គ​.​ជ​.​ប កំណត់​ថ្ងៃ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចាប់ពី​ថ្ងៃទី​៧-២៧ ខែកក្កដា​

1622
ចែករម្លែក
សកម្មភាពគណបក្សប្រជាជនកម្ពុជាឃោសនាបោះឆ្នោត កាលពីឆ្នាំកន្លងទៅ (រូបភាព ៖ ឯកសារ)

​ដោយ : មុនី​រ័ត្ន​​/ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដ​ដឹងថា ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​រប​ស់គ​.​ជ​.​ប នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ដើម្បីឱ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​អាច​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ស្មើភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​គោលការណ៍​ចំនួន​២ នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៨ រួមមានៈ គោលការណ៍ សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការរៀបចំ​កម្មវិធី​សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ​ក្នុងអំឡុង ពេល​ឃោសនាបោះឆ្នោត​គោលការណ៍ សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​គណបក្ស នយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។ ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​គោលការណ៍​ទាំងពីរ​ខាងលើ​បាន​ជោគជ័យ គ​.​ជ​.​ប នឹង​បង្កើត​គណៈកម្មការ​សម្របសម្រួល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។

​គ​.​ជ​.​ប បាន​បន្តថា អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​បំណង​រៀបចំ​កម្មវិធី សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​គណបក្សនយោបាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ដែលមាន​បំណង​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្សនយោបាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត អាច​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សម្របសម្រួល គ​.​ជ​.​ប មុននឹង​ចាប់ផ្តើម​ដំណើរការ ៕​B