ជប៉ុន​ផ្តល់ជំនួយ​ជាង​៣០០​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​ការអនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​បី​

188
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៣៤.១៣៨ លាន​យ៉េន (​ប្រមាណ​៣១០​លាន​ដុល្លារ​អាម៉េរិក​)​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា នៅ​វិមាន​សន្តិភាព ។

​លិខិត​ប្តូរ​សារ​ដែល​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា គ្របដណ្តប់​លើ​ការអនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៣​គម្រោង និង ឥណទាន​សម្បទាន ចំនួន​២​គម្រោង ដូចខាងក្រោម​៖
ក​. ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​៖
១. គម្រោង​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​តាខ្មៅ ដែលមាន​ទឹកប្រាក់​ចំនួន ៣.៤២១​លាន​យ៉េន (​ប្រមាណ​៣១​លាន​ដុល្លារ​អាមេរិក​)
២. គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដែលមាន​ទឹកប្រាក់​ចំនួន​១.០០០​លាន​យ៉េន (​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​)
៣. គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម ដែលមាន​ទឹកប្រាក់​ចំនួន​៣០០​លាន​ ​យ៉េន (​ប្រមាណ​២,៧​លាន​ដុល្លារ​អាមេរិក​) ។
ខ​. ឥណទាន​សម្បទាន សម្រាប់​អនុវត្ត​៖
១. គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​២ (​ធ្លា​ម្អម​-​បាត់ដំបង និង សិរី​សោ​ភ័​ណ្ឌ​-​ប៉ោយប៉ែត​) ដែលមាន​ទឹកប្រាក់ ១៧.៧០២ លាន​យ៉េន (​ប្រមាណ​១៦១​លាន​ដុល្លារ​អាមេរិក​)​។
២. គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ផ្លូវជាតិ​លេខ​៥ ដំណាក់កាល​ទី​៣ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ដែលមាន​ទឹកប្រាក់ ១១.៧១៥​លាន​យ៉េន (​ប្រមាណ​១០៦,៥ លាន​ដុល្លារ​អាមេរិក​)​។​
ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជាតិ​ទាំងពីរ​ផងដែរ​៕​សរន​