គ​.​ជ​.​ប​. បង្កើត​កម្មវិធី​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត តាម ហ្គូ​ហ្គ​ល ម៉េ​ប​

1865
ចែករម្លែក
  • 6
    Shares

ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ ដើម្បី​កាន់​តែមាន​ភាពងាយស្រួល​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ផលិតកម្ម​កម្មវិធី​គ្រប់គ្រង និង​ការស្វែងរក​ផែនទី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត តាម​ផែនទី​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយ​បានដាក់​ឲ្យ​ដំណើរការ​តាមរយៈ​គេហទំព័រ www.pollingstation.org.kh នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នេះ​តទៅ​។​

​គ​.​ជ​.​ប​. បានប្រកាស​នៅ​ថ្ងៃទី​១៣ ខែកក្កដា ថា កម្មវិធី​នេះ អនុញ្ញាត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូល​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត ក្នុង​ផែនទី​ប្រទេស​កម្ពុជា ដែលមាន​រក្សាទុក​ក្នុង ហ្គូ​ហ្គ​ល ម៉េ​ប (Google Map) បាន​យ៉ាង​ឆាប់រហ័ស តាម​ប្រព័ន្ធ​អ៊ិន​ថឺ​ណិ​ត សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​
​ជាមួយគ្នា​នោះ ក្នុង​សេចក្តីប្រកាស គ​.​ជ​.​ប​. ក៏បាន​ណែនាំ​ពី​របៀប​ប្រើប្រាស់​កម្មវិធី​នេះ ដោយ​លោកអ្នក​ចូល ទៅ​កាន់​គេហទំព័រ www.pollingstation.org.kh ដើម្បី​ស្វែងរក​ទិន្នន័យ​តាមរយៈ​ការជ្រើសរើស ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និង​រាជធានី ខេត្ត ឬ​ស្វែងរក​ទីតាំង​តាម​ផែនទី Google Map ដោយ​ចុច​តាម​និមិត្តសញ្ញា​សម្គាល់​ទីតាំង​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត ទាំង ២៥​។​

​គ​.​ជ​.​ប​. បានប្រកាស​បន្ថែមថា យោងតាម​លទ្ធផល​ផ្លូវការ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះ ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រជា ពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត មាន​ចំនួន ៨.៣៨០.២១៧ នាក់ ( www.necelect.org.kh/content/2865 )​។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ អាច​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ​ពាក់ព័ន្ធ​របស់ខ្លួន​លើ​គេហទំព័រ www.voterlist.org.kh ផងដែរ​៕ MN