ឆាប់ៗ​នេះ​អាមេរិក​នឹង​វ៉ា​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុស្ស៊ី ដើម្បី​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​លើ​ពិភពលោក​

961
ចែករម្លែក

​អាមេរិក​កំពុង​ស្ថិតនៅលើ​វិថី​ដើម្បី​វ៉ា​អារ៉ាប៊ីសាអ៊ូឌីត​និង​រុស្ស៊ី និង​ដណ្តើម​តំណែង​ជា​អ្នក​ផលិត​ប្រេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ជា​លើកដំបូង​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០​។​

​ការព្យាករណ៍​ចុងក្រោយបង្អស់​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​អាមេរិក​បាន​ទស្សន៍ទាយ​ថា ទិន្នផល​ប្រេង​នៅ​អាមេរិក​នឹង​កើន​ឡើងដល់ ១១,៨ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំក្រោយ​។​

​លោកស្រី លីន​ដា កាពូ​ណូ ដែល​ដឹកនាំ​ទីភ្នាក់ងារ​ខាងលើ​ក្រោម​ចំណុះ​ក្រសួង​ថាមពល​បាន​និយាយថា “​ប្រសិនបើ​ការព្យាករណ៍​ទុក​នេះ​ត្រឹមត្រូវ​មែន​នោះ វា​នឹង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​ក្លាយជា​អ្នក​ផលិត​ប្រេង​ឆៅ​ឈានមុខ​គេ​របស់​ពិភពលោក​”​។​

​អារ៉ាប៊ីសាអ៊ូឌីត​និង​រុស្ស៊ី​អាចធ្វើឱ្យ​ការព្យាករណ៍​នេះ​ខុស​បាន តាមរយៈ​ការបង្កើន​ការផលិត​ប្រេង​របស់​ពួកគេ​។ នៅពេល​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​តម្លៃ​ប្រេង​ពិភពលោក សមាជិក​នៃ​អង្គការ OPEC និង​ប្រទេស​មិនមែនជា​សមាជិក​មួយចំនួន​រួមទាំង​រុស្ស៊ី​បាន​យល់ព្រម​កាលពី​ខែ​មុន​ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការផលិត​ប្រេង ដែល​បានរួម​ចំណែក​ដល់​ការឡើង​ថ្លៃ​ប្រេង​។​

​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បូម​ប្រេង​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការឡើង​ថ្លៃ​ប្រេង​។ លោក​ត្រាំ​បាន​សរសេរ​លើ​ធ្វី​ត​ធឺ​កាលពី​ថ្ងៃទី ៣០ មិថុនា​ថា ស្តេច​សាល់​ម៉ាន់​បាន​យល់ព្រម​បង្កើន​ការផលិត​ប្រេង “​ប្រហែលជា ២.០០០.០០០ បារ៉ែល​” ។ ក្រោយមក សេត​វិមាន​បាន​បញ្ជាក់ថា ស្តេច​សាល់​ម៉ាន់​បាន​មានបន្ទូលថា ប្រទេស​របស់​ទ្រង់​បម្រុង​ទុក​ប្រេង ២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ដែល​អាច​ត្រូវបាន​យកមកប្រើ​ប្រាស់ ប្រសិនបើ​ឬ​នៅពេល​ចាំបាច់​៕ ដោយ៖ កញ្ញាដាលីស

ឆាប់ៗ​នេះ​អាមេរិក​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​លើ​ពិភពលោក ប្រសិនបើ​អា​រ៉ា​ប៊ី​សា​អូឌីត និង​រុស្ស៊ី​មិន​បង្កើន​ការផលិត​របស់ខ្លួន​ទេនោះ