ជីវិត​ក្នុង​ភាព​នឹងថ្កល់​:​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ .​បាន សាវឿន : អតីត​កម្មករ​រោងចក្រ​

301
ចែករម្លែក

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់
​ខ្ញុំ​និង​ប្ដី​របស់ខ្ញុំ​ធ្វើការ​នៅ​រោងចក្រ​ផលិត​សរសៃ​កប្បាស​។ នៅពេលដែល​ការ​ច្បាំង​គ្នា​ចាប់ផ្ដើម​នៅ​ខេត្តកំពង់ចាម​ក្នុង​ឆ្នាំ​១៩៧២ មាន​ប្រជាជន​ជាច្រើន​នាក់​បាន​ស្លាប់​។ ដូច្នេះ​យើង​ក៏បាន​ទៅ​រស់នៅ​ទី​ក្នុង​ភ្នំពេញ​។​នៅ​ទីនោះ​ប្ដី​ខ្ញុំ​ធ្វើជា​អ្នកប្រមូល​ស្ថិតិ​ខាង​វិស័យ​កសិកម្ម​ឲ្យ​ក្រសួងផែនការ និង​ស្ថិតិ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ ចំណែក​ខ្ញុំ​ដំបូង​ធ្វើ​ចម្ការ លុះ​ក្រោយមក​ខ្ញុំ​លក់​នំកង​។​
​ ​ក្រោយមក​ការប្រយុទ្ធ​គ្នា​បាន​ចូលមក​ដល់ទី​ក្រុងភ្នំពេញ​។ ដោយសារតែ​មានការ​ទម្លាក់​គ្រាប់បែក​ជាច្រើនលើក​ច្រើនសារ យើង​បានរ​ត់ទៅ​លាក់ខ្លួន​នៅក្នុង​លេណដ្ឋាន​។ ខ្ញុំ​ត្រូវ​អម្បែង​គ្រាប់​ត្រង់​ដើមដៃ ខ្ញុំ​ក៏​ត្រឡប់មក​ស្រុកកំណើត​វិញ ហើយ​ប្ដី​របស់ខ្ញុំ​មក​តាម​ក្រោយ​។​
​ ​បន្ទាប់មក​យើង​ត្រូវ​ជម្លៀស​ទៅ​ខេត្តក្រចេះ​។ ខ្មែរក្រហម​បាន​ហៅ​យើង​ថា​ប្រជាជន​មូលដ្ឋាន​។ ប្រសិនបើជា​ប្រជាជន​ថ្មី ខ្មែរក្រហម​អាច​នឹង​សម្លាប់​យើង​។ នៅ​ខេត្តក្រចេះ​មាន​បុរស​ម្នាក់​ចំណាំ​ខ្ញុំ​ហើយ​និង​ប្ដី​របស់ខ្ញុំ​ថា​ជា​កម្មករ​រោងចក្រ​។ គាត់​បាន​ចោទប្រកាន់​ប្ដី​ខ្ញុំ​ថា​មានបុណ្យ​ស័ក្តិ​ខ្ពស់​នៅក្នុង​រដ្ឋាភិបាល តែមាន​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​ប្ដី​ខ្ញុំ​នៅក្នុង​រោងចក្រ​នោះ​ជួយ​ការពារ​គាត់​ដោយ​និយាយថា ប្ដី​របស់ខ្ញុំ​ធ្វើ​ការងារ​កសិកម្ម មិនមែន​មាន​ឋានៈ​ធំដុំ​ទេ​។​

