ចិន​អំពាវនាវ​ឱ្យ​ប្រជាជន​ខ្លួន​ប្រយ័ត្ន​សុវត្ថិភាព​ក្នុងប្រទេស​វៀតណាម បន្ទាប់ពី​ផ្ទុះ​ការតវ៉ា​ជុំវិញ​តំបន់​សេដ្ឋកិច្ច​ថ្មី​

1612
ចែករម្លែក
  • 1.4K
    Shares

​ចិន​បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់ខ្លួន​នៅ​វៀតណាម​បន្ទាប់ពី​ក្រុមអ្នកតវ៉ា​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ជុំវិញ​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​សម្រាប់​ការវិនិយោគ​បរទេស​ដែល​បាន​ជំរុញឱ្យមាន​អារម្មណ៍​ប្រឆាំងនឹង​ចិន​នៅក្នុង​ប្រទេស​នេះ​។​

​បាតុករ​ជាង ១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ប៉ូលិស​រាប់សិប​នាក់​បាន​រងរបួស​នៅក្នុង​ការតវ៉ា​មួយ​នៅ​វៀតណាម​ភាគ​កណ្តាល​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា ដែលជា​បាតុកម្ម​មួយ​ក្នុងចំណោម​បាតុកម្ម​ជាច្រើន​នៅ​ទូទាំងប្រទេស​ប្រឆាំងនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ពួក​អ្នកជំទាស់​បារម្ភ​ថា​នឹងត្រូវ​គ្របដណ្ដប់​ដោយ​វិនិយោគិន​ចិន​។​

​ស្ថានទូត​ចិន​នៅ​ទីក្រុង​ហាណូយ​បានចេញ​ផ្សាយ​សេចក្តីជូនដំណឹង​មួយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ដែល​សំដៅទៅ​ការតវ៉ា​នេះ​ថា​ជា “​ការប្រមូលផ្តុំ​ដោយ​ខុសច្បាប់​” ដែល​រួមមាន “​មាតិកា​ប្រឆាំង​ចិន​” មួយចំនួន​។​

​សេចក្តីជូនដំណឹង​នេះ​បាន​និយាយថា “​ស្ថានទូត​ចិន​នៅក្នុង​ប្រទេស​វៀតណាម​កំពុងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការវិវឌ្ឍ​ពាក់ព័ន្ធ​នានា និង​រំលឹក​ប្រជាជន​ចិន​នៅ​វៀតណាម​ឱ្យ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រ​”​។​

​រដ្ឋសភា​វៀតណាម​បាន​យល់ព្រម​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មិថុនា​ដើម្បី​ពន្យារពេល​ការបោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​ដែល​នឹង​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​អាច​ជួល​ដី​បាន​រហូតដល់ ៩៩ ឆ្នាំ​និង​ផ្តល់​ការលើកទឹកចិត្ត​និង​ការ​រឹតបន្តឹង​តិចជាង​ពេលបច្ចុប្បន្ន​នៅក្នុង​ប្រទេស​នេះ​។​

​លោកស្រី ង្វៀន ធី គីម ង៉ាន ប្រធានសភា​បាន​និយាយថា ក្រុមអ្នកតវ៉ា​ប្រហែលជា​យល់ច្រឡំ​អំពី​សេចក្តីព្រាងច្បាប់​នេះ​។​

​លោកស្រី​ង៉ាន​និយាយថា “​ប្រជាជន​គួរតែ​ស្ងប់ចិត្ត ជឿជាក់​លើ​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស និង​រដ្ឋ ជាពិសេស​នៅក្នុង​ការពិត​ដែលថា រដ្ឋសភា​តែងតែ​ស្ដាប់​មតិ​របស់​ប្រជាពលរដ្ឋ​នៅពេល​ពិភាក្សា​អំពី​សេចក្តីព្រាងច្បាប់​”​។​

​ការតវ៉ា​ជា​សាធារណៈ​គឺ​មិនមែនជា​រឿង​កម្រ​អី​នោះទេ​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​តែងតែ​ត្រូវបាន​ទប់ស្កាត់​យ៉ាង​ឆាប់រហ័ស​ដោយ​ប៉ូលិស​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​វៀតណាម​ប្រមូលផ្តុំ​នៅ​ហាណូយ​តវ៉ា​រឿង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី