គុនខ្មែរ និង ការប្រណាំងម៉ូតូទឹក ត្រៀមឡើងឆាកលក្ខណៈអន្ដរជាតិ ដើម្បី អបអរបុណ្យសមុទ្រខាងមុខនេះ

249
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំការប្រកួតកីឡាពីព្រលឹម ទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីប្រដាល់គុនខ្មែរអន្ដរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រ កាលពីល្ងាចមិញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏ដូចជាផ្ដល់នូវទស្សនិយភាព និងភាពសប្បាយជូនភ្ញៀវជាតិ និងអន្ដរជាតិ ។

លោកថា ក្នុងចំណោមកីឡាជាច្រើនប្រភេទ គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតលក្ខណៈ អន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក។ ចំពោះប្រដាល់គុនខ្មែរអន្ដរជាតិ នឹងមានការចូលរួមពីកីឡាករ-កីឡាការិនីមកពី ៨ប្រទេសឯណោះ ។ ឯកីឡាមហាជនមានដូចជាការរត់កម្សាន្ដ និងជិះកង់ជាដើម។ ហើយកីឡាប្រពៃណី គឺមានការប្រកួតអុកចត្រង្គ ដែលប្រជុំដោយជើងខ្លាំងទូទាំងប្រទេស។ មិនតែប៉ុណ្ណោះ ក៏មានការប្រកួតបុរសខ្លាំងផងដែរ។

លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បានបន្ថែមថា សម្រាប់ប្រដាល់គុនខ្មែរអន្ដរជាតិ នឹងត្រូវរៀបចំក្រោមស្ដង់ដារមួយ ដែលឆ្លងកាត់ការវាស់ស្ទង់កម្រិតសមត្ថភាពត្រឹមត្រូវ មុននឹងផ្គូរផ្គង់ ។ កីឡាករ-កីឡាការិនីទាំងអស់មាន ១៩គូ ដែលត្រូវប្រកួតរយៈពេល ៣ថ្ងៃ ហើយក្នុងមួយថ្ងៃ ក៏មានគូអន្ដរជាតិយ៉ាងតិច ២គូ រវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេសទៀតផង ។ លោករំពឹងថាកម្មវិធីនេះ នឹងក្លាយជាផ្នែកមួយ ធ្វើឲ្យពិធីបុណ្យសមុទ្រកាន់តែទាក់ទាញថែមទៀត។

ដោយសារការប្រកួតនេះ គឺជាលក្ខណៈអន្ដរជាតិ ហើយអាចមានការចូលរួមទស្សនាច្រើនពីភ្ញៀវជាតិ-អន្ដរជាតិ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្នើឲ្យអាជ្ញាកណ្ដាល និងចៅក្រម បង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការវិនិច្ឆ័យ ដើម្បីផ្ដល់នូវយុត្តិធម៌សម្រាប់អ្នកចូលរួម ពិសេសកីឡាករបរទេស ដើម្បីធានាបាននូវកិត្តិយសជាតិ ក៏ដូចជាសេចក្ដីថ្លែថ្នូររបស់គុនខ្មែរ៕B/