ចិន​ចាប់ផ្តើម​នាំ​អ្នក​ជម្ងឺ​កូរ៉ូណា​វីរុស​ចូល​មន្ទីរពេទ្យ​ថ្មី​ (វីដេអូ)

435
ចែករម្លែក

​ដោយ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ឡើង​ហួស​២០.០០០​នាក់ ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​០៤​កុម្ភៈ​បាន​ចាប់ផ្តើម​នាំ​អ្នក​ជម្ងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី ចូល​ក្នុង​មន្ទីរ​​ពេទ្យ​ដែល​ត្រូវ​សង់​អោយ​ហើយ​ត្រឹមតែ​១០​ថ្ងៃ​ដើម្បី​ទទួល​អ្នក​ជម្ងឺ ។​

​អ្នក​ជម្ងឺ​៥០​នាក់​ដំបូង ត្រូវបាន​នាំ​ចូល​ក្នុង​មន្ទីរពេទ្យ Huoshenshan​ឬ «​មន្ទីរពេទ្យ​ភ្នំ​ព្រះ​អគ្គី​»​នៅ​ជាយក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺឆ្លង​។​រូបភាព​វី​ដេ​​អូ​បាន​បង្ហាញ​អាគារ​មាន​គ្រែ​ពេទ្យ​១.០០០​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប ជាមួយនឹង​បន្ទប់​មិន​អាច​អោយ​វីរុស​ជ្រាប​ចេញមកក្រៅ​ផង​។​

​មន្ទីរពេទ្យ​ទី​២​ក្នុង​ក្រុង​ដដែល​ឈ្មោះ​ថា​លី​សេន​សាន​(Leishenshan)​ជាមួយនឹង​គ្រែ​អ្នក​ជម្ងឺ​១.៦០០​ក៏​នឹង​បើកទទួល​អ្នក​ជម្ងឺ​ផងដែរ​នៅក្នុង​ពេល​ឆាប់ៗ ។​

​នៅ​កន្លែង​ផ្សេងទៀត​នៅ​ក្រុង​វូ​ហាន អាជ្ញាធរ​បាន​ប្រែក្លាយ​កន្លែងហាត់​កីឡា សាល​ពិព័រណ៍​និង​មជ្ឈមណ្ឌល​វប្បធម៌​ទៅ​ជា​មន្ទីរពេទ្យ​ដែល​មាន​គ្រែ​ទទួល​អ្នក​ជម្ងឺ​​មិន​ស្តង់ដា​សរុប​បាន​៣.៤០០​នាក់​។​

​សូមបញ្ជាក់​ថា​ ​មន្ទីរពេទ្យ​បំរុង​មាន​១.០០០​គ្រែ​នេះ​ត្រូវបាន​បញ្ជា​អោយ​សាងសង់​អោយ​ហើយ​ក្នុង​១០​ថ្ងៃ​ដើម្បី​ជួយ​សម្រាល​បន្ទុក​មន្ទីរ​ពេទ្យ​នានា​ក្នុង​ក្រុង​វូ​ហាន​ដែល​កំពុង​ជោរជន់​ដោយ​អ្នក​ជម្ងឺ​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី​។​

​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ចិន​មាន​មនុស្ស​៤២៥​នាក់​ស្លាប់​ដោយ​កូរ៉ូណា​វីរុស និង​២០.៤៣៨​នាក់​ឆ្លង​។​

​អ្នក​ជម្ងឺ​កូរ៉ូណា​វីរុស​ត្រូវបាន​នាំ​ចូល​មន្ទីរពេទ្យ​នៅ​ទីវាល​មួយ​ដែល​ត្រូវបាន​សាងសង់​រួចរាល់​ក្នុងពេល​តែ​២​សប្តាហ៍​

​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​ក៏​បណ្តាលអោយ​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចិន​១,៤​ពាន់​លាន​នាក់​មាន​ការភ័យខ្លាច និង​នាំ​គ្នា​រក​ទិញ​ម៉ា​ស់មុខ តែ​បណ្តា​រោង​​ចក្រ​ចិន​អាច​ផ​លិ​តបានតែ​២០​លាន​ម៉ាស់​ក្នុង​មួយថ្ងៃ​។​បុគ្គលិក​ពេទ្យ​ក៏​ត្រូវការ​គ្រឿង​ផ្គត់ផ្គង់​បន្ទាន់​ដូចជា​ម៉ាស់​មុខ​របស់​ពេទ្យ សម្លៀក​បំពាក់​ការពារ និង​វែន​តា​​ពេទ្យ​។​

​រូបភាព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​ពួក​វេជ្ជបណ្ឌិត​ចិន​ពាក់​ម៉ាស់​មុខ​និង​សម្លៀក​បំពាក់​ការពារ​វីរុស​ផលិត​ដោយ​ខ្លួនឯង​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូ​ហាន​។​ទោះ​​ជា​យ៉ាងណា សហជីព​មន្ទីរពេទ្យ​ក្រុង​និយាយថា រូបភាព​ទាំងនេះ​ក្លែងក្លាយ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា ចិន​បាន​និយាយថា ប្រទេស​ជាច្រើន​រួម​មាន​កូរ៉េខាងត្បូង ជប៉ុន កា​ហ្សាក់​ស្ថាននិង​ហុងគ្រី​បាន​ជួ​យ​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​៕​ប្រែ​សម្រួល​៖​វាសនា​

បណ្តា​រោង​​ចក្រ​ចិន​អាច​ផ​លិ​តបានតែ​២០​លាន​ម៉ាស់​ក្នុង​មួយថ្ងៃ​