គណបក្ស​ធម្មាធិបតេយ្យ​: “​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បោះឆ្នោត​ធ្វើបាន​ត្រឹមត្រូវ​”

864
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បាន​ថ្លែងថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្វើបាន​ត្រឹមត្រូវ មិនមាន​អ្វី​ខុសឆ្គង​ទេ អាច​ទទួលយកបាន​។ គ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត​លើក​នេះ មានការ​ល្អប្រសើរ​ជាង ២០​ឆ្នាំមុន​។

លោកស្រី​បាន​បញ្ជាក់ថា “​ការបោះឆ្នោត និង​លទ្ធផល​បោះឆ្នោត ខ្ញុំ​ទទួលយកបាន ពីព្រោះ​ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​តាមដាន ខ្ញុំ​ចង់​ឈ្នះ​ដែរ ហើយ​ប្រជាពលរដ្ឋ​គាំទ្រ​ខ្ញុំ​បាន​ជិត​មួយ​អាសនៈ​ដែរ ចឹ​ង​វា​សមរម្យ​ណាស់ ដែល​អាច​ទទួលយកបាន​”​។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាល​រសៀល​ពីថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ រហូតដល់​បញ្ចប់​ស្ថាពរ នៅ​សាលសន្និសីទ​គ​.​ជ​.​ប ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​។​

​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នេះ ត្រូវបានចាត់តាំង​ជា ៤​ក្រុម​ធំៗ រួមមានៈ ក្រុម​សម្រួល​ថ្នាក់កណ្តាល ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ក្រុម​កំណត់​បែងចែក​អាសនៈ និង​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​។ ដោយឡែក​ក្រុម​ត្រួតពិនិត្យ​ឡើងវិញ ត្រូវបាន​បែងចែក​ជា​៥​ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕ ល​