ចិន​បញ្ជូន​ទំនិញ​វេជ្ជសាស្ត្រ​តាម​យន្តហោះ​ធំ​បំផុត​ក្នុង​លោក​ទៅ​កាន់​ប៉ូឡូញ

251
ចែករម្លែក

​យន្តហោះ​ដឹកទំនិញ​ធំ​បំផុត​ក្នុង​លោក បាន​ហោះ​ចេញ​ពី​ចិន​ទៅកាន់​ប្រទេស​ប៉ូឡូញ ជា​ផ្នែក​នៃ​ការផ្គត់ផ្គង់​គ្រឿង​វេជ្ជសាស្ត្រ​ទម​ន្ង់​៤០០​តោន​ទៅ​កាន់​អឺរ៉ុប​ចំពេល​ជំងឺ​កូវី​ដ​១៩​វាយប្រហារ​ទ្វីប​នេះ​។​

​យន្តហោះ Antonov An-225 Mriya បាន​ចុះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទៀន​ជីន ប៊ីនហាយ នៅ​ចិន​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មេសា ដើម្បី​ដឹក​ទំនិញ​វេជ្ជសាស្ត្រ​២៥០​តោន​។​Mriya​ត្រូវ​ជួល​​ដោយ​រដ្ឋាភិបាល​ប៉ូឡូញ និង​បាន​ចុះចត​នៅ​ទីក្រុង​វ៉ា​សូវី កាលពី​ថ្ងៃ​១៤​មេសា ដោយ​ដឹក​ទំនិញ​រួម​មាន​ម៉ា​ស់មុខ​ពេទ្យ​៧​លាន ព្រមទាំង​របាំងមុខ​និង​សម្លៀក​បំពាក់​ពេទ្យ​។​

​នៅ​ពេល​ប្រទេស​ជាច្រើន​សរសើរ​ចិន​ចំពោះ​ជំនួយ​វេជ្ជសាស្ត្រ​ក្នុងពេល​ពួកគេ​ជួប​គ្រោះអាសន្ន​បង្កឡើង​ដោយ​ជំងឺ​កូវី​ដ​១៩ ប្រទេស​មួយចំនួន​ទៀត​មាន​អារម្មណ៍​ថា​វា​អាច​ជា​ផ្នែក​នៃ​«​កិច្ចការ​ទូត​ម៉ា​ស់មុខ​»​របស់​ចិន​ដើម្បី​ជួសជុល​មុខមាត់​របស់​ខ្លួន ដែល​រង​ការខូចខាត​ចាប់តាំងពី​វីរុស​កូរ៉ូណា​ចាប់ផ្តើម​បង្ហាញ​វត្តមា​ន​ដំបូង​។​

​ក្រសួង​ទ្រព្យសម្បត្តិ​រដ្ឋ​ប៉ូឡូញ បាន​និយាយថា ការជួល​យន្តហោះ​នេះ​ដឹក​ទំនិញ​មួយ​ជើង​ស្មើនឹង​ការដឹក​តាម​យន្តហោះ Boeing 787 ដល់​ទៅ​១០​ជើង​។​ទោះ​ជា​យន្តហោះ​មាន​សមត្ថភាព​ដឹក​ដល់​ទៅ​២៥០​តោន តែ​វា​ត្រូវ​ការដឹក​២​ជើង​ដើម្បី​នាំ​ទំនិញ​ចិន​៤០០​តោន​អស់​។​

​សារព័ត៌មាន​ចិន​ក៏​បាន​រាយការណ៍​ថា អាឡឺម៉ង់ ក៏​នឹង​ជួល​យន្តហោះ​ខ្នាត​យក្ស​នេះ​ដឹកទំនិញ​វេជ្ជសាស្ត្រ​ពី​ចិន​ផង​ដែរ ៕​ប្រែ​សម្រួល​៖​វាសនា​

យន្តហោះ​ដឹកទំនិញ​ធំ​បំផុត​ក្នុង​លោក Antonov An-225 Mriya នៅលើ​ផ្លូវរ​ត់នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ទៀន​ជីន ប៊ីនហាយ នៅ​ចិន​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​ទី​១២​មេសា ដើម្បី​ដឹក​ទំនិញ​វេជ្ជ​​សាស្ត្រ​ទៅ​កាន់​ទីក្រុង​វ៉ា​សូវី ប្រទេស​ប៉ូឡូញ​