ឆ្នាំនេះ​ទិន្នផល​អំពៅ​និង​តម្លៃ​ឡើង​ខ្ពស់ជាង​ឆ្នាំមុន ជា​ក្ដីសង្ឃឹម​ដល់​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​

808
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ​ដាំ​អំពៅ នៅ​ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង គ្រប់គ្នា​ពោ​ពេញ​ទៅដោយ​ទឹកមុខ​ញញឹមញញែម សប្បាយ​រី​ចរាយ ព្រោះ​ឆ្នាំនេះ​អំពៅ​ដែល​ពួកគាត់​ដាំ ទទួលបាន​ទិ​ន្និ​ផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ ក៏​លក់បាន​ថ្លៃ​គួរសម អ្នកខ្លះ​ក៏​កំពង់ ដាំ​ដុះ​បន្តទៀត អ្នកខ្លះ​កំពុង​ប្រមូល​ផល​។​

កសិករ ភាន គឿន ពេលផ្ដល់បទសម្ភាសន៍

​លោក ភាន គឿន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ ជា​ខ្លាង ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ដំណាំ​អំពៅ​ឆ្នាំនេះ ទិ​ន្និ​ផល​ខ្ពស់ជាង​ឆ្នាំមុន​។ ហើយ​តម្លៃ​វិញ ក៏​ថ្លៃ​គួរសម កសិករ​អាច​ទទួលយក​បាន​។ មិនតែប៉ុណ្ណោះ ឈ្មួញ​មិន​សាំញ៉ាំ​ច្រើន​ទេ មក​ទិញ​ដល់​កន្លែង ដឹក​តាម​ឡាន​យកទៅលក់​នៅ​ភ្នំពេញ​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​គាត់​ដាំ​អំពៅ នៅ​ដើមខែ​តុលា បានចាប់ផ្តើម បណ្តុះ​ពូជ ដោយ​ប្រើ​រយៈពេល ជាង​២​ខែ​។ បើសិន​ការលូតលាស់​បានល្អ អាច​យកមក​ដាំ គឺ​យើង​ចាប់ផ្តើម​ធ្វើ​ដី ដោយ​ជួល​ត្រា​ទ័​រ​វ៉ៃ​ដី​ទុក​១៥​ថ្ងែ​។ រួច​យក​គោយន្ត​ធ្វើ​រង ហើយ​ចាប់ផ្តើម​ដាំ​គឺ​ចុងខែ​ឆ្នូ​តែម្តង​។​

​ទន្ទឹម​និង​នោះ​នៅ​ចន្លោះ​ពី​៧​ទៅ​៨​ខែ ទើប​អាច​ប្រមូល​ផល​បាន ដោយ​ផ្អែកលើ​បច្ចេកទេស​នៃ​ការរៀបចំ​ដី​ធ្វើ​រង ហើយក៏​ទាមទារ​ឲ្យ​អាកាសធាតុ​អំណោយផល​ផងដែរ ហើយ​ត្រូវការ​ចំណាយលុយ​ថ្នាំ​ដង្កូវ ជី កម្មករ​ដាំ​ដុះ ក្នុង​១​ហិកតា​អស់​១៣​លាន ទៅ​១៥​លាន​រៀល​។​

​ជាទូទៅ​ផ្ទៃដី​១​ហិកតា អាច​ដាំ​អំពៅ​បាន​ចន្លោះ​ពី​៦​ម៉ឺន ទៅ​៦​ម៉ឺន​៥​ពាន់​ដើម បើ​តម្លៃ​អំពៅ​លក់បាន​ថ្លៃ អ្នក​ដាំ​អាច​រកប្រាក់​ចំណូល​បាន​។ ក្នុង​១​ហិកតា​ប្រមាណ​ជា​៣០​លាន​រៀល​ឯណោះ សម្រាប់​រយៈពេល​១​ឆ្នាំ​។ ពោលគឺ​ឆ្នាំនេះ​តម្លៃ​អំពៅ​ក្នុង​១​ដើម លក់បាន​ពី​៦០០​ទៅ​៧០០​រៀល ថ្លៃ​ជាង​ឆ្នាំមុន ដែល​ក្នុង​១​ដើម​លក់​បានតែ​៤០០​ទៅ​៤៥០​រៀល​ប៉ុណ្ណោះ​។ ហើយ​បើ​ឆ្នាំក្រោយ តម្លៃ​អំពៅ​នៅតែ​បាន​ថ្លៃ​ដូច​ឆ្នាំនេះ​ទៀត​។ ចំនួន​កសិករ​អ្នក​ដាំ​អំពៅ ច្បាស់​ជា​កើនឡើង​ច្រើនជាង​មុន​ទ្វេដង​ជាក់​ជាមិនខាន​។​

​ដោយឡែក​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បានបញ្ជាក់​ពេលកន្លងមក​ដែរ​ថា នៅ​ទូទាំង​ខេត្តព្រៃវែង មាន​កសិករ​ប្រកបមុខរបរ​ដាំ​អំពៅ​សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ​។ ​នៅលើផ្ទះ​ដី​ជាង​៥០០​ហិកតា ក្នុងនោះ​ស្រុក​ស្វាយ​អ​ន្ទ​រ​មាន​អ្នក​ដាំ​ច្រើនជាងគេ​។​

​ដោយឡែក​ស្រុក​បាភ្នំ និង​ស្រុក​ព្រះស្តេច ក៏មាន​អ្នក​ដាំ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជា​លក្ខណៈ​គ្រួសារ ដោយសារ​ពួកគាត់ ទើបតែ​ចាប់ផ្តើម​សាកល្បង​ដាំ​ប៉ុណ្ណោះ​៕ ល​