ចិនបង្ហាញរូបរាងស្ថានីយអវកាសរបស់ខ្លួន ដែលនឹងសង់រួចរាល់ក្នុងឆ្នាំ ២០២២

353
ចែករម្លែក

បន្ទាប់ពីការហោះហើរលើកដំបូងដោយជោគជ័យនូវរ៉ុក្កែតធំ Long March-5B និងការសាកល្បងយានអវកាសមានមនុស្សបើកជំនាន់ថ្មីរបស់ចិន ឥឡូវព័ត៌មានលម្អិតបន្ថែមអំពីស្ថានីយអវកាសរបស់ចិនត្រូវបានលាតត្រដាង។

ស្ថានីយអវកាស ដែលគេរំពឹងថានឹងសង់រួចរាល់នៅឆ្នាំ ២០២២ នឹងដំណើរការក្នុងគន្លងផែនដីទាបនៅរយៈកម្ពស់ពី ៣៤០ គីឡូម៉ែត្រទៅ ៤៥០ គីឡូម៉ែត្រសម្រាប់រយៈពេលជាង ១០ ឆ្នាំ ដើម្បីគាំទ្រដល់ការពិសោធន៍វិទ្យាសាស្ត្របច្ចេកវិជ្ជានិងការអនុវត្តផ្សេងៗទ្រង់ទ្រាយធំ។ នេះយោងតាមរបាយការណ៍របស់កាសែត The People’s Daily។

ស្ថានីយអវកាសឈ្មោះ Tiangong ដែលមានន័យថាវិមានសួគ៌ នឹងអាចទទួលយកអវកាសយានិកចំនួន ៣ នាក់ក្នុងកាលៈទេសៈធម្មតានិងរហូតដល់ ៦ នាក់ក្នុងអំឡុងពេលជំនួសអវកាសយានិកថ្មី។

ស្ថានីយនេះនឹងមានរាងអក្សរ T ដោយម៉ូឌីល (បំពង់ដាក់មនុស្ស) នឹងស្ថិតនៅកណ្តាលនិងម៉ូឌីលមន្ទីរពិសោធន៍មួយស្ថិតនៅសងខាង។ លោក ចូវ ចៀនពីង ប្រធានអ្នករចនាកម្មវិធីអវកាសរបស់ចិននិយាយថា ម៉ូឌីលនីមួយៗនឹងមានទម្ងន់លើសពី ២០ តោន ដូច្នេះស្ថានីយនេះនឹងមានទម្ងន់សរុបប្រហែល ៦៦ តោន៕ ដោយ៖ កញ្ញាដាលីស

ស្ថានីយអវកាសចិន Tiangong នឹងសង់រួចរាល់ក្នុងឆ្នាំ ២០២២
ស្ថានីយអវកាសចិន Tiangong នឹងសង់រួចរាល់ក្នុងឆ្នាំ ២០២២