ឆក់​ខ្សែភ្លើង​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់

391
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យុវជន​ម្នាក់ និងក្មេងប្រុស​ម្នាក់​ដែលមាន​មុខរបរ ដាក់​ធុងបាសក្នុង​កម្មវិធី​ការ និង​កម្មវិធី​ផ្សេងៗ​ទៀត បាន​រងគ្រោះ​ដោយ​ឆក់​ខ្សែ​ភ្លើងស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​រោងការ​តែម្តង​។ ករណី​មនុស្ស​ឆក់​ខ្សែភ្លើង​ខាងលើនេះ បានកើត​ឡើង​នៅវេលា​ម៉ោង ៨​និង​៣០ នាទី​ព្រឹក ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅ​ក្នុងភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​និយាយថា ករណីមនុស្ស​ឆក់​ខ្សែភ្លើង​ស្លាប់ និង​របួសធ្ងន់ គឺ​ស្ថិតនៅ​ចំណុច​មុខផ្ទះ​ឈ្មោះ ហាយ យ៉ា​ត ភេទប្រុស អាយុ ៤៣​ឆ្នាំ នៅ​ភូមិ​ខ្នារ​ជោ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក ក្រឡាញ់ ខេត្តសៀមរាប ដោយ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ទៅ​ស៊ីឈ្នួល​ដាក់​ធុងបាសនៅក្នុង​កម្មវិធី​ជប់លៀងកាត់​ចំណងដៃ​អាពាហ៍ពិពាហ៍ កូនប្រុស របស់​ឈ្មោះ ហាយ យ៉ា​ត អាយុ ៥៧​ឆ្នាំ ​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។​

​លោក​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ​គឺ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ទៅ​លើកដែក​ទីប​សម្រាប់​ចង​មេ​ក្រូ ស្រាប់តែ​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​បញ្ជូន​ចរន្ត​អគ្គិសនី​មាន​កម្ពស់​ប្រហែល ៨​ម៉ែត្រ​ពី​ដី ក៏​ឆក់​ស្លាប់ និងរបួសធ្ងន់តែម្តង​។ តាម​ កា​រស​ន្និដ្ឋា​ន​របស់​ក្រុមគ្រូពេទ្យ​ជំនាញ បាន​បញ្ជាក់ថា ជន​រងគ្រោះ​ទាំងពីរ​នាក់​ខាងលើ ពិតជា​បាន​ស្លាប់ និងរងរបួស​ធ្ងន់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន​។​

​ជនរងគ្រោះ​មាន​ឈ្មោះ យ៉ាង់ យ​ត ភេទ ប្រុស អាយុ​១៣​ឆ្នាំ មានទីលំនៅ​បច្ចុប្បន្ន ភូមិ​គោក​ត្នោត ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ (​ស្លាប់​) ,​និង​ម្នាក់ទៀត​មានឈ្មោះ ធូ វណ្ណ​ថង ភេទ ប្រុស អាយុ ២៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គោក​ត្នោត ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ (​រងរបួស​ធ្ងន់​)​។​

​សាកសព​ជន​រងគ្រោះ​បានធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកជនរងគ្រោះ​ដែលរងរបួស ធ្ងន់ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល​៕ ល​/Ha