ជន​ជ្រើសរើស​កងទ័ព​ដោយ​ប្រើ​ឈ្មោះ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ជាប់ពន្ធនាគារ ៥​ឆ្នាំ​

1279
ចែករម្លែក

(​ភ្នំពេញ​): នៅ​ថ្ងៃទី​១៥ ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស ជន​បោកប្រាស់​ជ្រើសរើស​កងទ័ព​ដោយ​ប្រើ​ឈ្មោះ​លោក ហ៊ុន ម៉ា​ណែ​ត ដាក់ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល ពីបទ ឆបោក ក្លែងបន្លំ​ឯកសារ​សាធារណៈ កាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញា​ត្តិ និង​ប្រើប្រាស់​នូវ​សម្លៀកបំពាក់​សម្រាប់​អាជ្ញាធរ​សាធារណៈ ជាម​ន្ត្រី តាម​មាត្រា​៣៧៧, ៣៧៨, ៦៣៩, ៤៩០ និង​មាត្រា​៦១២ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជនជាប់ចោទ​ឈ្មោះ​ងួន សេង​សត្យា ហៅ ទូច សេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​យោធា អត្តលេខ ០១១០៩៩ អង្គហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្តន្ទាទោស​នេះ គឺ​កន្លងមក​ឈ្មោះ ងួន សេង​សត្យា បាន​តាំងខ្លួន ឬ​ក្លែងខ្លួន​ជា​នាយទាហានជាន់ខ្ពស់​ម្នាក់ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​នៃ​អគ្គនាយកដ្ឋាន​ចារកម្ម​ពិសេស អគ្គបញ្ជាការ ហើយ​បានធ្វើ​ឯកសារ​របស់​សាមី​អង្គភាព ដោយបាន​ក្លែង​ឯកសារ​ជ្រើសរើស​​នាយទាហាន ​និង​ពលទាហាន​ជាច្រើនរូប​បញ្ចូល​ក្នុង​ក្របខណ្ឌ​កងទ័ព ដោយ​តម្រូវ​ឲ្យ​ជនរងគ្រោះ​ទាំងនោះ បង់ថ្លៃ​សេវា​ជា​បន្តបន្ទាប់​។ ក្រោយមក​ជនរងគ្រោះ​ជា​ច្រើន​នាក់​ដែល​ត្រូវ​ឈ្មោះ ងួន សេង​សត្យា ជ្រើសរើស​បញ្ចូល​ក្របខណ្ឌ​ទ័ព ក្នុង​អង្គភាព​អគ្គនាយកដ្ឋាន​ចារកម្ម​ពិសេស​នោះ ពុំបាន​ចូលធ្វើ​ការងារ​ទេ ក៏​លេចឮ​ព័ត៌មាន​នេះ​ទៅដល់​សាមី​អង្គភាព ។​

​ទន្ទឹមនឹងនោះ​សាមី​អង្គភាព ក៏បាន​ត្រួត​ពិនិត្យមើល​បញ្ជី​ឈ្មោះ​នៅក្នុង​អង្គភាព អគ្គនាយកដ្ឋាន ចារកម្ម​ពិសេស​ឃើញថា ពុំមាន​ឈ្មោះ ងួន សេង​សត្យា​ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ទោ នៅក្នុង​អង្គភាព​នោះទេ​ទើប​សាមី​អង្គភាព​ផ្តល់ព័ត៌មាន ដល់​សមត្ថកិច្ច កងរាជអាវុធហត្ថ​ឲ្យ​ជួយ​អន្តរាគមន៍ ស្រាវជ្រាវ​រក​ជនសង្ស័យ ងួន សេង​សត្យា និង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ​២០១៦​។​

​ឈ្មោះ ងួន សេង​សត្យា បាន​សារភាព ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​នេះ​មែន ហើយ​សូម​តុលាការ ជួយ​បន្ធូរ​បន្ថយទោស​៕L ដោយ​: ស្រី​លក្ខណ៍​