ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក របួសធ្ងន់​ពីរ​នាក់​

157
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: បុរស​ម្នាក់​រួម​ដំណើរ​ដោយ​នារី​ម្នាក់ទៀត ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយគ្រឿង ឆ្លងផ្លូវ​ត្រូវបាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក MSX បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​គុប​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ចំណែក​ភាគី​ម៉ូតូ MSX របួសស្រាល គេចខ្លួនបាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ១៩៨៦ កែង​នឹង​ផ្លូវ ១០០៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​សាក្សី​នៅ​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​នារី​ម្នាក់ទៀត ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង​ពាក់​ផ្លាកលេខ​ភ្នំពេញ 1A-3324 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១០០៧ ទោះ​ដៅ​ពី​ជើង​ទៅ​ត្បូង​លក់​ដល់​ចំណែក​កើតហេតុ​ខាងលើ​ឆ្លងផ្លូវ​១៩៨៦ បម្រុង​បត់​ទៅ​ទិសខាងកើត ខណៈនោះ​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​សលាយ​ខ្មៅ​អត់​ផ្លាកលេខ ជិះ​ដោយ​បុរស​ម្នាក់​តាម​ដងផ្លូវ​១៩៨៦ ទិសដៅ​ពី​កើ​តទៅ​លិច​ចាប់​ហ្វ្រាំង​មិនទាន់ បុក​ម៉ូតូ​គុប​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​គុប​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ខាង​ភាគី​ម៉ូតូ MSX រងរបួស​ស្រាល បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​៕ ល​