ចាប់ផ្តើម​យុទ្ធនា​ការចូលរួម​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​

337
ចែករម្លែក

ក្រុមគ្រូពេទ្យ​គ្រប់លំដាប់​ថ្នាក់​ពិសេស​អាជ្ញាធរ​មូលដ្ឋាន កាលពី​ថ្ងៃទី​២៣-២៤​មីនា បាន​ចាប់ ផ្តើម​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ពី​វិធាន​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ នៅ តាម​ខ្នង​ផ្ទះ ក្នុងភូមិ​ឃុំ ក្នុង​ក្របខណ្ឌ​នៅ​ទូទាំងប្រទេស​។
​ ​
​វិធានការ​ផ្សព្វផ្សាយ​នេះ បានធ្វើ​ឡើង តាមរយៈ​ការប្រើប្រាស់​មេក្រូ​តាម​ម៉ូតូ ឡាន ឬ​រ៉ឺម៉ក​ចល័ត ដោយ​ចាក់​សារ​ទៅវិញទៅមក​របស់​ក្រសួងសុខាភិបាល ព្រមទាំង​បិទ​ខិតប័ណ្ណ ផ្ទាំង​បដា ប័ណ្ណ​ផ្សព្វផ្សាយ ដើម្បី​ក្រើនរម្លឹក​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន និង​យល់ដឹង​ពី​វិធាន​ការការពារ ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។
​ ​
សារ​អប់​រំជា​អាទិភាព​របស់​ក្រសួងសុខាភិបាល ត្រូវបាន​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចេះអនាម័យ រស់នៅ​ស្អាត ហូប​ស្អាត និង​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាកុល ដើម្បី​សម្លាប់មេរោគ ឲ្យ​បាន​ញឹក​ញ៉ាប់​ជាប្រចាំ​។
​ ​
នៅក្នុង​សារ​សំឡេង​អប់រំ ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​អ្នក​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស ទៅពិនិត្យ​សុខភាព និង​នៅតែ​ម្នាក់ឯង ដាច់​រយៈពេល ១៤​ថ្ងៃ​។ បើ​មាន​រោគសញ្ញាក្តៅខ្លួន លើសពី ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ឬ​មាន​ប្រវត្តិ​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ត្រូវ​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព ដែល​នៅ​ជិត ឬ​ត្រូវ​ទូរស័ព្ទ ជាបន្ទាន់​ទៅ​លេខ ១១៥ ដើម្បី​ពិគ្រោះ​យោ​លប​ល់​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​តាមដាន ស្ថានភាព​ជំងឺ ចៀសវាង​កុំ​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត និង​ទៅក្នុង​សហគមន៍ របស់ខ្លួន​។​
​ ​
​ជាមួយនឹង​យុទ្ធនាការ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ បានប្រកាសថា រាជរដ្ឋាភិបាល អាច​នឹង​ពិចារណា​បិទ​ភូមិ​ណាមួយ​មិនឱ្យ​មានការ ចេញចូល ប្រសិនបើ​ភូមិ​នោះ ត្រូវបាន​រកឃើញថា មាន​ពលរដ្ឋ ពិសេស​អ្នក​ទើប​វិលត្រឡប់ មកពី​ប្រទេស​ថៃ មាន​ផ្ទុក​ជំងឺ ខូ​វីដ ចាប់ពី​ពីរ ទៅ​បីនាក់​ឡើងទៅ​។

ក្នុង​ពិធី​សំណេះសំណាល ជាមួយ​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អាកាស យានដ្ឋាន អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង និង​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៤​មីនា សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា មកដល់ ពេលនេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់ ហើយ​។ អ្នក​ទាំងនោះ មិនត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​នៅ​ព្រំដែន​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ គ្រប់គ្នា​នោះទេ​។​

តាម​ក្រសួង​ការងារ នៅ​ប្រទេស​ថៃ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​មួយ​លាន​នាក់ កំពុង​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ​។ ប្រទេស​ថៃ សព្វថ្ងៃ ក៏​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខ្លាំងក្លា​ផងដែរ​។​
​ ​
​យ៉ាងណាក៏ដោយ សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទើប​វិលត្រឡប់​ពី​បរទេស ពិសេស​អ្នក​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ សូម​រក្សា​អនាម័យ និង​ដាក់ខ្លួន​នៅ​ដោយឡែក ១៤​ថ្ងៃ​សិន ពេលមកដល់​ស្រុកកំណើត​។
​ ​
គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤​មីនា នៅ​ប្រទេស​កម្ពុជា រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៨៧​នាក់ ដោយមាន​ខ្មែរ ៣៥​នាក់​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ មាន​ចំនួន ប្រាំមួយ​នាក់ ( ចិន​ម្នាក់ អង់គ្លេស​ម្នាក់ និង​ខ្មែរ​បួន​នាក់​)​។
​ ​
កាលពី​រសៀល​ថ្ងៃទី​២៤ ខែមីនា អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៥៣​នាក់ នៅលើ​នាវាទេសចរណ៍​មួយគ្រឿង មកពី​ប្រទេស​វៀតណាម ដែលមាន​ជនជាតិ​អង់គ្លេស​បីនាក់​កើត​ជំងឺ កូ​វីដ ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​សណ្ឋាគារ នៅ​ទី​រួម​ខេត្តកំពង់ចាម​ហើយ ដោយសារតែ​រក​មិនឃើញ​វីរុស​កូ​វីដ​១៩​ឡើយ បន្ទាប់ពី​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​រយៈ ពេល ១៤​ថ្ងៃ រួចមក​។​
​ ​
យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី​២៤ ខែមីនា កម្ពុជា​មិនមាន​នរណាម្នាក់​ស្លាប់​ដោយ សារ​ជំងឺ កូ​វីដ​១៩ នេះឡើយ​។ ពោលគឺ​បើសិនជា​បងប្អូន​ណា​ម្នាក់ ក្តៅខ្លួន ក្អក ហៀរ​សំបោរ​ដោយ សង្ស័យថា កើត​ជំងឺ​កូ​វីដ សូម​ទាក់ទង​អាជ្ញាធរ​មូលដ្ឋាន ទៅ​មន្ទីរពេទ្យ ព្រោះថា ជំងឺ​នេះ ព្យាបាល​ជា ហើយ​ការ​ទៅរក​គ្រូពេទ្យ​ក៏​ជាការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​ក្នុងភូមិ ឃុំ​ស្រុក​របស់​យើង​។​
​ ​
ម្យ៉ាងទៀត អ្នក​ទើប​មកពី​ក្រៅប្រទេស ពិសេស​ទើប​មកពី​ប្រទេស​ថៃ​ត្រូវ​នៅ​ឲ្យ​ដាច់​ដោយឡែក​ពី​គេ រយៈពេល ១៤​ថ្ងៃ​។ មិនយូរ​ទេ រយៈពេល ១៤​ថ្ងៃ ដើម្បី​សុខទុក្ខ​របស់​ខ្លួនឯង​ផ្ទាល់​ផង សុខទុក្ខ​ក្រុមគ្រួសារ​ផង និង​ដើម្បី​អ្នកស្រុក​ភូមិ​យើង​។ ក្រោយ ១៤​ថ្ងៃនេះ យើង​អាច​ជួបជុំ ដើរលេង​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​យើង ដោយ​គ្មាន​ភ័យ​បារម្ភ​ឡើយ​៕ ដោយ​: ម៉េង​ឆៃ​