ចិន​ធ្វើ​ព្យុហយាត្រា​យោធា​នៅ​ជិត​ព្រំដែន​ហុងកុង

1707
ចែករម្លែក

​ប៉ូលិស​ចិន​រាប់ពាន់​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​១៥​សីហា បាន​គ្រវី​ទង់​ពណ៌​ក្រហម ពេល​ធ្វើ​ព្យុហយាត្រា​នៅ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង​សិន​ចិន​ជាប់​ព្រំដែន​ហុងកុង ។​រថពាសដែក​ក៏​ត្រូវបាន​គេ​ឃើញ​នៅក្នុង​កីឡដ្ឋាន​ក្នុង​ក្រុង​ដែល​បាន​ប្រារព្វ​ពិធី​ចំពេល​មាន​ការព្រួយបារម្ភ​អំពី​អន្តរាគមន៍​របស់​ចិន​ដើម្បី​បញ្ចប់​ការតវ៉ា​ប្រឆាំង​ដែល​មាន​អាយុកាល​១០​សប្តាហ៍​​មក​ហើយ​នៅ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា សមាសភាព​របស់​ប៉ូលិស​ប្រដាប់​អាវុធ​ចិន ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​គណៈកម្មាធិការ​យោធា​មជ្ឈិម បាន​ជួបជុំ​​នៅ​ក្រុង​សិន​ចិន​។​

​គេ​អាច​មើលឃើញ​កងកម្លាំង​សន្តិសុខ​ធ្វើ​ចលនា​ជា​ជួរ​នៅ​ក្នុង​កីឡដ្ឋាន និង​ពេល​ខ្លះ​រត់ និង​ខ្លះទៀត​ជិះ​លើ​ម៉ូតូ​។​នៅក្រៅ​កីឡដ្ឋាន ក៏​មាន​រថយន្តយោធា​និង​រថពាសដែក​រាប់​​សិប​គ្រឿង​។​

​កាសែត People’s Daily និង Global Times ដែលជា​អង្គការ​ឃោសនា​របស់​រដ្ឋ​ចិន កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញផ្សាយ​វីដេអូ​នូវ​អ្វី​ដែល​ខ្លួន​បាន​និយាយថា ការជួបជុំ​កម្លាំង​ប៉ូលិស​​ប្រដាប់អាវុធ​នៅ​ក្រុង​សិន​ចិន​។​

​ប្រធាន​និពន្ធ​កាសែត Global Times​លោក ហ៊ូ ស៊ី​ជីន បាន​និយាយថា វត្តមាន​យោធា​នៅ​សិន​ចិន​នេះ​ជា​សញ្ញា​មួយ​បង្ហាញថា ចិន​ត្រៀម​ចូល​អន្តរាគមន៍​នៅ​ហុងកុង​ហើយ​។​​លោក ហ៊ូ បាន​និយាយថា​«​បើ​ពួកគេ​មិន​ដកថយ​ពី​ច្រាំង​ថ្ម​ចោទ​នេះ​ទេ ហើយ​បន្ត​រុញ​សភាពការណ៍​អោយ​ទៅ​ហួស​ចំណុច​សំខាន់​នេះ អំណាច​រដ្ឋ​អាច​ចូល​ទៅ​ហុងកុង​នៅពេល​​ណាមួយ​»​។​

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ ក៏​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ផ្នែក​ស៊ើបការណ៍​អាម៉េរិក​បានបញ្ជាក់​អះអាង​អំពី​ការ​ចល័ត​ទាហាន​ចិន​ឆ្ពោះ​មកកាន់​ព្រំដែន​​ហុងកុង​។​លោក​បាន​និយាយថា​«​ខ្ញុំ​សង្ឃឹម​វា​នឹង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​គ្មាន​នរណា​រងរបួស គ្មាន​នរណា​ត្រូវបាន​សម្លាប់​»​។​

​សូម​រំលឹក​ថា អ្នក​ប្រឆាំង​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង បាន​ធ្វើ​ការប្រឆាំង​តវ៉ា​គ្មាន​ឈប់​អស់​១០​សប្តាហ៍​មក​ហើយ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ច្រើនឡើង​តែ​ពី​ដំបូង​​ត្រូវ​បាន​ផ្តើមឡើង​ពី​ការប្រឆាំង​នឹង​ច្បាប់​បត្យាប័ន ដែល​អនុញ្ញាត​អោយ​នាំខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិន​ដីគោក​។​

​ហុងកុង ត្រូវបាន​គ្រប់គ្រង​ក្រោម​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ចាប់តាំងពី​វា​ត្រូវបាន​អង់គ្លេស​ប្រគល់​អោយ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧​។​យោធា​ចិន​មិន​ដែល​ចូល​​អន្តរាគមន៍​នៅ​ហុងកុង​ទេ ចាប់តាំងពី​ការប្រគល់​មក តែ​ពេល​នេះ​អាច​បើសិនជា​មាន​សំណើ​ពី​រដ្ឋាភិបាល​ហុងកុង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​។​

​តាមពិត​អ្នក​ហុងកុង​មាន​សេរីភាព​ច្រើនជាង​ចិនដីគោក​ឆ្ងាយ តែ​ពួក​អ្នក​ប្រឆាំង​តវ៉ា​និយាយ​ថា​សេរីភាព​របស់​គេ​កំពុង​សឹក​រិល​នៅពេល​អន្តរាគមន៍​របស់​ចិន​ប៉េកាំង​កាន់តែ​​កើនឡើង​។​ទោះជា​យ៉ាងណា ការប្រឆាំង​តវ៉ា​ទាមទារ​លើក​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា​មានការ​ញុះញង់​ពី​កម្លាំង​ខាងក្រៅ ជាពិសេស​អាម៉េរិក​៕ដោយ៖វាសនា/sn

​ទាហាន​ប្រដាប់​ដោយ​រថពាសដែក ជួបជុំ​នៅ​កីឡដ្ឋាន Shenzhen Bay ក្នុង​ក្រុង​សិន​ចិន ជាប់​ព្រំដែន​ហុងកុង​កាលពី​ថ្ងៃ​១៥​សីហា​