ជនពិការ​ក្រីក្រ​ជាង​មួយ​ម៉ឺន​នាក់​ទទួលបាន​របប​គោលនយោបាយ​សង្គមកិច្ច​

465
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ គិត​ចាប់ពី​ឆ្នាំ ២០១៦ មកដល់​ដើមឆ្នាំ ២០១៩ នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ ជា​សេនាធិការ បានផ្តល់​របប​គោលនយោបាយ​ជូន​ជនពិការ​ក្រីក្រ ចំនួន ១១.៦២៨ នាក់ នៅក្នុង​ខេត្ត​ចំនួន ១២ គឺ ១. ខេត្ត​ត្បូងឃ្មុំ ២. ខេត្តព្រៃវែង ៣. ខេត្តស្វាយរៀង ៤-. ខេត្ត​ប៉ៃលិន ៥. ខេត្តកំពង់ចាម ៦. ខេត្តកណ្តាល ៧. ខេត្តកំពង់ធំ ៨. ខេត្តកំពង់ស្ពឺ ៩. ខេត្តបាត់ដំបង ១០. ខេត្តពោធិ៍សាត់ ១១. ខេត្ត សៀមរាប និង ១២ ខេត្ត កំពត ។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ នៃ ក្រសួងស​ង្គ​ម​កិច្ច ។​


​ថ្លែង​នៅក្នុង​សិក្ខាសាលា​ដាក់​ឲ្យ​អនុវត្តន៍​របប​គោលនយោបាយចំពោះ​ជនពិការ​ក្រីក្រ នៅតាម​សហគមន៍ ធ្វើឡើង​នៅ​ខេត្តកំពត កាលពី​ថ្ងៃទី​១៥ ខែ មីនា ឆ្នាំ​២០១៩ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ នៃក្រសួង​សង្គមកិច្ច តំណាង​លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច បាន​លើកឡើងថា ក្រសួង​សង្គមកិច្ច បាននិងកំពុង​ពិនិត្យ ក្នុងការ​ផ្តល់​របប​គោលនយោបាយ ជូន​ជន​មាន​ពិការភាព​ក្រីក្រ ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស សំដៅ​ធ្វើយ៉ាងណា​ឱ្យ​បងប្អូន​ជនពិការ​ក្រីក្រ អាច​ទទួល​របប​តាម​គោលការណ៍​កំណត់​។​


​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ បាន​លើកឡើងថា ជនពិការ​ក្រីក្រ​ដែល​នឹង​ទទួលបាន​របប​គោលនយោបាយ​នេះ គឺ​បន្ទាប់ពី​ពួកគាត់​ត្រូវបាន​កំណត់​អត្តសញ្ញាណ​កម្ម​ថា​ជា​ជនពិការ​ក្រីក្រ ពី​ក្រុមការងារ​បច្ចេកទេស និងអាជ្ញាធរ​ពាក់ព័ន្ធ ។ ជា​រៀងរាល់ឆ្នាំ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែបាន​បង្កើន​កញ្ចប់​ថវិកា ប្រមាណ​ជា ៦០០ លាន​រៀល សម្រាប់​ផ្តល់ជូន​ជនពិការ​ក្រីក្រ​តាមរយៈ​កម្មវិធី​របប​គោលនយោបាយ​នេះ ។ ហេតុនេះ​ជនពិការ​ដែល​គិត​ខ្លួន​ជា​អ្នកក្រីក្រ ហើយ​ត្រូវការ​ជំនួយ​ពីរ​បប​គោលនយោបាយ​នេះ ត្រូវ​ទៅ​សាលាឃុំ សង្កាត់​របស់ខ្លួន ដើម្បីកំណត់​អត្តសញ្ញាណ​កម្ម ដោយនៅ​ទីនោះមាន​ក្រុមការងារ​ចម្រុះ សម្រាប់​ជួយ​សម្របសម្រួល ។​


​លោក យៀប ម៉ាលី​ណូ ក៏បាន​រំឭក​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែង​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន ព្រមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​រៀបចំ​បង្កលក្ខណៈ​ងាយស្រួលសម្រាប់​ការធ្វើដំណើរ​ចេញចូល​នៅ​ទីកន្លែង​សាធារណៈ​សម្រាប់​ជនពិការ​គ្រប់​ប្រភេទ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​បាន​ឯកភាព​ជាគោលការណ៍ ឱ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ផ្តល់​ការអនុគ្រោះ​ពិសេស ក្នុង​ការផ្តល់​សេវាកម្ម​ដល់​ជនពិការ ដោយ​បន្ធូរបន្ថយ​ជា​អតិបរិមា ឬ​អាច​លើកលែង​ទាំងស្រុង​នូវ​កម្រៃ​សេវា​មួយចំនួនតាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ។ ចំណែក ក្រសួងសុខាភិបាល ក៏បាន​ដាក់ចេញ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​ការពង្រឹង និង​ពង្រីក​សកម្មភាព​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ជនពិការ និងចាស់ជរា ដែលមាន​ជីវភាព​លំបាក​គ្មាន​ទីពឹង​ដោយ​ឥត​បង់ប្រាក់ ៕ Kh/Ha

លោក វង សូត រដ្ឋមន្ត្រី​សង្គមកិច្ច ផ្តល់​ប័ណ្ណ​គោលនយោបាយ​ដល់​ជនពិការ​ក្រី​ក្រី ( រូបៈ ឯកសារ​)
​លោក ញ៉ឹក វណ្ណា​រ៉ា ( កណ្តាល​) រដ្ឋលេខាធិការ នៃ ក្រសួង​សង្គមកិច្ច ( រូបៈ មន្ត្រី )