ចាប់តាំងពី​ការ​រឹតបន្តឹង​នូវ​ការអនុវត្ត​ន៍ច្បាប់ គ្រោះថ្នាក់​ចរាចរណ៍ថយចុះ​!

292
ចែករម្លែក

ចាប់តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានចេញ​ប្រតិបត្តិការ អនុវត្ត​នូវ​ការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ផាកពិន័យ​ច្រើនជាង​មុន ក្នុងនោះម៉ូតូ​ពីមុន ផាកពិន័យ​ទាប​បំផុត​ត្រឹម ១៥.០០០ រៀល តែ​ច្បាប់​ថ្មី​បានកំណត់​ការផាកពិន័យ ទាប​បំផុត ៦០.០០០ រៀល រីឯ​រថយន្ត ច្បាប់​ចាស់ ផាកពិន័យ​ទាប​បំផុត ២៥.០០០ រៀល រីឯ​ច្បាប់​ថ្មី បានកំណត់​ការផាកពិន័យ​ទាប​បំផុត ៧៥.០០០ រៀល​។
​ ​
​រយៈពេល ៦​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ ប៉ូលិស​ចរាចរណ៍ នៅ​ទូទាំងប្រទេស បាន​ឃាត់ និង​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ សរុប​ចំនួន ១៧.០៣២​គ្រឿង​។​
​ ​
​ជាមួយគ្នា​នោះ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែឧសភា រយៈពេល ៥​ថ្ងៃនេះ គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​តិចជាង​មុន ហើយ​ចំនួន​អ្នកស្លាប់ និង​របួស​ក៏​ថយ ចុះ​ដែរ​។
​ ​
​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា ពីថ្ងៃ​ទី​១-៥ ខែឧសភា ឆ្នាំ​២០២០​គ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៦​លើក បណ្តាល​ឲ្យ​ស្លាប់ ១៤​នាក់ និង​របួស ៣៧​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៤​នាក់​នោះ គឺមាន ១០​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។​
​ ​
​តាម​របាយការណ៍​ប្រចាំថ្ងៃ​ដដែល នៅ​ថ្ងៃទី​១ ឧសភា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ៧​លើក បណ្តាល​ឲ្យ​ស្លាប់ ៨​នាក់ របួស ៣​នាក់ ( អ្នកស្លាប់​ទាំង ៨​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ )​។ ថ្ងៃទី​២​ឧសភា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក កើតឡើង ៦​លើក ស្លាប់ម្នាក់ និង​របួស ១២​នាក់ ( អ្នកស្លាប់​ម្នាក់​នោះ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ )​។ ថ្ងៃទី​៣​ឧសភា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៧​លើក បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ និង​របួស ៩​នាក់ (​អ្នកស្លាប់ ទាំង ២​នាក់ ជា​អ្នកធ្វើដំណើរ​តាម​រថយន្ត ២​នាក់ )​។ ថ្ងៃទី​៤​ឧសភា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ២​លើក តែ​មិនមាន​អ្នកស្លាប់​ទេ និង​របួស ៤​នាក់​។ ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០​គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ៤​លើក បណ្តាល​ឲ្យ​ស្លាប់ ៣​នាក់ និង​របួស ៩​នាក់ ( អ្នកស្លាប់​ម្នាក់​ជា​អ្នកធ្វើ ដំណើរ​តាម​ម៉ូតូ )​។​