បាន សាវឿន និង កូន​បីនាក់​ក្នុងចំណោម​កូន​ទាំង​១៥​របស់គាត់​គឺ ឯក ចាន់​ឌី អាយុ​៨​ឆ្នាំ​, ឯក ចាន់​ដា អាយុ​៧​ឆ្នាំ និង ឯក ភ័ណ​នី អាយុ​៦​ឆ្នាំ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​អង្គការ​បាន​ចោទប្រកាន់​ប្ដី​របស់ខ្ញុំ​ថា​ជា​អ្នកមាន​ឋានៈ​ខ្ពស់​ដោយសារ​គាត់​មាន​ក្បាល​ពោះធំ​ដែល​មើលទៅ​ដូចជា​អ្នក​មានបុណ្យ​ស័ក្តិធំ​អញ្ចឹង​។ ខ្មែរក្រហម​មិនបាន​សម្លាប់​ប្ដី​របស់ខ្ញុំ​នៅពេល​នោះទេ ទុក​ចាំ​សម្លាប់​ពេល​ក្រោយ​។​
​ ​ថ្ងៃមួយ​ប្ដី​ខ្ញុំ​បាន​និយាយថា «​មាន​ប្រុសៗ​ពីរ​នាក់​បាន​សុំ​ឲ្យ​បង​ទៅធ្វើ​ការ​ជាមួយ​ឈ្មោះ ពឿ វ៉ា​ត់​»​។ គាត់​ដឹង​ច្បាស់​ថា​គាត់​នឹងត្រូវ​ខ្មែរក្រហម​សម្លាប់​។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ហូប​សាច់មាន់​អាំង​ជាមួយ​ទឹកត្រី ពីព្រោះ​ថ្ងៃស្អែក​គាត់​ពិតជា​ស្លាប់​។ ខ្ញុំ​បាន​អាំង​មាន់​មួយ​ឲ្យ​គាត់​ហូប​។ បន្ទាប់ពី​ហូប​រួច​គាត់​បាន​ទៅ​ចូលរួម​ប្រជុំ​។ ខ្ញុំ​ឮ​មេៗ​ប្រជុំ​ថា​ចង់​សម្លាប់​ប្ដី​របស់ខ្ញុំ​។ ខ្ញុំ​ក៏​វារ​តាម​ជួរ​ត្រឡប់​ចូលទៅក្នុង​ផ្ទះ​ដ៏​តូច​របស់ខ្ញុំ​។ ពេលមកដល់​ផ្ទះ ខ្ញុំ​សំលៀងកាំបិត​ឲ្យ​មុត​ស្រួច​។​
​ ​ប្ដី​ខ្ញុំ​បាន​ឲ្យ​ថ្នាំ​បំពុល​មក​ខ្ញុំ​។ គាត់​បាន​ប្រាប់ថា​បើសិនជា ពឿ វ៉ា​ត់ ឈ្នះ គាត់​នឹង​លេបថ្នាំ​បំពុល​នោះ​សម្លាប់ខ្លួន តែបើ​គាត់​ឈ្នះ គាត់​នឹង​សម្លាប់ វ៉ា​ត់ ហើយ​មក​នាំ​ខ្ញុំ​ទៅ​រស់នៅ​ប្រទេស​វៀតណាម​។ នៅពេល​ព្រឹក វ៉ា​ត់ បានស្នើ​ប្ដី​ខ្ញុំ​ទៅជា​មួយ​គាត់​។ ប្ដី​ខ្ញុំ​និយាយថា​គាត់​មិនអាច​ទៅបាន​ទេ ព្រោះ​គាត់​ឈឺក្បាល​។ ថ្ងៃស្អែក​ឡើង វ៉ា​ត់ មក​សួរ​គាត់​ទៀត ប្ដី​ខ្ញុំ​នៅតែ​ឆ្លើយ​ដដែល​។ ក្រោយមក វ៉ា​ត់ ក៏​ដឹងថា​ប្ដី​ប្រពន្ធ​ខ្ញុំ​មានកូន​១៥​នាក់​នៅក្នុង​បន្ទុក គាត់​មានការ​អាណិតអាសូរ​ដ​ល់​យើង ហើយ​បាន​រាយការណ៍​ប្រាប់​ថ្នាក់លើ​ថា​គាត់​បានសម្លាប់​ប្ដី​ខ្ញុំ​រួចហើយ​។ ប៉ុន្តែ​តាមពិត​គាត់​មិនបាន​សម្លាប់​ទេ​។​
​ ​មួយខែ​ក្រោយមក​មេក្រុម​និង​អ្នក​ដែលមាន​តំណែង​ដទៃទៀត​នៅក្នុង​ភូមិ​ត្រូវ​អង្គការ​សម្លាប់ ហើយ​យើង​ត្រូវ​អង្គ​ការយកទៅ​ដាក់គុក​កោះ​សុ​ក្រំ​។ នៅ​ទីនោះ​មាន​ប្រជាជន​ជិត​៥០​នាក់​។​ឈ្លប​ដែល​ប្រដាប់​ដោយ​កាំភ្លើង​នៅ​យាម​ចាំ​ឃ្លាំមើល​យើង​នៅពេលដែល​យើង​កំពុង​ដាំ​ដុះ​និង​ប្រមូល​ផល​អំពៅ​។ យើង​បាន​គាប​អំពៅ​យក​ទឹក​ទៅធ្វើ​ស្ករ ប៉ុន្តែ​យើង​មិនអាច​ហូប​បានទេ ពីព្រោះ​ទុក​សម្រាប់​អង្គការ​។

