គ្រាន់តែចម្រៀងមួយបទ ប្តីកាប់ ប្រពន្ធរងរបួសធ្ងន់

240
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ព្រោះតែប្រពន្ធសុំឱ្យប្តីចាក់បទចម្រៀងតាមទូរស័ព្ទ ហើយប្តីមិនព្រមក៏កើតជាទំនាស់អំពើហិង្សាកាប់ប្រពន្ធខ្លួនរងរបួសធ្ងន់សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២០ជិតភ្លឺ។

អំពើហិង្សាគួរឱ្យភ្ញាក់ផ្អើលមួយនេះ កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី នៅចំណុចខារ៉ាអូខេ ស្តូបសពយុទ្ធជន ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បាន យកកាំបិតតាំងតោមកកាប់ប្រពន្ធឈ្មោះ ថូ សុខណា អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ បើកខារាអូខេ បណ្តាលឲ្យរងរបួសធ្ងន់ និងកូនឈ្មោះ ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្សរងរបួសធ្ងន់ដេរច្រើនថេរ ដោយត្រូវបានដឹកជញ្ចូនសង្គ្រោះមកព្យា បាល នៅមន្ទីរពេទ្យខេត្តភ្លាមៗ។

បន្ទាប់ពីធ្វើសកម្មភាពល្មើសរួច បុរសជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង តាមឃាត់ខ្លួនបាននៅ ចំណុចផ្លូវលេខ ៤៨ ប៉ុស្តិ៍តាតៃក្រោម ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា យោងតាមការសួរចម្លើយ ជនសង្ស័យ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានឲ្យប្តីចាក់ បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមអោយចាក់បទនោះទេ ព្រោះតែម្តាយទើបតែស្លាប់នាំឲ្យពិបាកចិត្តហើយយំ តែប្រពន្ធនៅតែចាក់ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រើអំពើហិង្សា។

បច្ចុប្បន្ននេះ ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕B/