​គិត​ជា​មធ្យម រយៈពេល ៥ថ្ងៃនៃ​ការអនុវត្ត​ន៍ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ​គ្រោះថ្នាក់​ចរាចរណ៍ ផ្លូវគោក កើតឡើង​ចន្លោះ​ពី ៥ ទៅ ៦​លើក ក្នុង ១​ថ្ងៃ និង​មាន​អ្នកស្លាប់​ជា​មធ្យម ពី ២ ទៅ ៣​នាក់ ក្នុង ១​ថ្ងៃ ព្រមទាំង​របួស​ជា​មធ្យម​ពី ៧ ទៅ ៨​នាក់ ក្នុង ១​ថ្ងៃ​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​របស់​អគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ បាន​បង្ហាញថា នៅក្នុង​ខែមេសា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២៣៦​លើក ស្លាប់ ១២៧​នាក់ របួស ៣៦៩​នាក់​។ ក្នុងនោះ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែមេសា ដែលជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ស្លាប់ចំនួន ១០៦​នាក់​។​
​ ​
​តាម​របាយការណ៍​នេះ ជា​មធ្យម នៅក្នុង​ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចន្លោះ​ពី ៧ ទៅ ៨​លើក ក្នុង ១​ថ្ងៃ និង​ស្លាប់​ចន្លោះ​ពី ៤ ទៅ ៥ នាក់ ក្នុង ១​ថ្ងៃ ព្រមទាំង​របួស​ចន្លោះ​ពី ១២ ទៅ ១៣​នាក់ ក្នុង ១​ថ្ងៃ​។​
​ ​
​បើ​ពិនិត្យមើល​របាយការណ៍​របស់​ប៉ូលិស គឺ​ជាក់ច្បាស់​ឃើញថា អំឡុងពេល​ប៉ូលិស ចេញប្រតិបត្តិការ ដាក់​ប៉ា​រ៉ា​ស់ ត្រួតពិនិត្យ និង​ផាកពិន័យ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​យានយន្ត ដែល​ល្មើសច្បាប់​នេះ នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ពិសេស​អ្នកស្លាប់ និង​អ្នករបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍បាន​ថយចុះ​។​
​ ​
​ក៏ប៉ុន្តែ​ចំណុច​នេះ ក៏មាន​ការលើកឡើង ដោយ​ស្នើ​ឲ្យ​ប៉ូលិស​ចរាចរណ៍ កុំ​លាក់​របាយការណ៍​។ ពោលគឺ​អ្នកធ្វើ​របាយការណ៍ ក៏​សូម​ស្រង់​របាយការណ៍​ពិត​ជាក់ស្តែង ស្មោះត្រង់ ពិតប្រាកដ ដើម្បី​តែ​បង្ហាញ​អំពី​ប្រសិទ្ធភាព​ពិតនៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដែល​ការ​រឹតបន្តឹង​នេះ​ក្នុង បំណង​សំខាន់ ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​យើង​។​
​ ​
​កាលណា មាន​ព័ត៌មាន​ពិត របាយការណ៍​ជាក់ច្បាស់ នោះ​ការវាយតម្លៃ​សភាពការណ៍​ក៏ដូចជា ការដាក់ចេញ​ផែនការ និង​ការអនុវត្ត​ន៍ផែនការ​មួយណា​នោះ នឹងធ្វើ​ឡើង​ចំ​ទិសដៅ មាន​ប្រសិទ្ធភាព ពោល​គឺអាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​យើង ដែល​កន្លងមក​បានសម្លាប់​មនុស្ស ចន្លោះ​ពី ៤ ទៅ ៥​នាក់ ក្នុង ១​ថ្ងៃៗ​។​
​ ​
​យ៉ាងណា​ក៏ដោយចុះ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បានបង្ហាញ​ពី​ចំនួន​គ្រោះថ្នាក់ចរាចរណ៍ ចំនួន​អ្នកស្លាប់ និង​ចំនួន​អ្នករបួស ក្នុង​រយៈពេល ៥​ថ្ងៃ ពីថ្ងៃ​ទី​១-៥​ឧសភា ឆ្នាំ​២០២០ ត្រូវបាន​កាត់បន្ថយ​ពិតមែន​នោះ​នោះ​ហើយ​ជា​ប្រសិទ្ធភាព​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ចរាចរណ៍ ដែល​ផាកពិន័យ​ប្រាក់​លើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ច្រើនជាង​មុន​។ ការអនុវត្តន៍​នេះ កន្លងមក ក៏​កើតមាន​ប្រតិកម្ម និង​ការរិះគន់​មួយចំនួន ពី​អ្នក​ល្មើសច្បាប់​ចរាចរណ៍​មួយចំនួន តែ​ក៏មាន​អ្នកគាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស​ច្រើន​លើសលប់​ផងដែរ​៕ ដោយ​៖ ម៉េង​ឆៃ​/Ha