ចិន​២​នាក់​លក់​ឧបករណ៍​តេស្ត​រក​វីរុស​កូ​វីដ​១៩​ខុសច្បាប់​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ

148
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ល្ងាច​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​នេះ​លោក​កេ​ត​សុជាតិ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ “​ឆបោក​” ។​
​ពាក់ព័ន្ធ​ករណី​លក់​និង​ចែកចាយ​ឧបករណ៍​តេស្ត​រក​វីរុស​កូ​វីដ​១៩​ដែល​ក្រសួងសុខាភិបាល​ហាមឃាត់​និង​ប្រកាសថា​ជាការ​ខុសច្បាប់​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​គុជ​គឹម​ឡុង​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០២០​កន្លងទៅ​កម្លាំង​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុងនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ចារកម្ម បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ នៅខាងមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាមផ្លូវ​សហព័ន្ធរុស្ស៊ី​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។​នៅពេលដែល​កំពុងតែ​ចុះ​លក់​និង​ចែកចាយ​ផលិតផល​ហាមឃាត់​គឺ​ឧបករណ៍​តេស្តរ​កវី​រុស​កូ​វីដ​១៩ ដោយ​ខុសច្បាប់ ។​


​ជនសង្ស័យ​មានឈ្មោះ​ជី​ង​ហាយ​ឈឹង​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​និង​ឈ្មោះ​ឈិន​អ៊ីង​ហ្វា​ន​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​។​សមត្ថកិច្ច​រឹបអូស​បាន​ផលិតផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​ដោយ​ខុសច្បាប់​ចំនួន​១៣​ប្រអប់​ធំ​ស្មើនឹង​ចំនួន​២៦០​ប្រអប់​តូច ៕S/​