គម្រោង​នៃ​ការ​ចេញទៅ​ហាត់ នៅក្រៅ​ប្រទេស​ទាំងអស់ ត្រូវ​លុបចោល​

117
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្នុងខណៈដែល​រោគ​កូ​វីដ​-១៩ នៅតែ​បន្ត​ញាំញី ពិភពលោក​នោះ សម្រាប់​កម្ពុជា រាល់​ការ​ចេញទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស​ទាំងអស់ ត្រូវបាន​លុបចោល​តែម្ដង ។​

​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (Camsoc) លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ប្រសិនបើ​យើង នៅតែ​រឹងទទឹង បញ្ជូនទៅ​ហាត់ នៅក្រៅ​ប្រទេស​នោះ ក៏​គេ​បិទទ្វារ មិន​ឲ្យ​យើង​ចូល​ដែរ ព្រោះ​ពេលនេះ រោគ​ផ្លូវដង្ហើម ប្រភេទ​ថ្មី​នេះ នៅ​មិនទាន់​បញ្ឈប់ ការ​រាតត្បាត ពិភពលោក​នៅឡើយ​ទេ ។​

​សម្រាប់​ប្រភេទ​កីឡា​កាយសម្ព័ន្ធ លោក ណ​យ ផា​ណា មាន​គម្រោង​បញ្ជូន​កីឡាករ​វ័យក្មេង ទៅ​ហាត់​នៅ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន តែ​ពេលនេះ ពួកគេ​ត្រូវ​ហ្វឹកហាត់ នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ទៅតាម​កម្មវិធី ដែល​លោក​បញ្ជូនទៅ​ឲ្យ បើ​យើង​មិន​ឲ្យ​ពួកគេ ហ្វឹកហាត់​ទេនោះ ពួកគេ នឹង​បាត់បង់​នូវ​គុណ​ផល (Performance) របស់ខ្លួន​ជាមិនខាន ។​

លោក វ៉ា​ត់ ចំរើន​

​លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​បន្តថា យើង​លុបចោល រាល់​ការ​ចេញទៅ​ហាត់ នៅក្រៅ​ប្រទេស​មែន តែ​យើង​បាន​ប្រាប់ ទៅ​សហព័ន្ធ​ជាតិ​នីមួយៗ ដោយ​ឲ្យ​គ្រូបង្វឹ្ក​ក គ្រូ​ជំនួយ ផ្ដល់​កម្មវិធី​ហ្វឹកហាត់ ដល់​ពួកគេ ដោយ​គ្រូ​បន្ត​តាមដាន នូវ​ការហ្វឹកហាត់ ទាំងនោះ ឲ្យ​បាន​ហ្មត់ចត់ ។ ពួកគេ បើ​ចង់​រក្សាបាន នូវ​គុណ​ផល​កីឡា របស់ខ្លួន គេ​ត្រូវតែ​ហ្វឹកហាត់ ដោយស្មោះ​ត្រង់ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡា វាយ​កូនឃ្លី​លើ​តុ​កម្ពុជា ដែលមាន​គម្រោង បញ្ជូន​កីឡាករ កីឡាការិនី របស់ខ្លួន ទៅ​ហាត់​នៅ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ នោះ ក៏​សម្ដែង​នូវ​ការខកចិត្ត យ៉ាងខ្លាំង​ដែរ ។ លោក ស៊ុន សុទ្ធា​រិ​ទ្ធ ដែលជា​អគ្គលេខាធិការ នៃ​សហព័ន្ធ​នេះ បាន​មានប្រសាសន៍ថា យើង​នឹង​ឆ្លៀត​ប្រើ​ពេលវេលា ហ្វឹកហាត់ ក្រៅ​ការជួបជុំ​គ្នាច្រើន ដើម្បី​កុំ​ឲ្យ​គុណ​ផល​កីឡា ស្រុតចុះ​ខ្លាំងពេក ។​

​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ I.T F (International Taekwondo Federation) កម្ពុជា​ដែលមាន​គម្រោង​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន​ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការ​នានា នៅក្រៅ​ប្រទេស​នោះ ក៏មាន​ការខកចិត្ត​ដែរ ដោយសារ​ប្រទេស ជា​ម្ចាស់ផ្ទះ បាន​លុបចោល ឬ លើក​ពេល​នៃ​ការប្រកួត ។​

​លោក​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ទទួលស្គាល់ថា គ្មានអ្វី​ដែលជា​ជម្រើស​ល្អ ជាង​ការហ្វឹកហាត់ ដោយ​ខ្លួនឯង ឲ្យ​បាន​ខ្លាំង​នោះទេ ។ ដំណាក់កាល​នេះ មានតែ​ការហ្វឹកហាត់ ដោយស្មោះ​ត្រង់ តាម​កម្មវិធី ដែល​គ្រូបង្វឹក គ្រូ​ជំនួយ ដាក់​ឲ្យ​តែប៉ុណ្ណោះ ៕v