ជប៉ុន​ត្រូវការ កម្មសិក្សាការី កម្ពុជា​កាន់តែច្រើន​ជាមួយនឹង​ប្រាក់​ឈ្នួល​ខ្ពស់ជាង​១​ពាន់​ដុល្លារ​ក្នុង​មួយខែ​

433
ចែករម្លែក

ដោយ​:​ដេប៉ូ​/​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែងថា​នាពេលនេះ​ ប្រទេស​ជប៉ុន​មាន​តម្រូវការ​កម្មសិក្សាការី​ពី​កម្ពុជា​កាន់តែ​ច្រើនឡើង ដែលជា​ឱកាស​មួយ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុងការ​ចេញទៅ​បំពេញការងារ​ក្រៅប្រទេស ព្រម​ជាមួយនឹង​ប្រាក់​ឈ្នួល​ខ្ពស់ ​ដោយ​គិត​ជា​មធ្យម​ប្រមាណ​១៥០០​ដុល្លារ​ក្នុង​មួយខែ​។​

ការលើកឡើង​របស់លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន ជេ អិ​ល អេស ខេ​ម​បូ​ឌា​ន និង​សិក្ខាសាលា​ស្តីពី​ការស្វែងយល់ និង​ឱកាស​ការងារ​ផ្នែក​គិលានុបដ្ឋាក​នៅ​ប្រទេស​ជប៉ុន​នា​សណ្ឋាន​គារ សូ​ហ្វី​តែ​ល​ភូ​កេ​ត្រា​កាលពី​ព្រលប់​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​កន្លងមក​។​

​បើតាម​លោក​រដ្ឋមន្ត្រី​ឱ្យដឹង​នោះ​គឺ​នាពេលនេះ​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​សរុប​ចំនួន ៩,១៩៥​នាក់ ដោយ​ក្នុងនេះ​ពលករ​ម្នាក់ៗ​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ ១,៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​

ទាក់ទិន​ទៅនឹង​ការបញ្ជូន​ពលករ​ទៅធ្វើ​ការបរទេស​នេះដែរ លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​បាន​ចំនួន​៦ ប្រទេស​គឺ ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សឹង្ហ​បូរី និង​ហុងកុង ដែលមាន​ពលករ​សរុប​ចំនួន​ប្រមាណ ១​លាន​២​សែន​នាក់ (​ក្នុងនោះ មាន​ស្ត្រី​ជិត​៥​សែន​នាក់​)​។ ព្រមជាមួយ​គ្នា​ពួកគេ​ក៏បាន​ផ្ញើរ ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ​របស់​ពួកគាត់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។ នៅពេល​បញ្ចប់​កិច្ចសន្យា ការងារ និង​វិល​ត្រឡប់មក​កម្ពុជា​វិញ ពួកគេ​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពីព្រោះ​តាមរយៈ ការធ្វើការងារ​នៅ​បរទេស ពួកគាត់​មិន​ត្រឹមតែ​អាច​រកប្រាក់​ចំណូល​បាន​បន្ថែម​ទេ ថែមទាំង​ទាំង​ទទួលបាន​នូវ​ជំនាញ បទពិសោធន៍ ចំណេះដឹង​ភាសា និង​របៀបរបប​រស់​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀតផង​។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ក៏បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុងការ​គាំពារ ការការពារ​សិទ្ធ និង​ផលប្រយោជន៍​ពលករ​ខ្មែរ​យើង​នៅ​បរទេស តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល និង​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​នានា ដោយ​ប្រើប្រាស់​គោលការណ៍ យន្តការ និង​នីតិវិធី ស្របតាម​បទដ្ឋាន​អន្តរជាតិ​។​

លោក​បាន​បន្ថែម​ឱ្យដឹង​ដែរ​ថា “​បច្ចុប្បន្ន យើង​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ចំនួន ១០៥ ហើយ​ដែល​ក្នុងនោះ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ទទួល​អាជ្ញា​បណ្ណ​អនុញ្ញាតឱ្យ​ធ្វើការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដែល​ក្នុងនោះ​មាន​ទីភ្នាក់ងារ​ជ្រើ​រើស​ចំនួន ៩៣ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​អនុញ្ញាត ពី​ក្រសួង​ឱ្យធ្វើ​ការជ្រើសរើស​បណ្តុះ បណ្តាល បញ្ជូន និង​គ្រប់គ្រង​កម្មសិក្សាការី​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​”​។

ចំណែក​លោកស្រី យោគ សិរី​សុ​ភ័ស្ស អគ្គនាយិកា​ក្រុមហ៊ុន ជេ​អិ​ល​អេស ខេ​ម​បូ​ឌា​បានឱ្យ​ដឹងផង​ថា​កា​រប​ញ្ចូ​ន​កម្មសិក្សាការី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នេះ​មិន​ត្រឹមតែ​ទទួលបាន​កិច្ចការពារ​សិទ្ធ​ផ្លូវច្បាប់​ទេ​ប៉ុន្តែ​ពួកគាត់​ក៏​ត្រូវបាន​បង្ហាត់បង្រៀន​មុខ​វិជ្ជាជីវៈ​ត្រឹមត្រូវ​មុននឹង​ត្រូវបាន​បញ្ជូន​ឱ្យទៅ​ធ្វើការ​ផងដែរ​។​

លោកស្រី​បន្ត​ឱ្យដឹងថា បើតាម​តម្រូវការ ពលករ កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នោះ​មាន​ច្រើន​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​លទ្ធភាព​ការបញ្ជូន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នោះ​មាន​កម្រិត​នៅឡើយ​ទេ​នា​ខណៈ​ពេលនេះ​៕B/