ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​លួច​តម្លើង​ប្រព័ន្ធ Internet សង្ស័យ​ដើម្បី​បម្រើ​ឲ្យ​ការចាប់​ជំរិត នៅក្នុង​សណ្ឋាគារ «​ត្រា​នី​កា​» ក្រុង​តាខ្មៅ​

1334
ចែករម្លែក

(​កណ្តាល)​: បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្ដាល ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន ខណៈដែល​ប៉ុនប៉ង​លួច​តម្លើង​ប្រព័ន្ធ Internet ដើម្បី​តេ​ទៅ​ក្រៅប្រទេស​ដែល​មិនបាន​បង់​ជូន​រដ្ឋ និង​សង្ស័យ​សម្រាប់​បម្រើ​ឲ្យ​ការចាប់​ជំរិត ។ ការឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ខាងលើ សមត្ថកិច្ច​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​លេខ​៣០៦ ជាន់​ទី​៣ នៃ​សណ្ឋាគារ «​ត្រា​នី​កា​» ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​សមត្ថកិច្ច​ឱ្យដឹងថា ជនជាតិ​ចិន​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ឈ្មោះ ZHU CHULE អាយុ​៣១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ G-51567813 ដោយ​ក្នុងនោះ​ដកហូត​បាន ឧបករណ៍​បន្ទះ​ស្តើង ក្នុង​០១​បន្ទះ មាន​អង់​តែ​ន​, ឧបករណ៍​មាន​ភ្លើង​ទទួល​ខ្សែ ពី​បន្ទះ​ស្តើង​, ឧបករណ៍ ម៉ាក Kingtel, ម៉ូតូ​០១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1R-2104​។​

បើតាម​ការរៀបរាប់​ពី មេការ​សណ្ឋាគារ​បំភ្លឺថា ជនជាតិ​ចិន​ខាងលើ​បាន​ជិះ​ម៉ូតូ ម៉ាក Click ពណ៌​ឈាមជ្រូក មក​ជួល​សណ្ឋាគារ​ត្រា​នី​កា បន្ទប់​លេខ​៣០៦ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១៖៣០​នាទី​។ លុះដល់​ម៉ោង​០៤៖១៧​នាទី ជនសង្ស័យ​ខាងលើ បាន​ចាកចេញ​ដោយ​មធ្យោបាយ​ដដែល ហើយ​មិនបាន​ត្រឡប់មកវិញ​ឡើយ​។​

​សមត្ថកិច្ច​បន្ថែមថា ដោយ​បានទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ដឹកនាំ​ដោយ លោក​អធិការនគរបាល​ក្រុង​តាខ្មៅ បាន​ចុះ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​បន្ត តាមឃ្លាំមើល ជាមួយ​មេការ​សណ្ឋាគារ ត្រា​នី​កា​។ លុះ​វេលា​ម៉ោង ០៧៖០០​នាទី នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ បាន​វិលត្រឡប់​ចូលមក ដល់​សណ្ឋាគារ​វិញ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ឆែកឆេរ​បន្ទប់​ចាប់យក​វត្ថុតាង ឧបករណ៍​ពាក់ព័ន្ធ ហើយ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ លីន​ណា​