺជា​ករណី​ទី​២​ហើយ ចាប់តាំងពី​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨​។

​កាលពី​ខែមេសា ឆ្នាំ​២០១៩ ប្រធាន​គណបក្ស សាធារណរដ្ឋ ប្រជាធិបតេយ្យ លោកស្រី សុខ​រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ត្រូវ​តុលាការ ចាប់ឃុំខ្លួន ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ប្រជាពលរដ្ឋ ទៅ​ទន្ទ្រាន​យក​ដី នៅ​តំបន់​ឧទ្យាន​ជាតិ គូលែន ភ្នំ​ទេព ក្នុង​ខេត្តព្រះវិហារ​។

​ភ្លាមៗ កាលណោះ លោកស្រី សុខ​រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ត្រូវបាន​លុបឈ្មោះ​ចេញពី​សមាជិក ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។ គណបក្ស សាធារណរដ្ឋ ប្រជាធិបតេយ្យ បាន​ផ្លាស់ ប្តូរ​អ្នកថ្មី ដាក់ជំនួស​លោកស្រី សុខ​រ័ត្ន​សុវណ្ណ​បញ្ចៈ​សីលា ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បន្ត​ដល់​សព្វថ្ងៃ​។​

​ដូច្នេះ​ឆ្លងតាម​ករណី​របស់លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក គួរតែ​គណបក្សនយោបាយ​ជា​ដៃគូ​រាជរដ្ឋាភិបាល បង្កើន​ភាពចាស់ទុំ​ខាង​នយោបាយ និង​ធ្វើជា ដៃគូ​របស់​រាជរដ្ឋាភិបាល ក្នុងន័យ​ស្ថាបនា «​រួម​គិត រួមគ្នា​ដោះស្រាយ​» ព្រោះ​ចូរ​កុំភ្លេចថា គោលបំណង​នៃ​ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែលជា​គណបក្ស ដែល​បាន​ចូលរួម​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៨ គឺ​ដើម្បី​ឲ្យ​គណបក្ស​ដែល​មិន​ជាប់ឆ្នោត​ទាំង អស់នេះ មានឱកាស​ចូលរួម​បម្រើ​ប្រទេសជាតិ ហើយ​លើក​ជូន​ប្រមុខ​រាជរដ្ឋាភិបាល នូវ​ភាព​អសកម្ម​នានា ក្នុងសង្គម​ជាតិ​យើង​។​

​ប៉ុន្តែ​បើ​ករណី​គណបក្ស​ជា​ដៃគូ មិន​ច្បាស់​ខ្លួនឯង ហើយ​ចេះតែ​លើកឡើង​ប៉ាតណា ប៉ាតណី ខុស​ការពិត ធ្វើការ​ដោយ​លំៗ នោះ​មិន​ត្រឹមតែ​មិនអាច​បម្រើ​ប្រទេសជាតិ​មិនអាច​ជួយ​រាជ​រដ្ឋា ភិ​បាល​ទេ តែ​បែរជា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លួនឯង និង​បាត់បង់​ទំនុកចិត្ត​ពី​មហាជន​ទៅវិញ​ទេ​៕ ដោយ​: ម៉េង​ឆៃ​