គណៈបញ្ជាការឯកភាព ខណ្ឌ ប្ញស្សីកែវ ឃាត់ខ្លួន អ្នកលក់ ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់ម្នាក់

158
ចែករម្លែក

ដោយៈ សាវរក្ស:ភ្នំពេញៈ ដោយទទួលបានបទបញ្ជាពលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ រួមទាំងក្រុមការងារ កាលពីម៉ោង៦ព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានចុះទៅដល់ទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 និងឃាត់ខ្លួនយកមកសាកសួរនៅចំណុចផ្ទះជួល លេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដោយមានការការចូលរួមសម្របសម្រួលពី លោក ស៉ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ អធិការរងខណ្ឌ មន្ត្រីនគរបាលខណ្ឌ-សង្កាត់ និងតំណាងអាជ្ញាធរសង្កាត់ គីឡូម៉ែត្រលេខ៦ បានចុះទៅដល់ទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹង​ការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ដោយមាន​ឈ្មោះ វ៉ា វួចគៀង ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធ​អនឡាញ ជាម្ចាស់ផ្ទះជួល។ ឈ្មោះ វ៉ា វួចគៀង បាន ប្រើប្រាស់ page facebook មានឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

ជាលទ្ធផល គណៈបញ្ជាការឯកភាពខណ្ឌ រកឃើញថា ៖ ឈ្មោះ វ៉ា វួចគៀង បានរៀបរាប់ថា ខ្លួនគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មដើម្បី​លក់ឧបករណ៍ខាងលើនេះឲ្យឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅ​សហរដ្ឋអាមេរិក តែប្រសិនបើមានអ្នកកម្មង់ទិញ ខ្លួននឹង chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលអីវ៉ាន់យកមកលក់បន្ត។ ប៉ុន្តែជាក់ស្ដែង ឈ្មោះ វ៉ា វួចគៀងនេះ ពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ។

បច្ចុប្បន្ននេះ អធិការដ្ឋាននគរបាលខណ្ឌ បាននាំខ្លួន អ្នកលក់តាមប្រព័ន្ធអនឡាញ​រូបនេះ ទៅកាន់អធិការដ្ឋាន ដើម្បីសួរនាំបន្តទៀត និងកសាងសំណុំរឿងតាម​នីតិវិធី៕/Ha