ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​កើន​ជិត​១​សែន​នាក់ តែ​ពិភពលោក​មើល​ឃើញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​

154
ចែករម្លែក

​ជា​ថ្ងៃ​ដ៏​រន្ធត់​មួយ​ទៀត​ដែល​ពិភពលោក​ឃើញ​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​កើន​ហួស​៩៤.០០០​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១០​មេសា តែ​ទោះជា​យ៉ាងណា​មាន​សញ្ញា​សង្ឃឹម​ខ្លះ ដែល​ថា​វិបត្តិ​សុខភាព​សកល​​នេះ​អាច​ឈាន​ដល់​ចំណុច​កំពូល​និង​កំពុង​ធ្លាក់ចុះ​មក​វិញ​នៅ​អាម៉េរិក​និង​អឺរ៉ុប​។​

​រូបភាព​នៃ​មហន្តរាយ​សេដ្ឋកិច្ច​ក៏​កាន់តែច្បាស់ ដោយ​អង្គការ​IMF ព្រមាន​អំពី​មហា​វិបត្តិ​សេដ្ឋកិច្ច ហើយ​ទិន្នន័យ​បង្ហាញថា ពលរដ្ឋ​អាម៉េរិក​ប្រមាណ​១៧​លាន​នាក់​បាត់បង់​ការងារ​ធ្វើ តែ​កិច្ចព្រមព្រៀង​​បញ្ចេញ​កញ្ចប់​ថវិការ​សង្គ្រោះ​របស់​សហភាព​អឺរ៉ុប​ដ៏​ធំ​មួយ ផ្តល់​ភាព​ធូរស្រាល​ខ្លះ​។​

​មនុស្ស​១.៧០០​នាក់​ទៀត​បាន​ស្លាប់​នៅ​អាម៉រិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​រាប់​ពាន់​នាក់​ទៀត​ស្លាប់​នៅ​អឺរ៉ុប នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​សរុប​នៅ​ទូទាំង​ពិភពលោក​ឡើង​ហួស​៩៤.០០០​នាក់​។​ជិត​ពាក់​កណ្តា​​ល​នៃ​ការស្លាប់​នេះ កើត​ឡើង​ក្នុង​មួយ​សប្តាហ៍​កន្លងមកនេះ​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​នៅ​អឺរ៉ុប​និង​អាម៉េរិក​បាន​និយាយថា​មាន​ការធ្លាក់​ចុះ​ចំនួន​ស្លាប់​និង​ឆ្លង​ប្រចាំថ្ងៃ​បន្តិច ដែល​វា​ផ្តល់​ហេតុផល​សំរាប់​ក្តីសង្ឃឹម​ថា​វិបត្តិ​ដ៏​អាក្រក់​នេះ​អាច​នឹង​ចប់​។​

​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោកប៉េ​ដ្រូ សាន់​ឆេស ដែល​ប្រទេស​លោក​មាន​មនុស្ស​ស្លាប់​ចុះ​ពី​ជាង​៧០០​នាក់​មក​ជាង​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​កាល​ពី​មួយ​ថ្ងៃមុន​បាន​និយាយថា « ភ្លើង​បង្កឡើង​ដោយ​ជំងឺឆ្លង​​កូវី​ដ​១៩​ចាប់ផ្តើម​ស្ថិត​ក្រោម​ការគ្រប់គ្រង​បាន​។​អាទិភាព​របស់​យើង​ឥឡូវ មិន​ថយក្រោយ​ទេ គឺ​មិន​វិល​ទៅ​កាន់​ចំណុច​ចាប់ផ្តើម​ទេ មិន​បន្ថយ​ការប្រុងប្រយ័ត្ន​ឡើយ​»​។​

​បារាំង​ក៏​បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​នៅក្នុង​កន្លែង​សង្គ្រោះបន្ទាន់​តិច​ជាង​មុន​៨២​នាក់ ជា​ការធ្លាក់​ចុះ​លើកដំបូង​ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង​។​

​ចំណែក​លោក អ៊ែន​ថូ​នី ហ្វោ​ស៊ី អ្នកជំនាញ់​ជំងឺឆ្លង​របស់​រដ្ឋាភិបាល​អាម៉េរិក បាន​និយាយថា សហរដ្ឋ​អាម៉េរិក «​កំពុង​ស្ថិត​ក្នុង​ទិសដៅ​ត្រឹមត្រូវ​»​។​

