សារព័ត៌មានវៀតណាមថា ជនជាតិ​វៀតណាម​២​នាក់​ដែល​វិល​ពី​កម្ពុជា​មាន​ផ្ទុ​កកូ​វីដ​១៩

1562
ចែករម្លែក

​ជនជាតិ​វៀតណាម​២​នាក់​ដែល​ទើប​វិល​ពី​កម្ពុជា​ទៅកាន់​ខេត្ត តៃនិញ​របស់​វៀតណាម​ខាងត្បូង​បាន​បង្កើន​អ្នក​ឆ្លង​ជម្ងឺ​កូវី​ដ​១៩​នៅ​វៀតណាម​ដល់​១២១​នាក់​​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មីនា​,​នេះ​បើ​តាម​សារព័ត៌មាន​វៀតណាម​VnExpress​។​

​សារព័ត៌មាន​ខាង​លើ​បានអោយដឹងថា អ្នក​ជម្ងឺ​ទី​១១៧ ជា​បុរស​វ័យ​៣០​ឆ្នាំ ដែល​រស់នៅ​ខេត្ត​ឡុង​អាន ជាប់​ក្រុង​ហូ​ជី​មី​ញ​។​បុរស​នេះ​បាន​ធ្វើដំណើរ​មក​ក្រុងភ្នំពេញ​​កាលពី​ថ្ងៃ​០៩​មីនា និង​បាន​ចាប់ផ្តើម​ក្អក​ពិបាក​ដកដង្ហើម​កាលពី​ថ្ងៃ​១៦​មីនា​ហើយ​បាន​វិល​ទៅ​តៃនិញ​វិញ​កាលពី​ថ្ងៃ​១៩​មីនា​។​

​ឥឡូវ​បុរស​នេះ​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ​តៃនិញ ហើយ​ការឆ្លុះ​កម្ម​រស្មី​X បង្ហាញថា​សួត​របស់​គាត់​ខូច​មួយ​ដុំ​។​

VnExpress​បាន​បន្តថា អ្នក​ជម្ងឺ​ទី​១១៨ ជា​ស្ត្រី​វ័យ​២៣​ឆ្នាំ ។​នាង​ជា​អ្នកស្រុក​នៅ​ក្នុង​ខេត្ត​អាង​យ៉ាង ដែល​ធ្វើការ​នៅ​កាស៊ីណូ​មួយ​នៅ​កម្ពុជា​។​នាង​បាន​ចូលទៅ​​វៀតណាម​តាម​ច្រក​ម៉ុក​បាយ​កាលពី​ថ្ងៃ​១៩​មីនា និង​បាន​ទៅ​មន្ទីរពេទ្យ​ធំ​តៃនិញ ដើម្បី​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ក្រោយពី​មាន​អារម្មណ៍​ក្តៅខ្លួន ក្អក​និង​ពិបាក​ដក​​ដង្ហើម​។​ការឆ្លុះ​កម្ម​រស្មី​X ក៏​បង្ហាញថា​នាង​ខូច​សួត​មួយ​ផ្នែក​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ វៀតណាម​ក៏​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៦​នាក់​បន្ថែម រួម​មាន​វេជ្ជបណ្ឌិត​ម្នាក់​។​

​អ្នកជំងឺ​ទី​១១៦ អាយុ​២៩​ឆ្នាំ​ជា​វេជ្ជបណ្ឌិត​ដំបូង​ដែល​ឆ្លង​វីរុស​នៅ​ប្រទេស​វៀតណាម​នេះ​។​គាត់ ធ្វើការ​នៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ជាតិ​ប្រឆាំង​ជំងឺ​​តំបន់​ត្រូពិច នៅ​ទីក្រុង​ហាណូយ​។​

​នៅ​ក្រុង​ហូជីមិញ ជនបរទេស​២​នាក់​និង​វៀតណាម​ម្នាក់ ក៏​ត្រូវបាន​រក​ឃើញកូ​វីដ​១៩​ដែរ​កាលពី​ថ្ងៃ​២៣​មីនា​៕​ប្រែ​សម្រួល​៖​សុខា/វាសនា​

​អ្នកដំណើរ​ត្រូវបាន​ពិនិត្យ​កំដៅ​ខ្លួន នៅពេល​ទៅដល់​អាកាសយានដ្ឋាន​ក្រុង​ហូ​ជី​មី​ញ​