ឆេះ​យន្តហោះ​ពេទ្យ​សម្លាប់​មនុស្ស​៨​នាក់​នៅ​ហ្វីលីពីន​

142
ចែករម្លែក

​យន្តហោះ​ដឹក​អ្នក​ជំងឺមួយ​បាន​ចេញដំណើរ​ពី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ទៅកាន់​ទីក្រុង​ហា​ណេ​ដា ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៩​មីនា ​តែ​វា​បាន​​ផ្ទុះ​ឆេះ​នៅ​ពេល​រត់​ដល់​ចុង​ផ្លូវ​ប្រុង​នឹង​ហោះ​ឡើង ដោយ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ទាំង​៨​នាក់​នៅក្នុង​យន្តហោះ​។​

​យន្តហោះ​West Wind 24 បាន​ដឹក​បុគ្គលិក​ពេទ្យ​៣​នាក់ អ្នកបើកបរ​៣​នាក់ អ្នក​ជំងឺ​ម្នាក់​និង​អ្នក​កំដរ​ម្នាក់​។​គេ​ថា មនុស្ស​៦​នាក់​នៅក្នុង​យន្តហោះ​ជា​ជនជាតិ​​ហ្វីលីពីន ម្នាក់​ជា​អាម៉េរិក​និង​ម្នាក់​ទៀត​មក​ពី​កាណាដា​។​

​អាជ្ញាធរ​អាកាសយានដ្ឋាន​អន្តរជាតិ​ម៉ានីល បានបញ្ជាក់​អះអាងថា «​ជា​អកុសល មិន​មាន​អ្នកដំណើ​រណា​ម្នាក់​នៅ​មាន​ជីវិត​ទេ​ក្នុង​គ្រោះថ្នាក់​នេះ​។​ការ​ស៊ើប​​អង្កេត​មួយ​កំពុង​ត្រូវ​ធ្វើឡើង​​ ​តែ​គេ​ជឿ​ថា​អាច​បណ្តាលមកពី​បញ្ហា​បច្ចេកទេស​បណ្តាលឲ្យ​យន្តហោះ​ផ្ទុះ​ឆេះ​»​។​

​យន្តហោះ​នេះ​ត្រូវ​ក្រសួងសុខាភិបាល​ហ្វីលីពីន ប្រើ​ដើម្បី​ជួយ​ការងារ​ក្រុម​គ្រូពេទ្យ​ក្នុង​ការព្យាបាល​និង​ដោះស្រាយ​ការផ្ទុះ​ជំងឺឆ្លងកូវី​ត​១៩​។​

​ហ្វីលីពីន តាំងពី​មុន​មក​មាន​អ្នក​ឆ្លងកូវី​ត​១៩​ចំនួន​១.៤១៨​នាក់ និង​៧១​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

យន្តហោះ​ម៉ាស៊ីន​ពីរ បាន​ផ្ទុះឆេះ​ពេល​រត់​លើ​ផ្លូវ​ជិត​ហោះ​ឡើង​កាលពី​យប់​ថ្ងៃអាទិត្យ​