ចិន​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ទាំង​ហ្វូង​ដើម្បី​តាមដាន​មើល​ចរាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

3150
ចែករម្លែក

ពួកមន្រ្តីនៅក្នុងខេត្តហៃណាន់របស់ចិនកំពុងត្រៀមបញ្ជូនផ្កាយរណបជាបន្តបន្ទាប់ចូលក្នុងអវកាសចាប់ពីឆ្នាំ២០១៩ដើម្បីតាមដាន”គ្រប់កូនកោះប៉ប្រះទឹកនិងនាវា”ក្នុងដែនទឹកអះអាងកាន់កាប់ប្រជែងគ្នាក្នុងសមុទ្រចិនខាងត្បូង។

គំរោងផែនការនេះដឹកនាំធ្វើដោយវិទ្យាស្ថានSanya Institute of Remote Sensing នៅកោះហៃណាន់និងគាំទ្រដោយរដ្ឋាភិបាល នេះបើតាមសេវាព័ត៌មានចិន។

សរុប ផ្កាយរណបចំនួន១០នឹងត្រូវបាញ់បង្ហោះចូលក្នុងតារាវិថីនៅយ៉ាងយូរត្រឹមចុងឆ្នាំ២០២១។

យោងតាមវិទ្យាស្ថាន ផ្កាយរណបឃ្លាំមើលHainan-1ចំនួន៣ដំបូងនឹងត្រូវបាញ់ចូលក្នុងគន្លងរបស់វាក្នុងអំឡុង៦ខែដើមឆ្នាំ២០១៩ ហើយនឹងតាមពីក្រោយដោយផ្កាយរណប Hainan-1បីទៀតរួមនឹងផ្កាយរណបSanya-1ពីរគ្រឿងនៅឆ្នាំ២០២០។ផ្កាយរណបSansha-1ពីរគ្រឿងចុងក្រោយនឹងត្រូវបង្ហោះឡើងនៅឆ្នាំ២០២១។

វានាចិនត្រូវបានគេឃើញនៅជុំវិញកោះប៉ប្រះទឹក Mischief Reef ក្នុងប្រជុំកោះស្រ្ពាតលីនៅសមុទ្រចិនខាងត្បូង

យ៉ាង ទៀនលៀង នាយកនៃវិទ្យាស្ថានSanya Instituteបានប្រាប់សេវាព័ត៌មានចិនកាលពីថ្ងៃពុធទី១៥សីហាថា “កាមេរ៉ានិងប្រព័ន្ធសំគាល់ស្វ័យប្រវត្តិ នឹងអនុញ្ញាតអោយយើងមិនត្រឹមតែតាមដាននាវាបើកបរឆ្លងកាត់សមុទ្រចិនខាងត្បូងដោយស្របច្បាប់ប៉ុណ្ណោះទេ តែក៏អាចចាប់រូបភាពនិងតាមដាននាវាដែលធ្វើសកម្មភាពខុសច្បាប់”។

បើតាមសារព័ត៌មានSouth China Morning Post កាមេរ៉ានៅលើផ្កាយរណបHainan-1នឹងអាចតាមដានមើលនាវាធំតូច ខណៈផ្កាយរណប Sanya-1s នឹងវាយតំលៃស្ថានភាពទឹកនិងអាកាសធាតុ។

ទោះជាកម្មវិធីនេះត្រូវរំពឹងថានឹងផ្តល់ជំនួយខាងការវាយតំលៃអាកាសធាតុនិងស្ថានភាពគ្រាអាសន្ន លោកចេន ស៊ាងមីអាវ អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិសំរាប់សមុទ្រចិនខាងត្បូង បានប្រាប់សេវាព័ត៌មានចិនថា គំរោងនេះក៏នឹងដើរតួនាទីមួយនៅក្នុងវិស័យការពារជាតិ។បច្ចេកវិទ្យាក៏នឹងជួយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការចរចាកំណត់ព្រំដែនទឹកដែលមានជម្លោះផងដែរ។

ដែនទឹកដ៏សំបូរធនធានធម្មជាតិនិងជាផ្លូវពាណិជ្ជកម្មដ៏សំខាន់នេះ ជាប្រភពជម្លោះដណ្តើមទឹកដីជាយូរមកហើយពាក់ព័ន្ធប្រទេសចិន ហ្វីលីពីន ព្រុយណេ វៀតណាមម៉ាឡេស៊ីនិងកោះតៃវ៉ាន់៕ដោយៈវាសនា