ចិន​យល់ព្រម​ដោះដូរ​រូបិយប័ណ្ណ ៩ ពាន់​លាន​ដុល្លារ​ជាមួយ​អា​ហ្ស​ង់​ទីន​

1015
ចែករម្លែក

​ធនាគារកណ្តាល​ចិន​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​២​ធ្នូ​ថា ចិន​និង​អា​ហ្ស​ង់​ទីន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ​ចំនួន ៩ ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើន​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ប្រទេស​អាមេរិក​ខាងត្បូង​ដែល​ញាំញី​ដោយ​វិបត្តិ​នេះ​។​

​ដោយ​ជួប​ការលំបាក​ក្នុងការ​ងើប​ស្ទុះ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​រូបិយប័ណ្ណ​កាលពីដើម​ឆ្នាំនេះ ប្រទេស​សេដ្ឋកិច្ច​ធំ​ទី ៣ របស់​អាមេរិក​ឡាទីន​នេះ​បាន​ស្វែងរក​ជំនួយ​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ (IMF) ដែល​បានអនុម័ត​កញ្ចប់​ឥណទាន​ចំនួន ៥៦ ពាន់​លាន​ដុល្លារ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ធនាគារកណ្តាល​ចិន​បានឱ្យដឹងថា កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ​នឹង “​រួមចំណែក​ធ្វើឱ្យមាន​ស្ថិរភាព​ហិរញ្ញវត្ថុ​កាន់តែខ្លាំង​និង​ជួយ​សម្រួល​ពាណិជ្ជកម្ម​” រវាង​ចិន​និង​អា​ហ្ស​ង់​ទីន​។​

​ការដោះដូរ​រូបិយប័ណ្ណ​នេះ​នឹង​ឃើញ​ភាគី​ទាំង​២​ព្រមព្រៀងគ្នា​ដោះដូរ​រូបិយប័ណ្ណ​បរទេស​ក្នុង​ចំនួន​ជាក់លាក់​មួយ​នៅ​អត្រា​កំណត់​ជាមុន​កំណត់ ដើម្បី​ការពារ​ប្រឆាំងនឹង​ការប្រែប្រួល​អត្រា​។​

​ធនាគារកណ្តាល​របស់​អា​ហ្ស​ង់​ទីន​នឹង​អាច​ដកយក​មូលនិធិ​ទាំងនេះ​ក្នុង​គ្រាអាសន្ន​។​

​កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ ខណៈពេលដែល​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​សម​ភាគី​អា​ហ្ស​ង់​ទីន​លោក ម៉ូ​រី​ស៊ីអូ ម៉ា​គ្រី សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​។​

​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​សរុប​ចំនួន ៣០​។​

​លោក​ស៊ី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​កំពុង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សេដ្ឋកិច្ច កសិកម្ម ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​”​។​

​បន្ទាប់ពី​ប្រេ​ស៊ី​ល ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី ២ របស់​អា​ហ្ស​ង់​ទីន​។​

​នៅ​ឆ្នាំ ២០១៧ ទំនាក់ទំនង​នេះ​បាន​នាំ​ប្រយោជន៍​ភាគច្រើន​ទៅខាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ពោលគឺ​ចិន​បាន​នាំចេញ​ទំនិញ​តម្លៃ ១៧ ពាន់​លាន​ដុល្លារ​មក​អា​ហ្ស​ង់​ទីន ខណៈដែល​នាំចូល​ទំនិញ​តម្លៃ​ត្រឹម ៨ ពាន់​លាន​ដុល្លារ​ពី​អា​ហ្ស​ង់​ទីន​វិញ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អា​ហ្ស​ង់​ទីន លោក​ម៉ូ​រី​ស៊ីអូ ម៉ា​គ្រី (​ឆ្វេង​) ទទួល​ស្វាគមន៍​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​កាលពី​ថ្ងៃអាទិត្យ