ចំនួនស្លាប់ដោយសារកូវីដ១៩ថយចុះនៅអឺរ៉ុប ខណៈប្រទេស រងគ្រោះធ្ងន់ធ្ងរបំផុតកំពុងត្រៀមបើកប្រទេសឡើងវិញ

109
ចែករម្លែក

ជំងឺរាតត្បាតកូវីដ១៩បានបង្ហាញសញ្ញាដំបូងនៃការថមថយនៅអឺរ៉ុប ខណៈអ៊ីតាលី អេស្ប៉ាញនិងបារាំងដែលជាប្រទេសរងគ្រោះខ្លាំងបំផុតក្នុងតំបន់បានរាយការណ៍ពីការកើនឡើងតិចតួចបំផុតនៃការស្លាប់ក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយអាល្លឺម៉ង់កំពុងត្រៀមខ្លួនដើម្បីចាប់ផ្តើមធ្វើពាណិជ្ជកម្មម្តងទៀត។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសអេស្ប៉ាញបានកើនឡើង ៤១០ ដែលសរុបមានចំនួន ២០.៤៥៣ នាក់កាលពីថ្ងៃអាទិត្យ (១៩ មេសា) ដែលជាការកើនឡើងតិចបំផុតប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ២២ ខែមីនា។

ប្រទេសអ៊ីតាលីបានរាយការណ៍អ្នកស្លាប់តិចតួចបំផុតក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដោយមានអ្នកស្លាប់ចំនួន ៤៣៣ នាក់ដោយសារកូវីដ១៩ ខណៈអ្នកស្លាប់នៅប្រទេសបារាំងបានកើនឡើងក្នុងល្បឿនយឺតបំផុតក្នុងរយៈពេលបីសប្តាហ៍មកនេះ។

ទិន្នន័យនៅប្រទេសអាល្លឺម៉ង់និងចក្រភពអង់គ្លេសក៏បានបង្ហាញ វិធានការ រក្សាគម្លាតពីគ្នាកំពុងមានប្រសិទ្ធភាពផងដែរ។ ទោះយ៉ាងណា ការងើបចេញពីការ បិទប្រទេសមិនត្រូវបានធ្វើតាមលំនាំដែលមានលក្ខណៈស្មើគ្នានោះទេ។

អាល្លឺម៉ង់អនុញ្ញាតឱ្យហាងតូចៗ ហាងលក់រថយន្ត ហាងលក់កង់និងហាងលក់ សៀវភៅបើកឡើងវិញនៅថ្ងៃចន្ទទី២០មេសានេះ ហើយសាលារៀន នឹងចាប់ផ្តើមឱ្យសិស្សនិស្សិតមួយចំនួនចូលរៀនវិញនៅដើមខែឧសភាក្នុងជំហានពីរបីដំបូងដើម្បីវិលមករកប្រក្រតីភាពវិញ។

ផ្ទុយទៅវិញក្នុងប្រទេសអេស្ប៉ាញ នាយករដ្ឋមន្រ្តីលោក ប៉េត្រូ សាន់ឆេស បាននិយាយថា ការបិទប្រទេស ដែលបានដាក់ចេញនៅនឹងកន្លែងចាប់តាំង ពីពាក់កណ្តាលខែមីនា អាចត្រូវបន្លាយពេលដល់ខែឧសភា ហើយប្រទេសអ៊ីតាលី នឹងមិនធ្វើការបន្ធូរបន្ថយសំខាន់ណាមួយទេនៅមុនថ្ងៃទី ៤ ខែឧសភា។

នាយករដ្ឋមន្រ្តីបារាំង លោក អេឌូអាដ ហ្វីលីព បាននិយាយថា រដ្ឋាភិបាលនៅតែ កំពុងធ្វើការលើផែនការរបស់ខ្លួនដើម្បីបើកប្រទេសឡើងវិញពីការសម្ងំលាក់ខ្លួនដោយសារវីរុសកូរ៉ូណានៅថ្ងៃទី ១១ ខែឧសភា៕ ដោយ៖ កញ្ញាដាលីស/Ha

ស្ត្រីម្នាក់អង្គុយមើលកូនភ្នំមួយនៅក្នុងទីក្រុងរ៉ូមកាលពីថ្ងៃទី១៩មេសា