​អាម៉េរិក​កាលពី​ថ្ងៃ​១០​មេសា​បាន​កត់​ត្រាំ​ឃើញ​មនុស្ស​ស្លាប់​១.៧៨៣​នាក់​នៅ​២៤​ម៉ោង​កន្លងមក ដោយ​ទាប​ជាង​ចំនួន​ស្លាប់​កាលពី​មួយ​ថ្ងៃមុន​ដែល​មាន​ចំនួន​១.៩៧៣​នាក់​។​សរុប​អាម៉េរិក​មាន​អ្នកស្លាប់​​ជាង​១៦.៥០០​នាក់ ជា​តួលេខ​ខ្ពស់​បំផុត​បន្ទាប់​ពី​អ៊ីតាលី និង​មាន​អ្នក​កើតកូ​វីដ​១៩​ជាង​៤៦០.០០០​នាក់​។​

​នៅ​ក្រុង​ញូវយ៉ក ដែល​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ នៅ​អាម៉េរិក មាន​អ្នក​ចូល​ពេទ្យ​តែ​២០០​នាក់ ជា​ចំនួន​ទាប​បំផុត ចាប់តាំងពី​ជំងឺ​នេះ​ផ្ទុះ​ឡើង​នៅ​ទីនោះ តែ​អ្នកជំងឺ​៧៩៩​នាក់​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងមក​។​

​ព័ត៌មាន​គួរអោយ​លើកទឹកចិត្ត​មួយទៀត គឺ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ច​ន​សុន បានបញ្ចប់​ការ​ដេក​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​រយៈពេល​៣​ថ្ងៃ​។​តែ​ទោះជា​យ៉ាងណា អង់គ្លេស​បាន​រាយ​​ការណ៍​មនុស្ស​ស្លាប់​៨៨១​នាក់​ទៀត​កាលពី​ថ្ងៃ​០៩​មេសា ដែល​នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​នៅ​អង់គ្លេស​កើន​ដល់​ជិត​៨.០០០​នាក់​។​

​អំពី​រណសិរ្ស​សេដ្ឋកិច្ច អឺរ៉ុប​បាន​ព្យាយាម​ទប់ទល់​នឹង​ផលវិបាក​ដ៏​អាក្រក់​បង្កឡើង​ដោយ​វីរុស​ឆ្លង​នេះ ដោយ​ពួក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប ព្រមព្រៀង​គ្នា​ក្នុង​កិច្ច​ពិភាក្សា​ទាំង​យប់​ដើម្បី​បញ្ចេញ​ប្រាក់​​សង្គ្រោះ​៥០០​ពាន់​លាន​អឺរ៉ូ ក្នុង​បំណង​សម្រាល​ការឈឺចាប់​នៅ​ទូទាំង​ប្លុក​ដែលមាន​២៧​ប្រទេស ជាពិសេស​អេ​ស្ប៉ាញ​និង​អ៊ីតាលី​។​

​រីឯ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​បាន​និយាយថា សមាជិក​១៧០​ក្នុងចំណោម​សមាជិក​របស់​ខ្លួន​១៨០​ប្រទេស ជួប​ការធ្លាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​នៅ​ឆ្នាំ​នេះ ។​ប្រធាន​IMF លោកស្រី គ្រី​ស្តាលី​ណា ​ហ្គេអ័​រ​ហ្គី​វ៉ា បាន​និយាយថា​« យើង​រំពឹងថា​នឹង​មាន​ផលវិបាក​សេដ្ឋកិច្ច​អាក្រក់​បំផុត​ចាប់តាំងពី​ពិភពលោក​ជួប​មហា​វិបត្តិ​សេដ្ឋកិច្ច​»​។​

​ទោះ​ជា​សញ្ញា​សង្ឃឹម​ខ្លះ​នៅ​លោកខាងលិច​និង​នៅ​ចិន កូវី​ដ​១៩​កំពុង​បង្ក​ការព្រួយបារម្ភ​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​៕​ប្រែ​សម្រួល​៖​វាសនា​

យោធា សមាជិក​ការពារ​ស៊ី​ល​និង​ផ្នែក​ពន្លត់​អគ្គិភ័យ​ប្រេ​ស៊ីល បាញ់ថ្នាំ​ស្លាប់​មេរោក​អោយ​គ្នា​បន្ទាប់​ពី​លាង​សម្អាត​ស្ថានីយ​រថយន្តក្រុង​មួយ​នៅ​ក្រុង​បេឡូ ហូ​រី​ហ្សុន​តេ​