ចែកស៊ីមឥតគិតថ្លៃដល់សហគមន៍វេជ្ជសាស្រ្តក្នុងក្រុងព្រះសីហនុ

87
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ដើម្បីជួយសម្រួលក្រុមគ្រូពេទ្យ ក្រុមហ៊ុនសែលកាត ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានធ្វើការចែកស៊ីមដោយឥតគិតថ្លៃដល់គ្រូពេទ្យ និង បុគ្គលិកពេទ្យនៅក្នុងក្រុងព្រះសីហនុចំនួន ៨០ នាក់ ដោយអាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ រហូតដល់ស្ថានភាពនៃជម្ងឺ Covid-19 ត្រូវបានបញ្ចប់ទៅវិញ។

ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះបានឱ្យដឹងក្នុងសេចក្តីប្រកាសរបស់ខ្លួនថាការផ្តល់ជូននេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាតបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងសហការជាមួយក្រសួងសុខាភិបាល ដើម្បីធានាឱ្យបានថារាល់វេជ្ជបណ្ឌិត និង បុគ្គលិកពេទ្យ នៅទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវការហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ ទៅតាមតម្រូវការប្រើប្រាស់របស់ពួកគាត់។

វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យជាង ១២០០ នាក់ ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទចល័តសែលកាតត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃលើការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធ និងផ្ញើសារ ដោយគិតថ្លៃកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន។រាល់វេជ្ជបណ្ឌិតដែលបានចុះបញ្ជីនៅក្រសួងសុខាភិបាលទាំងអស់ នឹងមានសិទ្ធិទទួលបានការផ្តល់ជូននេះ ហើយក្នុងករណីមិនទាន់មានស៊ីមសែលកាតសម្រាប់ប្រើប្រាស់ ក្រុមហ៊ុននឹងរៀបចំយកទៅជូនពួកគាត់ដោយឥតគិតថ្លៃ។

ប្រភព្វដដែលនេះបានបញ្ជាក់ថាគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការឆ្លើយតបរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបចំពោះមេរោគ Covid-19 ក្រោមការដឹកនាំផ្ទាល់ដោយលោកអគ្គនាយក អ្នកឧកញ៉ា គិតម៉េង ដែលគាត់កំពុងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានលើកឡើងថា៖ “ការឆ្លើយតបនេះ ត្រូវតែរួមបញ្ចូលទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅជួរមុខទាំងអស់ ព្រោះពួកគេកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 និង ព្យាបាលអ្នកជម្ងឺដែលកំពុងមានបញ្ហាស្រាប់”៕/B