ចាប់ខ្លួន​មនុស្ស​ប្រាំបី​នាក់​តាម​ដីកា​តុលាការ និង​បទល្មើស​ជាក់ស្តែង​

1043
ចែករម្លែក

(​កំពង់ចាម​): កម្លាំង​អធិការនគរបាល ស្រុក​ចម្ការលើ បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​បីនាក់​តាម​ដីកា របស់​ចៅក្រម សាលាដំបូង​ខេត្តកំពង់ចាម និង​ចំនួន​ប្រាំ​នាក់​ផ្សេងទៀត​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង ដែលមាន​ស្ត្រី​ម្នាក់​ផងដែរ​ក្នុង រយៈពេល​មួយថ្ងៃ​។​

​លោក​វរសេនីយ៍ ខេង ស្រេង អធិការនគរបាល​ស្រុក​ចម្ការលើ បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹងថា ក្នុងនោះ​ចាប់ខ្លួន​តាម​ដីកា​ដំបូង​គេ នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦​ខែសីហា លើ​បុរស​ចំនួន​ពីរ​នាក់​ពីបទ​លួច​នៅ​ភូមិ​ទួល​ប៉ែន ឃុំ​តា​អុង និង​បន្ទាប់មក​ចាប់​តាម​ដីកា​លើ​បុរស​ម្នាក់​ផ្សេងទៀត ពីបទ​ជួញដូរ​គ្រឿង​នៅ​ភូមិ​បុសខ្នុរ​ឃុំ​បុសខ្នុរ​ស្រុក​ចម្ការលើ​។ នគរបាល​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ពីរ​កញ្ចប់​តូច និង​ម៉ូតូ​មួយគ្រឿង​។

​លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​រសៀល​ថ្ងៃទី​១៦​ដដែល​នោះ បាន​ចាប់ខ្លួន​បុរស​ម្នាក់ទៀត និង​ស្ត្រី​ម្នាក់​ពីបទ​ល្មើស​ជាក់ស្តែង​នៅ​ភូមិ​វាល​រី​កើត​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ និង​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​១០​កញ្ចប់ ដាវ​ចំនួន​បី​ដើម​, គ្រាប់កាំភ្លើង​ចំនួន​បី​គ្រាប់​, ទូរស័ព្ទដៃ​ចំនួន​ពីរ​គ្រឿង និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ថ្នាំ​មួយចំនួនទៀត​។​

​លោក ខេង ស្រេង បាន​បន្ថែមថា ជាមួយ​នោះបាន​ចាប់ខ្លួន​បុរស​ចំនួន​បីនាក់​បន្ថែមទៀត ពីបទ​ជួញដូរ​គ្រឿងញៀន​ដដែល នៅ​ភូមិ​ជយោ​ឃុំ​ជយោ​ស្រុក​ចម្ការលើ​រឹបអូស​ថ្នាំ​បាន​ចំនួន​បី​កញ្ចប់​, គ្រាប់បែកដៃ​ចំនួន​មួយ​គ្រាប់​, ជំ​ពុះ​ទុង​កាំភ្លើង​ចំនួន​បី​ដើម​, ដាវ​ចំនួន​ពីរ​ដើម​, ខ្សែក​លោហៈ​ពណ៌​លឿង​មួយ​ខ្សែ​,​ប្រាក់​ចំនួន​មួយ​លាន​ប្រាំពីរ​សែន​រៀល​និង​ម៉ូតូ​ចំនួន​បី​គ្រឿង​។​

​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ ខាង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ដែល​ចាប់​តាម​ដីកា​បីនាក់​ទៅ​តុលាការ និង​ប្រាំ​នាក់​ផ្សេងទៀត​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​: ភោគ សម្បត្តិ​