ជន​ប៉ា​ឡេ​ស្ទី​ន​១៣០​នាក់ ត្រូវ​គ្រាប់កាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល​

972
ចែករម្លែក

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនប៉ាឡេស្ទីនយ៉ាងតិចណាស់ចំនួន១៣០នាក់បានត្រូវគ្រាប់ដោយការបាញ់កាំភ្លើងរបស់ទាហានអ៊ីស្រាអែល កាលពីថ្ងៃសុក្រទី១៩តុលា ខណៈដែលមនុស្សរាប់ពាន់នាក់បានធ្វើការតវ៉ានៅជិតព្រំដែនហ្គាហ្សា ជាប់ព្រំដែនជាមួយអ៊ីស្រាអែល ។

បន្ទាប់ពីការអំពាវនាវឱ្យជៀសវាងការបង្កើនអំពើហឹង្សាមកនោះ ក្រុមបាតុករភាគច្រើនបានរក្សាការស្ថិតនៅរបស់ពួកគេឆ្ងាយពីរបងព្រំដែនដែលមានការការពារខ្លាំងនោះ។ប៉ុន្តែ ជនប៉ាឡេស្ទីនយ៉ាងតិចណាស់ចំនួន១៣០នាក់បានរងរបួស ដោយការបាញ់គ្រាប់កាំភ្លើងពិតក្នុងពេលមានការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលនេះ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយប្រាប់សារព័ត៌មានAFP ថាខណៈដែលក្រុមអ្នកតវ៉ាភាគច្រើន បានត្រឡប់ថយក្រោយវិញពីរបងនោះ អ្នកខ្លះបានចូលមកជិតហើយបានគប់គ្រឿងផ្ទុះនិងគ្រាប់បែកដៃទៅលើកងទ័ព ខណៈដែលពួកគេនោះបានកំពុងដុតសំបកកង់។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលនេះ បាននិយយាថា ” នៅពេលនោះ ទាហានអ៊ីស្រាអែលបានឆ្លើយតប ដោយការបាញ់ជាច្រើនគ្រាប់ ដោយស្របតាមច្បាប់ការពារខ្លួន ” ។

គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាកាលពីថ្ងៃពុធបាននាំក្រុមមេដឹកនាំហាម៉ាស់នៅតំបន់នោះនិងទាហានអ៊ីស្រាអែលនោះកាន់តែប្រឈមមុខដាក់គ្នាខ្លាំងឡើង។

ចាប់តាំងពីខែមីនាមក ក្រុមប៉ាឡេស្ទីនបានទៅប្រមូលផ្តុំគ្នាតវ៉ានៅរបងព្រំដែននោះជារៀងរាល់ថ្ងៃសុក្រ ហើយម្តងម្កាលបានរំលោភបំពានដោយវាយបំបែករបងនោះ ដែលនាំឱ្យមានការប៉ះទង្គិចគ្នា​ ដែលក្នុងការប៉ះទង្គិចគ្នានោះ ជនប៉ាឡេស្ទីនជាង២០០នាក់និងជនអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់៕ដោយ៖សុខា/SN

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន សែងអ្នកតវ៉ាដែលរងរបួស ក្នុងអំឡុងធ្វើបាតុកម្មនៅជិតព្រំដែន ជាប់ជាមួយអ៊ីស្រាអែល នៅតំបន់ភាគខាងកើតនៃទីក្រុងហ្គាហ្សា កាលពីថ្ងៃសុក្រ

ក្រុមអ្នកតវ៉ាប៉ាឡេស្ទីន ប្រមូលផ្តុំគ្នា អំឡុងពេលធ្វើបាតុកម្មនៅជិតព្រំដែនជាមួយអ៊ីស្រាអែល នៅតំបន់ភាគខាងកើតនៃទីក្រុងហ្គាហ្សា