ឃាត់​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​គាស់​ផ្ទះ និង​លួច​យក​ទ្រព្យសម្បត្តិ​

793
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​១ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ក្រោយពី​ត្រួតពិនិត្យ​រកឃើញ​វត្ថុតាង​ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​គាស់​ផ្ទះ និង​លួច​យក​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​។ ការឃាត់ខ្លួន​នេះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​

​បើតាម​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​១ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បាន​ខាងលើនេះ ទី​១​មានឈ្មោះ រស់ វិចិត្រ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥២​បេ ផ្លូវ​១២៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។ ទី​២​ឈ្មោះ ចាន់ វណ្ណឌី ហៅ​ទុយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន និង​ជនសង្ស័យ​ទី​៣​ឈ្មោះ ហេង សុភា​រុន ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២០៩ ផ្លូវ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ​។​

​ក្នុងនោះដែរ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន ដែក​ចុង​ស្រួច​ចំនួន​១, សោ​បំពង់​លេខ​៨ ចំនួន​១, សោចិ​ញ្ជៀ​ន​លេខ​៨ ចំនួន​១, ទុ​រវីស​ចំនួន​២, ផ្លែ​ទុ​រវីស​ចំនួន​១, ដង្កាប់​ចំនួន​១, ដែល​រឺ​ស័​រ ចំនួន​១, ដែក​ដង្កៀប​ខ្មៅ​ចំនួន​១៥, ពិល​ចំនួន​១, ទូរ​សព្ទ​ចាស់​១​គ្រឿង និង​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GV-6048​ចំនួន​១​គ្រឿង​។​

​មុននឹង​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​១ បានចេញ​ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​៣​នាក់​ខាងលើ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ធូ​ដេ​។ ដោយមាន​ការសង្ស័យ នគរបាល​បាន​ឃាត់​ឲ្យ​ឈប់ ដើម្បី​ត្រួតពិនិត្យ និង​បាន​រកឃើញ​វត្ថុតាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ជាប់​នឹង​ខ្លួន ទើប​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាពថា ពួកគេ​ពិ​យ​ជា​បានធ្វើ​សកម្មភាព​ដើររក​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​បឹងទំពុន​១ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់​បន្ត​ការ​តាម​នីតិវិធី​៕ ល​