ចិនកាត់បន្ថយអត្រាការប្រាក់ និងចាក់បញ្ចូលលុយ ៧ ពាន់លានដុល្លារទៅក្នុងទីផ្សារដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ១៩

122
ចែករម្លែក

កាលពីថ្ងៃចន្ទទី៣០មីនាធនាគារកណ្តាលចិនបានកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីដល់ធនាគារនានាដោយរឹមធំបំផុតក្នុងរយៈពេល ៥ ឆ្នាំ និង ចាក់បញ្ចូលទឹកប្រាក់ ៥០ ពាន់លានយ័ន (៧ ពាន់លានដុល្លារ) ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដើម្បីជួយដល់សេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោកមួយនេះ។

ធនាគារប្រជាជនចិន (PBoC) បាននិយាយថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការទិញមូលធនបញ្ច្រាស់ ៥០ ពាន់លានយ័នកាលពីថ្ងៃចន្ទ និង បានទម្លាក់អត្រាការទិញបញ្ច្រាស់រយៈពេល ៧ ថ្ងៃពី ២,៤០ ភាគរយមកនៅត្រឹម ២,២០ ភាគរយ។

លោក ជូលៀន អ៊ីវ៉ាន់ព្រីតឆាត សេដ្ឋវិទូជាន់ខ្ពស់ជនជាតិចិននៅក្រុមហ៊ុន Capital Economics បាននិយាយថា វាជាការកាត់បន្ថយការប្រាក់ធំបំផុតចាប់តាំងពីឆ្នាំ ២០១៥ និង បានទម្លាក់អត្រាការប្រាក់បញ្ច្រាស់រយៈពេល ៧ ថ្ងៃដល់កម្រិតទាបបំផុត។

លោកនិយាយថា “តាមរយៈការផ្តល់មូលនិធិក្នុងអត្រាការប្រាក់ទាប PBoC នឹងអាចរក្សាអត្រាការប្រាក់អន្តរធនាគារទីផ្សារនៅកម្រិតទាប ខណៈសាច់ប្រាក់ងាយស្រួលពីការកាត់បន្ថយ RRR (អនុបាតទុនបម្រុងកាតព្វកិច្ច) ត្រូវបានស្រូបយកដោយប្រព័ន្ធធនាគារ”។ លោកនិយាយនេះគឺសំដៅទៅលើការកាត់បន្ថយអត្រាការប្រាក់ឱ្យបានឆាប់លើសាច់ប្រាក់ ដែលអ្នកឱ្យខ្ចីប្រាក់ត្រូវរក្សាទុកជាទុនបម្រុង។

ជំងឺកូវីដ១៩ដ៏សាហាវបានសម្លាប់មនុស្សជិត ៤០.០០០ នាក់នៅទូទាំងពិភពលោក ដោយប៉ះពាល់ដល់អាជីវកម្មនិងអ្នកប្រើប្រាស់ជាច្រើន ហើយការរីករាលដាលជំងឺនេះទូទាំងពិភពលោកបានកាត់បន្ថយក្តីសង្ឃឹមនៃការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិនដែលពឹងផ្អែកលើការនាំចេញ និងជាទីដែលជំងឺរាតត្បាតបានផ្ទុះឡើងកាលពីខែធ្នូ។

ចំណាត់ការចុងក្រោយនេះកើតឡើងស្របពេលរដ្ឋាភិបាលនិងធនាគារកណ្តាលនៅជុំវិញពិភពលោកបានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនិងបង្ហាញវិធានការជំរុញសេដ្ឋកិច្ចខ្នាតយក្ស ដែលមានទឹកប្រាក់ប្រហែល ៥ លានលានដុល្លារដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺរាតត្បាត ដែលអ្នកព្យាករណ៍ព្រមានថានឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ៕ ដោយ៖ កញ្ញាដាលីស

កូវីដ១៩បានកាត់បន្ថយក្តីសង្ឃឹមនៃការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិនដែលពឹងផ្អែកលើការនាំចេញ