ប្អូនស្រី​របស់ បាន សាវឿន ឈ្មោះ បាន សារ៉ន និង​ប្តី​ឈ្មោះ អុល ក្នុងអំឡុង​ឆ្នាំ​១៩៧៥​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​យើង​នៅ​ទីនោះ​ប្រមាណ​ជា​ពីរ​ឆ្នាំ​។​ពេល​មួយ​ខ្ញុំ​យល់​សុបិន​ឃើញ​អគារ​ស៊ីម៉ង់ត៍​មួយ​ដែល​នៅក្បែរនោះ​រលំ​។ ពេលដែល​ជញ្ជាំង​បាក់​មកលើ​ខ្ញុំ ស្រាប់តែ​វា​ឈប់​ទ្រឹង​ទៅវិញ​។ លុះ​ក្រោយមក​ប្រជាជន​មកពី​ភូមិភាគ​និរតី បានមក​ដោះលែង​យើង​ពី​មន្ទីរឃុំឃាំង​។​
​ ​បន្ទាប់ពីនោះ ខ្ញុំ​បាន​យល់​សុបិន​ផ្សេងទៀត​។ ម្ដងនេះ​ខ្ញុំ​យល់​សុបិន​ឃើញ​ទឹង​ជំនន់ ហើយ​ឃើញ​ឡាន​ជាច្រើន​បើក​គេច​ពី​ទឹកជំនន់​។ ថ្ងៃ​បន្ទាប់មកទៀត​កងទ័ព​វៀតណាម​ក៏​មកដល់ ខ្ញុំ​និង​ប្ដី​ខ្ញុំ​បានរ​ត់ទៅ​ខេត្តស្ទឹងត្រែង​។ នៅ​ទីនោះ​មានការ​ប្រយុទ្ធ​គ្នា​នៅតាម​ច្រាំងទន្លេ ធ្វើ​ឲ្យ​ខ្មែរក្រហម​បរាជ័យ​។​
​ ​នៅតាម​ផ្លូវ​មក​ផ្ទះ​ប្ដី​របស់ខ្ញុំ​ត្រូវ​កងទ័ព​វៀតណាម​ចាប់ចង​។ គាត់​ភ័យ​ខ្លាំងណាស់​រហូតដល់​ស្វាយបបូរមាត់​។ បុរស​ម្នាក់​ចំណាំ​ប្ដី​ខ្ញុំ​បាន ក៏​សួរ​កងទ័ព​វៀតណាម​ថា «​ហេតុអ្វី​បានជា​ចាប់ចង​គាត់​ដូច្នេះ​?» គាត់​ជា​កូន​របស់ តា​ឆោម​។ បុរស​នោះបាន​ប្រាប់​ទៅ​កងទ័ព​វៀតណាម​ថា ប្ដី​ខ្ញុំ​ធ្វើស្រែ​ចម្ការ​ទេ ទើប​កងទ័ព​វៀតណាម​ដោះលែង​ប្ដី​របស់ខ្ញុំ​។​


​ ​ពេលដែល​យើង​ត្រឡប់​មកដល់​ភូមិ​វិញ ឪពុកក្មេក​ខ្ញុំ​កំពុងតែ​កាប់ឆ្ការ​ព្រៃ​ហើយ​បាន​ឲ្យ​ដី​មួយកន្លែង​ដល់​យើង​។ ខ្ញុំ​បាន​ក្លាយជា​គ្រូបង្រៀន​ម្នាក់​។ ខ្ញុំ​បាន​រក្សាទុក​រូបថត​ទាំងអស់នេះ​នៅក្នុង​របប​ខ្មែរក្រហម ដោយ​ដាក់​នៅក្នុង​កន្ទេល​កខ្វក់​មួយ ហើយ​កប់​វា​នៅក្នុង​ដី ដែលមាន​ជម្រៅ​ប្រហែលជា​ដប់​សង់ទីម៉ែត្រ​។ ខ្ញុំ​ខ្លាច​តែ​ខ្មែរក្រហម ឬ​នរណាម្នាក់​រកឃើញ​ទេ ព្រោះ​អង្គ​ការចង់​សម្លាប់​ប្ដី​ខ្ញុំ​។
​ ​ក្នុង​រូបថត​នេះ​គឺ​កូន​របស់ខ្ញុំ​បីនាក់​គឺ ចាន់​ឌី​, ចាន់​ដា និង ភ័ណ​នី​។ ខ្ញុំ​មិនដឹងថា ម្នាក់ទៀត​ជា​ខ្ញុំ​ឬ​មិនមែន​ទេ ព្រោះ​ខ្ញុំ​មិន​ចំណាំ​សារុង​នោះ ប៉ុន្តែ​ចំណាំ​កន្លែង​ថត​គឺ​នៅក្បែរ​ទន្លេ​ថ្លុក​ជ្រៅ​។ ប្ដី​ខ្ញុំ​ថត​រូបនេះ​នៅក្នុង​ឆ្នាំ​១៩៧៥ ពេលដែល​យើង​កំពុង​រត់​ចេញពី​ទីក្រុង​ភ្នំពេញ​។ កូនប្រុស​ខ្ញុំ ឯក សិទ្ធី មាន​អាយុ​១៦​ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​សម្លាប់​វា​។ ខ្ញុំ​មិនបាន​ដឹងថា​ហេតុអ្វី​បានជា​ខ្មែរក្រហម​សម្លាប់​វា​ទេ​។​
​ ​ប្អូនស្រី​របស់ខ្ញុំ​ឈ្មោះ សារ៉ន ធ្លាប់​រស់នៅ​ជាមួយ​ឪពុកម្ដាយ​ខ្ញុំ​។ ក្រោយមក​នាង​ក៏​ទៅ​រស់នៅ​ទីក្រុង​ភ្នំពេញ​។ ដោយសារ​ទាហាន លន់ នល់ ចង់​រៀបការ​ជាមួយ​នាង នាង​ក៏​រត់​ចូលក្នុង​ព្រៃ​បាត់ទៅ​។​ក្រោយពេល​ខ្មែរក្រហម​កាន់កាប់​ប្រទេស​កម្ពុជា​ខ្ញុំ​មិនដែល​បានឃើញ​នាង ឬក៏​ប្ដី​នាង​ម្ដងទៀត​សោះ​។ ខ្ញុំ​ឮថា​ប្ដី​នាង និង​នាង​ស្លាប់បាត់​ហើយ​។ មាន​អ្នក​ប្រាប់​ខ្ញុំ​ថា​បង​ប្អូនស្រី​របស់ខ្ញុំ​ត្រូវ​ខ្មែរក្រហម​ទាញ​ទម្លាក់​ពីលើ​ឡាន ហើយ​វាយ​នាង​បាក់ធ្មេញ​អស់​។ មកទល់​ឥឡូវ​ខ្ញុំ​សន្ម​ត់​ថា​នាង​ស្លាប់​ហើយ​។ ខ្ញុំ​តែងតែ​រៀបចំ​សែនព្រេន​ចំណី​ឲ្យ​ព្រលឹង​របស់​នាង​។​


