ចិន​បដិសេធ​ការប្រើ​ទស្សនកិច្ច​របស់​គីម ជុង អ៊ុន​ជាការ​យក​ព្រៀប​ក្នុង​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

598
ចែករម្លែក
  • 11
    Shares

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង (Lu Kang )​បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្យាយាម​ប្រើ​ទំនាក់ទំនង​រឹងមាំ​​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ជាការ​កេង​យក​ព្រៀប​ជាង នៅក្នុង​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ប៉េកាំង​។​

​លោក លូ កាំ​ង​បាន​និយាយថា “​សម្រាប់​ជំហរ​របស់​យើង​ចំពោះ​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​នោះ គឺថា​វា​បើកចំហ​និង​មាន​តម្លាភាព​។​ដូច្នេះ​ខ្ញុំ​​ជឿជាក់ថា យើង​មិនចាំបាច់​ប្រើ​បណ្តាញ​ផ្សេងទៀត​ដើម្បី​បញ្ជូន​ព័ត៌មាន​ខ្លះ​ទៅកាន់​សហរដ្ឋអាមេរិក​ទេ​។ សហរដ្ឋអាមេរិក​ដឹង​ច្បាស់​អំពី​ជំហរ​របស់​យើង​”​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​អាចមាន​ការទាក់ទងរ​វាង​ក្រុមមន្ត្រី​អាមេរិក​និង​ក្រុមមន្ត្រី​កូរ៉េខាងជើង​នៅ​ទីក្រុង​ប៉េកាំង​ដែរឬទេ​នោះ លោក លូ កាំ​ង បាន​និយាយ​យ៉ាងខ្លី​ថា “​ប្រតិភូ​ទាំង​២​នេះ​មិនមាន​កម្រិត​ដូចគ្នា​នោះទេ​”​។​

​កាលពីពេល​មុននេះ បណ្តាញសារព័ត៌មាន​បាន​រាយការណ៍​ថា លោក គីម ជុង​អ៊ុន បាន​មកដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​។ ​ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​កូរ៉េខាងជើង​នេះ កើតឡើង​ស្របពេល​គ្នា​នឹង​ការចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​នៅ​ទីក្រុង​ប៉េកាំង ដែលនាំឱ្យ​មានការ​​លើកឡើង​នៅ​បណ្តាញសារព័ត៌មាន​ថា ចិន​អាច​នឹង​ប្រើប្រាស់​ទំនាក់ទំនង​រប​ស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ជា​សន្លឹក​បៀ​មាន​ព្រៀប​ឈ្នះ​ជាង​ក្នុង​ការចរចា​​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោក​លូ ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​តែងតែ​ដើរតួនាទី​សំខាន់​មួយ​អំពី​បញ្ហា​ឧបទ្វីប​កូរ៉េ និង​គាំទ្រ​ការទាក់ទង​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ដើម្បី​សំរេចបាន​លទ្ធ​ផល​វិជ្ជមាន​មួយ​លើ​បញ្ហា​នុយក្លេអ៊ែរ​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ចិន​តែងតែ​ជា​កម្លាំង​រុញ​គាស់​ដ៏​សំខាន់​មួយ​ដើម្បី​សន្តិភាព​និង​ស្ថិរភាព​លើ​ឧបទ្វីប​កូរ៉េ និង​ដើម្បី​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី​មួយ​​នៃ​បញ្ហា​នេះ​។​ចិន​បន្ត​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជំរុញ​ដំណើរការ​នេះ​»​។​

​លោកអ្នក​នាំពាក្យ​បាន​បន្ថែមថា មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ចិន​និង​កូរ៉េខាងជើង​នឹង​ពិភាក្សា​ព្រមទាំង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ស៊ី​ជំរៅ​អំពី​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ការ​​ព្រួយបារម្ភ​រួម ៕ដោយ៖សុខា/វាសនា

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាំ​ង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​