ជនជាតិ​អាម៉េរិក​និង​ជប៉ុន​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​

231
ចែករម្លែក

​ជនជាតិ​អាម៉េរិក​ម្នាក់ ដែល​មាន​រោគសញ្ញា​កូរ៉ូណា​វីរុ​សនិង​បុរស​ជប៉ុន​ម្នាក់​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ឆ្លង​វីរុស​នេះ​ដែរ បាន​ស្លាប់​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។​

​អ្នកនាំពាក្យ​ស្ថានទូត​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​កុម្ភៈ​ថា «​យើង​អាច​អះអាងថា ជនជាតិ​អាម៉េរិក​វ័យ​៦០​ឆ្នាំ​ម្នាក់ ដែល​​មាន​រោគសញ្ញា​កូរ៉ូណា​វីរុស បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ថ្ងៃ​៦​កុម្ភៈ​»​។​

​ចំណែក​ក្រសួង​ការបរទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​និយាយថា ពលរដ្ឋ​ខ្លួន​ម្នាក់​ដែល​សង្ស័យ​ថា​ឆ្លង​កូរ៉ូណា​វីរុស បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​វូ​ហាន​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ចុង​ថ្ងៃ​សុក្រ​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន បាន​ហក់​ឡើងដល់​៧២២​នាក់ ក្រោយ​ពី​ខេត្ត​រងគ្រោះ​ខ្លាំងជាងគេ គឺ​ខេត្ត​ហ៊ូ​ប៉ី បាន​រាយការណ៍​អ្នកស្លាប់​៨១​នាក់​នាក់​ទៀត​។​

​ចំនួន​ស្លាប់​នេះ​ឥឡូវ​វា​ខ្ពស់ជាង​ការស្លាប់​ដោយ​ការវាយប្រហារ​របស់​វីរុស រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាល់​(Sars)​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​ជិត​៦៥០​នាក់​នៅ​ចិនដីគោក​និង​ហុងកុង​កាលពី​ឆ្នាំ​២០០២-២០០៣​។​

​នៅ​ទូទាំង​ប្រទេស​ចិន មាន​ការឆ្លង​ថ្មី​៣.៣០០​កាលពី​ថ្ងៃ​សុក្រ នាំ​អោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង​៣៤.០០០​នាក់​។​

​នៅ​ថ្ងៃ​សៅរ៍​នេះដែរ ក្រុង​វូ​ហាន​ដែលជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺឆ្លង​បាន​បើក​ដំណើរការ​មន្ទីរពេទ្យ​បណ្តោះអាសន្ន​មួយ​ទៀត ជាមួយនឹង​គ្រែ​អ្នក​ជម្ងឺ​១.៥០០​។​

​ទូរទស្សន៍​រដ្ឋ​CCTV បាន​និយាយថា ក្រុម​វេជ្ជសាស្ត្រ​ដំបូង​បាន​ទៅ​ដល់​មន្ទី​ពេ​ទ្យឡេសេសាន​នៅក្រុង​វូ​ហាន ហើយ​ទទួល​អ្នក​ជម្ងឺ​កាលពី​ថ្ងៃ​សៅរ៍​៕​ប្រែ​សម្រួល​៖​វាសនា​

វិថី​នៅ​ក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី ស្ងាត់ជ្រងំ នៅពេល​វីរុស​វាយប្រហារ​ទីក្រុង​។​គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍ ខេត្ត​ហ៊ូ​ប៉ី​មាន​អ្នក​ស្លាប់​ដោយ​កូរ៉ូណា​វី​រុសចំនួន​៦៩៩​និង​អ្នក​ឆ្លង​២៤.៩៥៣​នាក់​