​ ​ប្អូនស្រី​ខ្ញុំ​ឈ្មោះ សាវ៉ាត ត្រូវ​ទាហាន លន់ នល់ ចាប់​ដាក់គុក​នៅ​ព្រៃ​ស​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​ប្រហែល​ឆ្នាំ​១៩៧២ ដោយសារ​នាង​បាន​ប្រឆាំងនឹង​ការបណ្ដេញ​សម្ដេច សីហនុ​។ ខ្ញុំ​បាន​ទៅសួរសុខទុក្ខ​នាង និង​យក​ម្ហូបអាហារ​ឲ្យ​នាង​នៅ​ទីនោះ​។ នាង​បាន​ប្រាប់​ខ្ញុំ​ថា ទាហាន លន់ នល់ បាន​ចោទប្រកាន់​នាង​ថា​ជា​ខ្មែរក្រហម​ដោយ​វាយ​ធ្វើបាប​នាង ចាក់ទឹក​ត្រី​ចូល​មាត់​របស់​នាង ហើយ​វាយបំបាក់​ឆ្អឹងជំនីរ​មួយ​ចំហៀង​របស់​នាង​។ បន្ទាប់ពី​នាង​ត្រូវបាន​ដោះលែង នាង​បាន​មកលេង​ខ្ញុំ​នៅ​ខេត្តក្រចេះ​។ នាង​បាន​ប្រាប់​ខ្ញុំ​ថា​នាង​បាន​រៀបការ​រួចហើយ​។ ខ្ញុំ​មិនបាន​ទទួលដំណឹង​ពី​នាង​តាំងពី​ពេលនោះ​មក​។ មាន​អ្នកផ្សេង​ប្រាប់​ខ្ញុំ​ថា នាង​បាន​ទៅ​តំបន់ភ្នំ​ហើយ​ស្លាប់​នៅ​ទីនោះ ដោយសារ​ឈឺ​ឆ្អឹងជំនីរ ដែល​បាក់​និង​ដោយសារ​ជំងឺ​។​


​ ​សព្វថ្ងៃ ខ្ញុំ​តែងតែ​មើល​រូបថត​ទាំងនេះ​នៅពេលដែល​ខ្ញុំ​នឹង​បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ​។ ខ្ញុំ​បួងសួង​សុំ​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​អ្នក​ទាំងអស់​បាន​ទៅកាន់​សុគតិភព​៕

កូនប្រុស និង​ក្មួយ​ស្រី​របស់ បាន សាវឿន ឈ្មោះ ឯក សិទ្ធី និង ស្រី​ណាក់ ថត​នៅ​ប្រហែល​អំឡុង​ឆ្នាំ​១៩៧៨ នៅ​ខេត្តក្រចេះ​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)
ប្អូនស្រី​របស់ បាន សាវឿន ឈ្មោះ បាន សាវ៉ាត (​រូប​ទី​២​រាប់​ពីស្តាំ​) ថត​នៅ​អំឡុង​ឆ្នាំ​១៩៦០ នៅ​ខេត្តសៀមរាប​។
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)