ចុះមើលការអនុវត្តគំរោងកសិកម្មថ្មីដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅខេត្តកំពត (ASPIRE)

85
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោករដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយលោកអភិបាលរងខេត្ត និងសហការីបាន ចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE” នៅ ស្រុកបន្ទាយមាស ខេត្តកំពត។

ដូចកម្មវិធីដែលបានគ្រោងទុកនៅព្រឹកថ្ងៃដដែលនេះ លោករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្ស កសិដ្ឋានបន្លែផ្ទះសំណាញ់ ការបូមទឹកដោយប្រើថាមពលព្រះអាទិត្យ ទស្សនាបន្លែ(ត្រសក់ ត្រកួន ស្ពៃ ត្រប់ ននោង សណ្តែកគួ ម្ទេស ត្រឡាច ជីគ្រប់មុខ និងល្ពៅ) របស់លោក ទេស សារី នៅភូមិព្រៃធំ ឃុំទូកមានខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ជួបសមាជិកសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែព្រៃធំ ធាតុចូលដែលផលិត និងលក់ចែក ចាយដោយសហគមន៍ព្រៃធំ និងបណ្តុំអាជីវកម្មធាតុចូលកសិកម្ម។
ជួប​ជាមួយបណ្តុំអាជីវកម្មមាន់សាច់ នៅភូមិតាព្រឹត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។

ដើរពិនិត្យចំការបន្លែបណ្តើរ ជួបសួរសំណេះសំណាលបណ្តើរជាមួយលោក ទេស សារី និងលោក យឹម បុណ្យ ម្ចាស់កសិដ្ឋាន និងជាប្រធានសហគមន៍ផងនោះ លោកទទួលបានព័ត៌មានសំខាន់ៗជាច្រើនដែលកើតឡើងពីសកម្មភាពអនុវត្តគម្រោងនេះផ្ទាល់ទាំងចំណុចវិជ្ជមាន និងចំណុចខ្វះ ខាតទាក់ទងការប្រាក់ចំណូល ទុនសន្សំក្នុងសហគមន៍ ការអនុវត្តបច្ចេកទេសដូចជាការដាំដុះ ថែទាំ ប្រមូលផល វេចខ្ចប់ រក្សាទុកដាក់ ស្លាកសញ្ញា ការដឹកជញ្ជូន ខ្វះប្រភពទឹក និងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មកលោកបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបណ្តុំអាជីវកម្មមាន់សាច់ អំពីសមិទ្ធផលសំខាន់ៗដែលទទួលបានពីការ អនុវត្តគម្រោង កម្រិតជីវភាព សុខទុក្ខ និងសុខភាពជាចំបងដែលទាក់ទងនឹងជំងឺកូវីដ-១៩។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីខាងលើទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចយើងបានឃើញនាព្រឹកនេះ។ លោកបានលើកឡើងថាជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាពតាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍សមត្ថភាពរបស់ប្រជាកសិករ បណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

បច្ចុប្បន្ន កម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ៖ ទី១. ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូច និងទី២. ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។

យោងលើសមិទ្ធផលដ៏ធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញលេញ នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩- ២០២៣ ក្នុងទិសដៅគោលគឺទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពប្រាក់ ចំណូល និងនរវានុវត្តន៍ឱ្យទាន់ទៅហ្នឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទដែលពិភពលោកបាននិងកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។

ទាក់ទងនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ លោករដ្ឋមន្ត្រីបានណែនាំឲ្យអង្គភាពអនុវត្ត និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាង ណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយកឱកាសមាសនេះមកកាន់ក្នុងដៃឱ្យបានដោយត្រូវបង្កើនការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ អាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញ លេញជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណងាយស្រួល និងឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងក្នុងទិសដៅចំបងគឺបង្កើនការផលិតក្នុងស្រុកឱ្យបានគ្រប់គ្រាន់ក្នុងខណ:ដែលយើងបិទការនាំចូលកសិផលពីខាងក្រៅ។ ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត លោកបានស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ ព័ន្ធ និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវ ការពិតប្រាកដរបស់ប្រជា ជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល៕/B