ចិនព្រមានអំពីហានិភ័យនៃជម្លោះយោធា ខណៈអាម៉េរិកបង្កើនការហោះហើរនៃយន្តហោះចម្បាំងលើសមុទ្រចិនខាងត្បូង

571
ចែករម្លែក

ពួកប្រមុខក្រសួងការពារជាតិអាម៉េរិកបានបង្កើនសកម្មភាពយន្តហោះចម្បាំងនៅលើមេឃនៅសមុទ្រចិនខាងត្បូង ខណៈការហោះហើរច្រើនឡើងត្រូវបានធ្វើឡើងដោយយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ។

ការហោះហើរទាំងនោះកើតឡើងស្របពេលមានការបង្កើនប្រតិបត្តិការយោធាទាំងកងទ័ពជើងទឹកនិងកងទ័ពអាកាសអាម៉េរិកនៅសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត សមុទ្រតៃវ៉ាន់ និងសមុទ្រលឿងនៅឆ្នាំនេះ។ ចិនបានព្រមានពីការកើនឡើងហានិភ័យនៃជម្លោះយោធារវាងប្រទេសទាំងពីរ។ កងទ័ពអាកាសប៉ាស៊ីហ្វិកអាម៉េរិកបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-1 បានបំពេញបេសកកម្មនៅសមុទ្រចិនខាងត្បូងតែប៉ុន្មានថ្ងៃបន្ទាប់ពីការហ្វឹកហាត់ជាមួយកងទ័ពជើងទឹកអាម៉េរិកនៅជិតកោះហាវ៉ៃ។

អ្នកនាំពាក្យម្នាក់បាននិយាយថាយន្តហោះចម្បាំងកំពុងបង្ហាញពី “ភាពគួរឱ្យជឿទុកចិត្តបាន” របស់កងទ័ពអាកាសអាម៉េរិកដើម្បីដោះស្រាយស្ថានភាពសន្តិសុខចម្រុះនិងមិនប្រាកដប្រជា។

លោក លី ជី អ្នកជំនាញផ្នែកយោធាមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា សហរដ្ឋអាម៉េរិកកំពុងព្យាយាមរក្សាសមត្ថភាពក្នុងការវាយស្កាត់ជាយុទ្ធសាស្ត្រ ទន្ទឹមកងទ័ពអាកាសអាម៉េរិកបានធ្វើការហោះហើរចំនួន ១១ ជើងនៅខែមីនានិងថ្ងៃទី ១៣ ខែមេសាលើសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងត្បូង។

លោកនិយាយថា “ជាក់ស្តែង ពួកអ្នកធ្វើសេចក្តីសម្រេចចិត្តនៅមន្ទីរបញ្ចកោណកំពុងព្យាយាមប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកជាឧបករណ៍ថ្មីមួយក្នុងការទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។ យើងនឹងឃើញមានការជ្រៀតជ្រែកកាន់តែខ្លាំងឡើងពីយន្តហោះ B-1 ទៅក្នុងដែនអាកាសលើសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងត្បូងក្នុងខែឧសភានេះ”។

លោកលីនិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន ២ គ្រឿងបានហោះនៅលើសមុទ្រចិនខាងកើត ហើយក៏បានហោះលើដែនទឹកនៅឯនាយឆ្នេរភាគឦសានកោះតៃវ៉ាន់នៅថ្ងៃទី ៦ ខែឧសភាដែរ។

លោកចូ ហ្វេងនាយកផ្នែកសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យណានជីង បាននិយាយថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងកាន់តែមានសភាពខ្លាំងក្លានិងច្របូកច្របល់ក្នុងរយៈពេល ៣ ខែកន្លងមកនេះ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជម្លោះនយោបាយនិងការទូតរវាងប្រទេសទាំងពីរ។

កងទ័ពអាកាសអាម៉េរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួន ៤ គ្រឿងនិងកងទ័ពអាកាសប្រមាណ ២០០ នាក់មកពីរដ្ឋតិចសាស់ទៅកាន់មូលដ្ឋានទ័ពអាកាសអ៊ែនឌឺសុននៅលើកោះក្វាមកាលពីថ្ងៃទី ១ ខែឧសភា។

អ្នកនាំពាក្យម្នាក់បាននិយាយថាបេសកកម្មនេះគឺដើម្បីគាំទ្រដល់កងទ័ពអាកាសប៉ាស៊ីហ្វិកនិងដើម្បីធ្វើការបណ្តុះបណ្តាលនិងធ្វើប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូ៕ ដោយ៖ កញ្ញាដាលីស

យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាម៉េរិក