ចៅអធិការ​វត្ត​ឧ​ត្ត​រ​គី​រី​ទួល​អណ្តែត ​ប្រើ​អំពើ​ហិង្សា​លើ​នេន​ពីរ​អង្គ​ បង្ក​របួសស្នាម​

746
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា ឆ្នាំ​២០១៩​នេះ ​ភ្នាក់ងារ​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះវិហារ​បានទទួល​ព័ត៌មាន​ថា​ ព្រះចៅអធិការ​វត្ត​ឧ​ត្ត​រ​គី​រី​ទួល​អណ្តែត​(​ហៅ​វត្ត​ថ្នល់​បែក​)​ស្ថិតក្នុង​ភូមិ​ថ្នល់​បែក ​ឃុំ​ថ្មី​ស្រុក​គូលែន ​ខេត្តព្រះវិហារ​ព្រះចៅអធិការ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅលើ​នេន​ពីរ​អង្គ​បណ្តាលឱ្យ​រងរបួស​។​ករណីនេះ​បានកើត​ឡើង​តាំង​កាលពី​ថ្ងៃទី​៥​ខែកក្កដា​​ឆ្នាំ​២០១៩​កន្លងទៅ​សមត្ថកិច្ច​នគរបាល​ថា​នឹង​អនុវត្ត​ន៍ទៅតាម​នីតិវិធី​ច្បាប់​។​

​ព័ត៌មាន​ពី​នគរបាល​ខេត្តព្រះវិហារ​បានបញ្ជាក់​ដល់​សាធារណជន​និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​តាម​ប្រព័ន្ធ​Telegram​ថា ​ករណីនេះ​ត្រូវតែ​អនុវត្ត​ន៍ទៅតាម​នីតិវិធី​ច្បាប់​។​ចំពោះ​ទង្វើ​ដែល​ព្រះចៅអធិការ​វត្ត​ឧ​ត្ត​រ​គិរី​ទួល​អណ្តែត​បាន​ប្រព្រឹត្ត​ទៅលើ​សង្ឃ​ពីរ​អង្គ​បណ្តាលឱ្យ​រងរបួស​នៅក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​។​ទោះបី​មិនមាន​បណ្តឹង​ពី​ឪពុកម្តាយ​សង្ឃ​រងគ្រោះ​ទាំងពីរ​អង្គ​នោះ​ក្តី​។​

​ប្រភព​បាន​បន្តថា​មាន​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​បង្កឡើង​ដោយ​ព្រះចៅអធិការ​ព្រះនាម​សាយ​នី​ព្រះជន្ម​៥៣​វស្សា​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា​លើ​ព្រះសង្ឃ​ពីរ​អង្គ​។​ខណៈពេល​សង្ឃ​ទាំងពីរ​អង្គ​នោះ ប្រឡែង​គ្នា​នៅលើ​សាលាឆាន់​ដោយ​ហាម​មិន​ស្ដាប់​ក៏​កើតជា​កំហឹង​ចាប់​លោកសង្ឃ​ទាំងពីរ មក​វាយ​នឹង​ខ្សែភ្លើង​ទះ​ទាត់​បណ្ដាលឱ្យ​រងរបួស​ពេញ​ខ្នង​និង​មុខ​ទាំងពីរ​អង្គ​។​

​អង្គ​រងគ្រោះ​ទី​១ ព្រះនាម ភ័ណ ហេង​ឡុង ព្រះជន្ម ១៣​វស្សា​ រងរបួស​ខ្នង​និង​មុខ និង​អង្គ​ទី​២ ព្រះនាម ស៊ីម​ សាយ ​ព្រះជន្ម​១៤​វស្សា​​ ទាំងពីរ​អង្គ​គង់នៅ​វត្ត​ជាមួយគ្នា​។​ក្រោយ​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​សួរនាំ​។​ប៉ុន្តែ​អាណាព្យាបាល​បាន​ឆ្លើយថា​មិន​ប្ដឹងផ្ដល់​ទេ​ដោយ​គ្រាន់តែ​ឱ្យ​អាជ្ញាធរ​និង​ការិយាល័យ​ធម្មការ​ស្រុក​អប់រំ​ណែនាំ​ព្រះគ្រូ​ចៅអធិការ​កុំឱ្យ​ប្រព្រឹត្ត​សកម្មភាព​បែបនេះ​តទៅទៀត​។​ចំណែក​សង្ឃ​រងគ្រោះ​ទាំងពីរ​អង្គ​ត្រូវបាន​អាណាព្យាបាល​យកទៅ​ព្យាបាល​នៅផ្ទះ​រៀងខ្លួន​។​

​ទាក់ទិន​ករណី​ប្រើ​អំពើ​ហឹ​ង្សា​លើ​នេន​ពីរ​អង្គ​បង្ក​របួសស្នាម​នេះ​ សារព័ត៌មាន​រស្មី​កម្ពុជា​មិនទាន់​សុំ​ការបំភ្លឺ​ពី​ព្រះចៅអធិការ​ព្រះនាម​សាយ ​នី ​បាន​នៅឡើយ​ទេ​ដោយ​អត់​មាន​លេខ​ទួ​រ​ស័ព្ទ​ទំនាក់ទំនង​។​ប៉ុន្តែ​សារព័ត៌មាន​រស្មី​កម្ពុជា​រង់ចាំ​ទទួល​ការបញ្ជាក់​ពីសា​មីហេតុ​ដើម្បី​ផ្សាយ​ជួន​នៅ​លេខ​ក្រោយ​ទៀត​៕S/Ha