គ្រឿងអលង្ការ​របស់​អ៊ី​ម៉ែ​ល​ដា ម៉ាកូ​ស នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​ក្រោយ​ទទួល​ការអនុញ្ញាត​ពី​ប្រធានាធិបតី​

746
ចែករម្លែក

​គ្រឿងអលង្ការ​របស់​ជំទាវ​របស់​សព​អតីត​ប្រធានាធិបតី ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស​ដែល​ល្បីល្បាញ​ខាង​ចំណាយ​លើ​ស្បែកជើង​ជាង​១​ពាន់​គូ​កាល​ពី​ស្វាមី​របស់​លោ​ស្រី​ស្ថិតនៅក្នុង​អំណាច​​នោះ នឹង​ត្រូវ​ដាក់​លក់​ដេញថ្លៃ​ដើម្បី​យកប្រាក់​ចូល​ហិប​រដ្ឋ នេះ​បើ​តាម​អ្នកនាំពាក្យ​ប្រធានាធិបតី​បាន​ប្រាប់អោយដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ឧសភា​។​

​អង្គភាព​ប្រមូល​ទ្រព្យ​របស់​រដ្ឋ​មក​វិញ​នេះ បាន​ស្វះស្វែង​សុំ​ការយល់ព្រម​ពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ដើម្បី​លក់​មួយឈុត​ក្នុងចំណោម​គ្រឿងអលង្ការ​៣​ឈុត​ដែល​រដ្ឋ​បាន​​រឹបអូស​យក​កាលពី​៣​ទសវត្សរ៍​មុន ក្រោយ​ការធ្លាក់​ពី​តំណែង​របស់​ស្វាមី​លោកស្រី អ៊ី​ម៉ែ​ល​ដា ម៉ាកូ​ស ។​

​អ្នកនាំពាក្យ​លោក សាល់​វ៉ាឌ័​រ ប៉ាណេ​ឡូ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​តូ​ក្យូ កន្លែង​ដែល​លោក​ឌុយ​ទែត​កំពុង​ធ្វើ​ទស្សនកិច្ច​ថា​« ខ្ញុំ​បាន​សួរ​លោក​ឌុយ​ទែត ថា​តើ​លោក​អនុ​​ញ្ញាត​អោយ​លក់​ឬ​? លោក​បាន​និយាយថា “​បាទ​” បើ​ប្រាក់​បានមកពី​ការលក់​នឹង​ចូល​ក្នុង​ហិប​ប្រាក់​រដ្ឋ​»​។​

​គ្រឿងអលង្ការ​ដែល​រឹបអូស​យក​នៅ​កោះ​ហា​វ៉ៃ កន្លែង​ដែល​ប្តី​ប្រពន្ធ​នេះ​បាន​រស់នៅ​និរទេស​ខ្លួន​នោះ រួម​មាន​ត្បូង​ទម្ងន់​២៥​កា​រ៉ា​ត ដែល​ក្រុមហ៊ុន​ដេញថ្លៃ​មួយ​កាលពី​ឆ្នាំ​២០១៥​បាន​អះអាង​ថា​វា​អាច​លក់បាន​៥​លាន​ដុល្លារ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​កន្លងមក​បាន​ព្យាយាម​ដាក់លក់​ដេញថ្លៃ​គ្រឿងអលង្ការ​នេះ តែ​លោក​ស្រី​អ៊ី​ម៉ែ​ល​ដា ម៉ាកូ​ស ដែល​បច្ចុប្បន្ន​វ័យ​៨៩​ឆ្នាំ បាន​ប្រឆាំង​ជំទាស់​។​គ្រឿងអលង្ការ​៣​ឈុត​នេះ ត្រូវបាន​រក្សា​ទុក​ក្នុង​ទូរ​ដែក​នៃ​ធនាគារកណ្តាល និង​វា​មាន​តំលៃ​ប្រមាណ​៦​លាន​ដុល្លារ​។​

​អ៊ី​ម៉ែ​ល ប្រហែល​ជា​ល្បីឈ្មោះ​ដោយសារ​តែ​បាន​បន្សល់ទុក​ស្បែកជើង​ថ្លៃៗ​ជាង​១​ពាន់​គូ នៅពេល​គ្រួសារ​លោក​ស្រី​ភៀសខ្លួន​ពី​ប្រទេស​ទៅកាន់​កោះ​ហា​វ៉ៃ ក្រោយ​ពី​បដិវត្តន៍​ប្រជាជន​​ទម្លាក់​ប្តី​របស់​លោកស្រី​នៅ​ឆ្នាំ​១៩៨៦​។​ក្រោយ​ស្វាមី​របស់​លោកស្រី​ស្លាប់​នៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​១៩៨៩ គ្រួសារ​ម៉ាកូស​ត្រូវបាន​អនុញ្ញា​ត​អោយ​ចូល​ស្រុក​និង​វិល​ចូល​ឆាកនយោបាយ​​វិញ​ដោយ​សមាជិក​គ្រួសារ​នេះ​មួយ​ចំនួន​បាន​ជាប់ឆ្នោត​កាន់តំណែង​សាធារណៈ​៕​ដោយ​៖​វាសនា​